ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងបង្កើតផ្សារព្រំដែនគំរូពីរបន្ថែមទៀតនៅក្នុងខេត្តស្វា​យរៀង និងខេត្តកំពត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
កម្ពុជា នឹងបង្កើតផ្សារព្រំដែនគំរូពីរបន្ថែមទៀតនៅក្នុងខេត្តស្វា​យរៀង និងខេត្តកំពត កម្ពុជា នឹងបង្កើតផ្សារព្រំដែនគំរូពីរបន្ថែមទៀតនៅក្នុងខេត្តស្វា​យរៀង និងខេត្តកំពត

នៅក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុ ជា-វៀតណាម “ផ្សារសហគមន៍ព្រំដែនគំរូកម្ពុជា” នៅក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យមានការកសាងផ្សារសហគមន៍គំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម អោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញដើម្បីបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀតយកតាមរចនាបថខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយ​រៀង និងខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកាជាតិ។ ទន្ទឹមនឹងនេះដែរ លោក បានស្នើឱ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដី ជួយសម្របសម្រួលឱ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។

លោក ហ៊ុន សែន បានបន្ថែមថា ភាពជោគជ័យរបស់ផ្សារសហគមន៍គំរូនេះ គឺត្រូវការមានការចូលរួមនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តផងដែរ គឺមិនត្រូវបណ្តែតបណ្តោយបង្កើតហើយមិនមើលនោះទេ។ លោក សង្ឃឹមថា នៅពេលកម្ពុជាមានផ្សារសហគមន៍គំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញនាំចេញទៅប្រទេសវៀត ណាមកាន់តែច្រើនដែលនឹងកាន់តែធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះគឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត៕

អត្ថបទទាក់ទង