ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមានវត្តមានសត្វទោចថ្ពាល់លឿងជាង១ពាន់ក្បាល និងស្វាកន្ទុយសជាង២ម៉ឺនក្បាល

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 28
កម្ពុជាមានវត្តមានសត្វទោចថ្ពាល់លឿងជាង១ពាន់ក្បាល និងស្វាកន្ទុយសជាង២ម៉ឺនក្បាល កម្ពុជាមានវត្តមានសត្វទោចថ្ពាល់លឿងជាង១ពាន់ក្បាល និងស្វាកន្ទុយសជាង២ម៉ឺនក្បាល

ក្រុមអ្នកស្រាវជ្រាវ អះអាងថា សត្វស្វាកន្ទុយសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណជាង ២០.០០០ក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឯសត្វទោចថ្ពាល់លឿងមានចំនួន ប្រមាណ១២០០ក្បាល។លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS ប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមអ្នកអង្កេតបាន រកឃើញពពួកពានរទាំងនេះ នៅលើដើមឈើខ្ពស់ៗនៃព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងប្រទេសកម្ពុជា ដោយដែន ជម្រកសត្វព្រៃកែវសីមា គឺជាជម្រកដ៏សំខាន់នៃពួកសត្វស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿង។ លោកមានប្រសាសន៍ថា «ជារឿយៗវាតែងតែហក់លោតពីដើមឈើមួយទៅដើមឈើមួយនៅពេលព្រឹក។ វាបន្លឺសំឡងខ្លាំងៗនៅចន្លោះម៉ោង៥ ទៅ ម៉ោង៧ព្រឹក និងអាចឮ ចម្ងាយពី១ទៅ២គីឡូម៉ែត្រ អាស្រ័យលើស្ថានភាពព្រៃឈើ។ អាហាររបស់វាមានផ្លែឈើ ត្រួយឈើ ផ្កា និងសត្វល្អិត។»

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែន ជម្រកសត្វព្រៃដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែគឺជាតំបន់ការពារធម្មជាតិមានសារសំខាន់ កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនថែមទៀត»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលាឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមាមានសារសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទទៀត ក្នុងនោះប្រភេទសត្វ និង រុក្ខជាតិ ៧៥ប្រភេទ ជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបរិស្ថានបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នា ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែលមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។បើតាមការឱ្យដឹងរបស់ក្រុមអ្នកស្រាវជ្រាវនៃអង្គការWCS និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ន តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។

ឯកឧត្តម នេត្រ ភក្ត្រាឱ្យដឹងថា កាលពីឆ្នាំ២០១៩កន្លងទៅ Jahoo Gibbon Campsដែលជាគម្រោងសហគមន៍អេកូទេសចរណ៍ នៅទីនោះ បានទទួលភ្ញៀវទេសចរចំនួនប្រមាណ៤៥០នាក់ ហើយសហគមន៍បានទទួលចំណូល ប្រមាណ១៧.០០០ដុល្លារ អាមេរិក ៕

អត្ថបទទាក់ទង