ខ្មែរប៉ុស្ដិ៍ Close

    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានរៀបចំការប្រកួតបាល់ទាត់ខេមបូដាខាប់ លើកទី១ ដើម្បីចូលរួមអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច និងការគាំពារពលករខ្មែរនៅប្រទេសថៃ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 753
    ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានរៀបចំការប្រកួតបាល់ទាត់ខេមបូដាខាប់ លើកទី១ ដើម្បីចូលរួមអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច និងការគាំពារពលករខ្មែរនៅប្រទេសថៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានរៀបចំការប្រកួតបាល់ទាត់ខេមបូដាខាប់ លើកទី១ ដើម្បីចូលរួមអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច និងការគាំពារពលករខ្មែរនៅប្រទេសថៃ

    នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានសហការជាមួយក្លឹបបាល់ទាត់ ភូមិចៃអារេណា (Poomjai Arena) បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ Football Cambodia Cup 1 (ខេមបូដាខាប់លើកទី១) សម្រាប់បងប្អូនពលករ និងនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ សិក្សា និងបម្រើការងារនៅក្នុងខេត្តសមុទ្រប្រកាន ដើម្បីជំរុញឲ្យបងប្អូនចេះស្រលាញ់ និងសាមគ្គីគ្នានៅលើទឹកដីថៃ និងជាពិសេស ដើម្បីចូលរួមការអនុវត្តន៍គោលនយោបាយការទូតសេដ្ឋកិច្ច និងការគាំពារពលករខ្មែរនៅប្រទេសថៃ ដែលជាភារកិច្ចចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

    កម្មវិធីប្រកួតប្រដាល់ទាត់នេះ មានបងប្អូនពលករចូលរួមប្រកួតប្រជែងចំនួន ៩ក្រុមមាន៖

    ១. BANGPU United
    ២. Cambodia Warriors FC
    ៣. Pratunam FC
    ៤. Fish Port FC
    ៥. Khemra FC
    ៦. Cambodia Student
    ៧. CP BorBua
    ៨. Siemreap FC
    ៩. Banteay Meanchey FC

    ក្នុងកម្មវិធីប្រកួតនេះ មានអ្នកចូលរួមសរុបប្រមាណ ២០០នាក់ ដោយមានការវាស់កំដៅ ស្កែនចូល (scan QR code) និងអនុវត្តតាមវិធានការសុខាភិបាលមុនចូលទីលានប្រកួត។ លើសពីនេះទៀត ស្ថានទូតបានផ្តល់ពានរង្វាន់ និងទឹកប្រាក់មួយចំនួន ជូនដល់ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ ១ លេខ២ និងលេខ៣ ពានរង្វាន់កីឡាឆ្នើមប្រចាំការប្រកួត និងរង្វាន់ដល់ក្រុមផ្សេងៗទៀត។

    ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរាជទូតក៏បាន ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្រាក់សុខន ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ប្រជាជនខ្មែរយើងទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

    លោកឯកអគ្គរាជទូត ក៏បានណែនាំផងដែរថា ក្នុងស្ថានការណ៍រីករាលដាលជំងឺកូវីដ-១៩នេះ សូមបងប្អូនថែរក្សាសុខភាពអនាម័យអោយបានខ្ជាប់ខ្ជួន លាងដៃនឹងសាប៊ូ ពាក់ម៉ាសពេលចេញទៅកន្លែងសាធារណៈ។

    ជាចុងក្រោម លោកឯកអគ្គរាជទូតសូមកោតសរសើរដល់បងប្អូនពលករ និងសិស្សនិស្សិតទាំងអស់ដែលចូលរួមកម្មវិធីនេះ ដែលបានបញ្ជាក់ឱ្យឃើញច្បាស់ពីស្មារតីខ្មែរស្រលាញ់ខ្មែរ ចេះសាមគ្គីគ្នា ដូចពាក្យស្លោក ”នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ”។