លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណដល់វិស័យឯកជនដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពក្នុងសង្គមជាតិ
ក្នុងនាមរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរសារជាថ្មីចំពោះវិស័យឯកជនដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបន្តនិរន្តរភាពក្នុងសង្គមជាតិរបស់យើងទោះបីជាកម្ពុជាកំពុងតែប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការមិនក្ស័យធន និងបិទក្រុមហ៊ុននានារបស់វិស័យឯកជនគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាយើង ហើយបើទោះបីជាមានរោងចក្រខ្លះបិទទ្វារ ប៉ុន្តែក៏នៅតែមានរោងចក្រថ្មីៗបើកទ្វារជាបន្តបន្ទាប់ផងដែរ៕