ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បានជាសះស្បើយ និងរកឃើញឆ្លងថ្មី ១ករណី ដែលជាករណីនាំចូល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ កីឡា - សុខភាព 49
ក្រសួងសុខាភិបាល ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បានជាសះស្បើយ និងរកឃើញឆ្លងថ្មី ១ករណី ដែលជាករណីនាំចូល សកម្មភាពអ្នកដំណើរមកដល់នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង

ក្រសួងសុខាភិបាលបានអោយដឹងនៅព្រឹកថ្ងៃសុក្រ ទី ៩ ខែតុលា ឆ្នាំ ២០២០ នេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ពីការរកឃើញករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន ១នាក់ ដែលជាករណីនាំចូល និងមានអ្នកជាសះស្បើយចំនួន ១នាក់ផងដែរ។

បើតាមក្រសួងសុខាភិបាល អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះគឺជា បុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី ៧ តុលា ២០២០។ បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

រីឯអ្នកដែល បានជាសះស្បើយនោះវិញ គឹជាស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្ដុល ឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) និងដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៨២នាក់ (ស្រី្ត ៥៦នាក់ និងបុរស ២២៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបនៅទូទាំងប្រទេស មានចំនួន ២៧៧នាក់ (ស្រី ៥៥នាក់ និងបុរស ២២២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅរក្សាចំនួន ៥នាក់ដដែល៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុករបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង