ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ អធិបតេយ្យជាតិកម្ពុជា មិនត្រូវរំលោភទាំងទំនើងចិត្តដោយប្រទេសណាមួយឡើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1195
    លិខិតមិត្តអ្នកអាន៖ អធិបតេយ្យជាតិកម្ពុជា មិនត្រូវរំលោភទាំងទំនើងចិត្តដោយប្រទេសណាមួយឡើយលិខិតមិត្តអ្នកអាន៖ អធិបតេយ្យជាតិកម្ពុជា មិនត្រូវរំលោភទាំងទំនើងចិត្តដោយប្រទេសណាមួយឡើយ

    ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងរាស្រ្តខ្លះរបស់សហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងពីចំណាត់ការមួយដ៏ក្រអឺតក្រទម ក្នុងកិច្ចការបរទេសមួយសំដៅដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគិនចិនមួយ ដែលកំពុងរកស៊ីបណ្តាក់ទុននៅកម្ពុជា ដោយចោទប្រកាន់គ្មានមូលដ្ឋានពិតប្រាកដថា បានរំលោភសិទ្ធិមនុស្ស រឹបអូសយកដីពលរដ្ឋ ប្រព្រឹត្តអំពើពុលរលួយ ដែលមានទីតាំងនៅខេត្តកោះកុង ជាពិសេសនឹងត្រូវប្រើប្រាស់ជាទីតាំងយោធារបស់ប្រទេសចិន។

    ចំណាត់ការបែបនេះ វាមិនមានអ្វីប្លែកឡើយបើធៀបក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានលូកលាន់ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅពេលនោះ សហរដ្ឋអាមេរិកបានជួយឲ្យកូនជឹងរបស់ខ្លួន ផ្តួលរំលំរបបសង្គមរាស្រ្តនិយមដឹកនាំដោយសម្តេច នរោត្តម សីហនុ ដោយជោគជ័យ ហើយបានទាញកម្ពុជាឲ្យរអិលធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមអស់ជិតបីទសវត្សរ៍។ តើឯណាទៅជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាក្នុងរដ្ឋអធិបតេយ្យ? តើប្រជាជនកម្ពុជាទាំងមូលសុខចិត្តឱ្យបាត់បង់សុខសន្តិភាពនិងអធិបតេយ្យជាតិរបស់ខ្លួនដោយសារតែការជ្រៀតជែ្រករបស់បរទេសឬយ៉ាង?

    សម្រាប់ប្រជាជនកម្ពុជា សន្តិភាព និងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលត្រូវតែការពារឱ្យបានដាច់ខាតទោះបង់ក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែង សន្តិភាព បានធ្វើប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមបំផុត លើជោគវាសនារបស់ខ្លួនក្នុងដែនអធិបតេយ្យជាក់លាក់ស្របតាមច្បាប់អន្តរជាតិ ហើយមិនត្រូវមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរំលោភបំពានលើឯករាជ្យ និងសិទ្ធិអធិបតេយ្យជាតិរបស់ខ្លួនពីសំណាក់បរទេសណាមួយបានឡើយ រួមទាំងប្រទេសដែលតាំងខ្លួនជាបងធំផង។ អំពើក្នុងអតីតកាលជាមួយនឹងជម្លោះផលប្រយោជន៍ ក្នុងភូមិសាស្រ្តនយោបាយរបស់មហាអំណាចដដែលៗ បានឆ្លៀតយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ធ្វើជាលេសជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសតូចដូចជាប្រទេសកម្ពុជាសារជាថ្មី ដោយមិនបានខ្វល់ពីច្បាប់ សុខសន្តិភាព និងអធិបតេយ្យជាតិរបស់រដ្ឋមួយឡើយ។

    ពេលនេះ ក៏ដូចគ្នា សហរដ្ឋអាមេរិក នៅបន្តប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីរំលោភបំពានលើអធិបតេយ្យកម្ពុជា ដែលពិភពលោកអាចមើលឃើញយ៉ាងជាក់ស្តែង តាមរបៀបស្តង់ដារពីរ ស្របទៅតាមផលប្រយោជន៍របស់ខ្លួន។

    ក្នុងគោលដៅប្រជែងឥទ្ធិពលជាមួយប្រទេសចិន ក្នុងល្បែងភូមិសាស្ត្រនយោបាយក្នុងឥណ្ឌូចិននិងសមុទ្រចិនខាងត្បូង បានក្លាយជាលេសថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក ក្នុងការរំលោភបំពានលើអធិបតេយ្យនិងផលប្រយោជន៍របស់កម្ពុជា។ ជាក់ស្តែង និងតាំងពីដើមរៀងមក កម្ពុជាតែងតែចង់ធ្វើជាមិត្តជាមួយសហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍ស្មើភាព គោរពគ្នាដោយស្មោះត្រង់ ជាពិសេសការគោរពឯករាជ្យភាពអធិបតេយ្យ អព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជា។ ជាងនេះទៅទៀត ដើម្បីសុខសន្តិភាព ការអភិវឌ្ឍ និងការអធិបតេយ្យជាតិរបស់ខ្លួន កម្ពុជា បានតាំងចិត្តដោយចារិកទុកក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួននិងមូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីប្រទេសដទៃដែរ លើកលែងតែក្នុងក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។

    ប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងឥទ្ធិពលគ្នាជាមួយនិងប្រទេស ក៏ប៉ុន្តែសូមកុំអូសកម្ពុជាចូលពាក់ព័ន្ធនឹងជំលោះរបស់ខ្លួនដូចក្នុងអតីតកាលតទៅទៀត។ ហើយកុំព្រោះតែការវិនិយោគរបស់ចិនកើតមាននៅគ្រប់ទីកន្លែងលើពិភពលោក ពិសេសេការវិនិយោគនៅកម្ពុជា ដែលជាទីតាំងភូមិសាស្ត្រនយោបាយផង បានធ្វើឱ្យសហរដ្ឋអាមេរិក បារម្ភរហូតមកបៀតបៀនប្រទេសតូចតាចដូចកម្ពុជាដូច្នេះ។ ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ សហរដ្ឋអាមេរិក បានបំផុសផ្សព្វផ្សាយពាក្យចចាមអារាម និងប្រឌិតព័ត៌មានជាច្រើន វាយប្រហារទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឱ្យទៅជារឿងអសន្តិសុខផ្នែកយោធាក្នុងតំបន់បានកើតមាននៅស្ទើរគ្រប់សារព័ត៌មានធំៗរបស់អាមេរិក ពិសេស សារព័ត៌មាន The Wall Street Journal។ សារព័ត៌មានមួយនេះបានបង្កើតព័ត៌មានក្លែងក្លាយថា ប្រទេសចិន និងកម្ពុជាបានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ ផ្តល់ឲ្យចិននូវកម្មសិទ្ធផ្តាច់មុខប្រើប្រាស់មូលដ្ឋានយោធាជើងទឹករាមនៅខេត្តព្រះ សីហនុ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធទាត់ចោលជារឿយៗ។ នៅពេលនោះ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបជិត១០០នាក់ ចុះទៅពិនិត្យមើលនៅទីតាំងជាក់ស្តែង ដែលអាមេរិកបានចោទប្រកាន់ជុំវិញរឿងទីតាំងមូលដ្ឋានទ័ពចិននៅកម្ពុជា។ ក្រោយការចុះពិនិត្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពិតជាមិនបានរកឃើញអ្វី ដែលជាការសង្ស័យរបស់សារព័ត៌មានសហរដ្ឋអាមេ រិកផ្សាយឡើយ។

    ជាការកត់សម្គាល់ នៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ គឺចិនមិនដែលមានមហិច្ឆិតា ឬបានដាក់នឹមអាណានិគមលើប្រទេសណាមួយឡើយ មានតែការធ្វើជំនួញជាមួយបណ្តាប្រទេសនានាប៉ុណ្ណោះ។ ផ្ទុយមកវិញ គេសង្កេតឃើញសហរដ្ឋអាមេរិក បានដាក់ពង្រាយមូលដ្ឋានយោធារបស់ខ្លួនជាច្រើននៅជុំវិញពិភពលោក ពិសេស គ្រាន់តែនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានដូចជានៅជប៉ុន ហ្វីលីពីន ថៃ…ជាដើម។ល។ តើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកទាំងនេះ មិនមែនជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ទេឬ?

    សម្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិតជាបានយល់ដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានប្រឌិតផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញរឿងមូលដ្ឋានយោធាចិននៅកម្ពុជា ក្នុងចេតនាដ៏អាក្រក់បំផុត ដើម្បីចង់បំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងគោលដៅការពារផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ដែលជាមហិច្ឆតាដ៏ខ្មៅកខ្វក់របស់ខ្លួនតែប៉ុណ្ណោះ។ ហើយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺ គ្រាន់តែជាលេសរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅកម្ពុជា ពិសេស នៅក្នុងតំបន់នេះតែម្តង។

    ក្នុងសារលិខិតមួយចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អស់រយៈពេល៤១ឆ្នាំកន្លងមកនេះ ការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេសបានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស កម្ពុជាបាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ានយោបាយសន្តិសហវិជ្ជមាន អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជ្រោងខ្ពស់ស្មារតីជាតិនិយម ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ក្នុងសារលិខិតដដែលនោះ លោក ហ៊ុន សែន បានបន្តថា សមិទ្ធផលធំធេងអស្ចារ្យដែលកម្ពុជាទទួលបាននេះ មិនដែលទទួលនូវការសាទរ ឬសរសើរពីមហាអំណាច និងប្រទេសលោកខាងលិចខ្លះ ដែលមានរបៀបវារៈ នយោបាយតែមួយគត់ គឺទាញកម្ពុជាឱ្យធ្វើជាឈ្នាន់បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។ លើសពីនេះទៀត ពួកគេមិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សនេះ ជាឧបករណ៍នយោបាយ ឬជាលេសសម្រាប់ការលូកដៃចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត។

    ជារួម ដើម្បីជៀសផុតពីកំហុសអតីតកាលច្រំដែលៗលើការរំលោភអធិបតេយ្យជាតិកម្ពុជា និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាម្តងហើយម្តងទៀត កម្ពុជាគ្រាន់តែទាមទារឱ្យអ្នកនយោបាយ និងរដ្ឋាភិបាលបរទេសទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានទំនាក់ទំនងអន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ ដោយត្រូវគោរពអធិបតេយ្យភាពកម្ពុជា និងជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ដូច្នេះ សម្រាប់កម្ពុជា សន្តិភាពនិងអធិបតេយ្យជាតិ គឺជាកត្តាដ៏មានតម្លៃបំផុត ដែលទោះបីក្នុងតម្លៃណាក៏ដោយក៏ត្រូវតែការពារដាច់ខាតពីការរំលោភបំពានពីខាងក្នុងស្រុក និងខាងក្រៅស្រុក ហើយស្ថានការណ៍បច្ចុប្បន្ននេះ ជាដំណាក់កាលដ៏សំខាន់ និងចាំបាច់ជាងពេលណាៗទាំងអស់ ដែលត្រូវរួមគ្នាការពារសន្តិភាព និងអធិបតេយ្យជាតិ។ ដូច្នេះ កម្ពុជាជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយរដ្ឋាភិបាលមានកាតព្វកិច្ចធម្មានុរូបភាព និងនីត្យានុកូលភាព ក្នុងការអនុវត្តច្បាប់ដើម្បីការពារសន្តិភាព និងអធិបតេយ្យជាតិរបស់ខ្លួនឱ្យបានគង់វង់ដាច់ខាត៕

    ដោយ៖ ឡុង បូរិតា

    អត្ថបទទាក់ទង