ខ្មែរប៉ុស្ដិ៍ Close

ការចិញ្ចឹមជ្រូកនៅខេត្តព្រះវិហារកំពុងមានសន្ទុះកើនឡើង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ មុខរបរ 44
ការចិញ្ចឹមជ្រូកនៅខេត្តព្រះវិហារកំពុងមានសន្ទុះកើនឡើង ការចិញ្ចឹមជ្រូកនៅខេត្តព្រះវិហារកំពុងមានសន្ទុះកើនឡើង

ការចិញ្ចឹមជ្រូកនៅខេត្តព្រះវិហារកំពុងមានសន្ទុះកើនឡើងដោយសារមានតម្រូវការទីផ្សារ​ និង​ តម្លៃសមរម្យ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏បន្ថែម………… លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលកាត់បន្ថយការនាំចូលសត្វពីក្រៅប្រទេសហើយជំរុញឲ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វក្នុងស្រុកនោះ បានធ្វើឲ្យការចិញ្ចឹមនៅក្នុងស្រុកមានការកើនឡើង ជាក់ស្តែងដូចជាការចិញ្ចឹមជ្រូករបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារកំពុងតែមានការកើនឡើង ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពជូនពួកគាត់។
លោកបន្តថា សព្វថ្ងៃនេះសាច់ជ្រូកមានតម្រូវការច្រើនពីអ្នកបរិភោគ ពិសេសមានតម្លៃថ្លៃនិងងាយស្រួលលក់ចេញធ្វើអោយប្រជាកសិករខិតខំបង្កើនការចិញ្ចឹមច្រើនឡើងថែមទៀត។

សំឡេង៖កសិករចិញ្ចឹមជ្រូកឥលូវយើងឃើញមានផុសផុលមែនទែនកាលមុនជ្រូករស់តម្លៃ ៧០០០រៀល៦៨០០រៀលឬ៧២០០រៀលអីចឹងកាលឆ្នាំទៅ។ប៉ុន្តែឆ្នាំនេះឥលូវយើងឃើញជ្រូករស់លក់បាន១៣០០០រៀល១៣២០០រៀលឬ១៣៤០០រៀលនៅតាមមូលដ្ឋានភូមិឃុំអញ្ចឹងហើយតម្លៃនេះឃើញកសិករចិញ្ចឹមជ្រូកមានប្រាក់ចំណេញ។ចឹងគាត់ចិញ្ចឹមច្រើនមែនទែនទាំងខ្នាតតូចនិងខ្នាតមធ្យមហើយកសិដ្ឋានធំៗក៏គាត់មានបើកបន្ថែមហើយការចិញ្ចឹមលក្ខណ:គ្រួសារបួនដប់ក្បាលក៏មានការចិញ្ចឹមច្រើនដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករនៅខេត្តព្រះវិហារបានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារមានចាប់ពី ១០ក្បាលរហូតដល់៥០ក្បាលដោយឡែក ការចិញ្ចឹមជ្រូកជាលក្ខណ:កសិកដ្ឋានវិញមានចំនួន៧កសិដ្ឋាន ផ្ទុកជ្រូករស់សរុបប្រមាណ១០០០០ក្បាលហើយលក់បានតម្លៃចាប់ពី១៣២០០រៀលទៅ១៣៤០០រៀលក្នុង១គីឡូក្រាម។បើប្រៀបធៀបកាលពីឆ្នាំ២០១៩តម្លៃជ្រូកឆ្នាំ២០២០មានតម្លៃកើនឡើងជាង៥០០០រៀលក្នុង១គីឡូក្រាម៕