ខ្មែរប៉ុស្ដិ៍ Close

យុទ្ធសាស្រ្តអឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ផ្តោតលើវិស័យអាទិភាពចំនួន ០៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 6

យុទ្ធសាស្រ្ត អឺរ៉ុបស្តីពី កិច្ច សហ ប្រតិបត្តិការអភិវឌ្ឍជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ០៣ ដែលរួមមាន៖

១) កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ

២) កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ដោយផ្តោតសំខាន់លើវិស័យជលផល និង

៣) អភិបាលកិច្ច និងនីតិរដ្ឋ។

លោកជំទាវ ខាមេន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហ ប្រតិបត្តិ ការអន្តរជាតិ នៅ ទីស្តីការ ក្រសួង នាថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហ ប្រតិបត្តិ ការអន្តរជាតិ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅក្នុងជំនួបនោះលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានរំលឹកផងដែរ អំពីសមិទ្ធផលមួយចំនួនក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងកម្ពុជា និងសហភាពអឺរ៉ុប។ ក្នុងចំណោមសមិទ្ធផលទាំងនោះ គឺមានគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅសង្កាត់បាក់ខែង ដែលត្រូវបានទ្រទ្រង់ដោយជំនួយឥតសំណងពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បូករួមនឹងឥណទានពីធនាគារវិនិយោគអឺរ៉ុប ដែលគម្រោងនេះនឹងបង្កើតការងារប្រហែល ១៦,០០០ កន្លែង និងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ដែលកំពុងមានតម្រូវការទឹកស្អាតបំផុត។

ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសមាហរណកម្មអាស៊ាន ជាពិសេសទាក់ទងនឹងបញ្ហាគម្លាតអភិវឌ្ឍន៍រវាងរដ្ឋសមាជិក ការគាំទ្រពីសហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងការធ្វើសមាហរណកម្មចូលទីផ្សារតំបន់ និងខ្សែច្រវាក់តម្លៃ ស្ថានភាពពលករចំណាកស្រុក ស្ថានភាព ទីផ្សារអឺរ៉ុបសម្រាប់អង្ករកម្ពុជា វិស័យទេសចរណ៍ កិច្ចសហការជាមួយវិស័យឯកជន ការបណ្តុះបណ្តាលជំនាញ និងកិច្ចគាំពារសង្គម ការជំរុញការវិនិយោគទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពថា យុទ្ធសាស្រ្តសម្រាប់បញ្ហាខាងលើតម្រូវឱ្យមានការសម្របសម្រួលទៅតាមស្ថានការណ៍នៃការរីករាលដាលនៃជំងឺ-១៩ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ដែលបានអនុវត្តទាំងក្រោមក្របខណ្ឌទ្វេភាគី និងរួមគ្នាជាមួយបណ្តាប្រទេសអឺរ៉ុប និងដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាងពីរទសវត្សន៍កន្លះកន្លងមកនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានសម្តែងការស្វាគមន៍ចំពោះការពិគ្រោះយោបល់បឋមនេះ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍នានារបស់សហភាពអឺរ៉ុប។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញផងដែរនូវការទន្ទឹងរង់ចាំចំពោះការបញ្ចប់នៃយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុប ស្តីពី កិច្ច សហ ប្រតិបត្តិកា រអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧៕

អត្ថបទទាក់ទង