ខ្មែរប៉ុស្ដិ៍ Close

    របរចិញ្ចឹមបង្កងកំពុងពេញនិយមពីប្រជាកសិករក្នុងការចិញ្ចឹម ព្រោះរកប្រាក់ចំណូលបានខ្ពស់

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 2780
    របរចិញ្ចឹមបង្កងកំពុងពេញនិយមពីប្រជាកសិករក្នុងការចិញ្ចឹម ព្រោះរកប្រាក់ចំណូលបានខ្ពស់របរចិញ្ចឹមបង្កងកំពុងពេញនិយមពីប្រជាកសិករក្នុងការចិញ្ចឹម ព្រោះរកប្រាក់ចំណូលបានខ្ពស់

    របរចិញ្ចឹមបង្កងកំពុងពេញនិយមពីប្រជាកសិករក្នុងការចិញ្ចឹម ព្រោះរកប្រាក់ចំណូលបានខ្ពស់ ខណៈតម្រូវការទីផ្សារកាន់តែច្រើន ពិសេសបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងបង្កើតការងារជូនពួកគាត់។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែមលោក នង ណារិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែងដែលមានឈ្មោះថា កសិដ្ឋានចិញ្ចឹមបង្កង ចិត្ត ស្រីអូន ដែលមានទីតាំង នៅភូមិចម្ការខ្លី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកបានចាប់យកអាជីពជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាបនេះ អស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយពេលនេះ កំពុងតែកាក់កបខ្លាំង ដោយសារតែបង្កង លក់បានថ្លៃ និង សម្បូរទីផ្សារ ជួយឱ្យជីវភាពគ្រួសារ បានធូរធារ ប្រសើរជាងមុន។

    លោកបន្ថែមទៀតថា កន្លងមកលោកក៏ធ្លាប់សាកល្បងចិញ្ចឹមបង្កងដៃវែងរបស់ខ្មែរយើងដែរប៉ុន្ដែហាក់មានការលំបាកទាំងការភ្ញាស់កូន និងការមើលថែ ទើបធ្វើឲ្យលោកងាកមករកការចិញ្ចឹមបង្កងអូស្រ្ដាលីនេះវិញដែលមានភាពងាយស្រួលក្នុងការបង្កាត់កូន និងការមើលថែពិសេសមានតម្រូវការ ទីផ្សារខ្ពស់ ពេញនិយមពីអតិថិជន។ លោក នង ណារិទ្ធ បានឲ្យដឹងទៀតថា បង្កងអូស្ត្រាលីទឹកសាបនេះ ជាមធ្យម អាច លក់បានក្នុងតម្លៃ ១គីឡូក្រាម ចន្លោះពី ២០ដុល្លារ ទៅ ៣០ដុល្លារ ទៅតាមទំហំរបស់វាតូច ឬ ធំ ប៉ុន្តែសម្រាប់កសិដ្ឋានរបស់លោកពេលនេះ គឺមិនទាន់ចិញ្ចឹមលក់ជាបង្កងសាច់នោះទេ គឺ គាត់ចិញ្ចឹមលក់ជាកូនបង្កង និងបង្កងមេពូជ ដែលកូនបង្កងក្នុង ១ក្បាលលក់បាន ២ពាន់រៀល រីឯបង្កងមេពូជក្នុង ១គូរលក់បានតម្លៃ ៥ ដុល្លារ ។

    សំឡេង៖ «រាល់ថ្ងៃនេះបើនិយាយទៅបង្កង១គីឡូ ៣០ដុល្លារ ប៉ុន្ដែអត់ដែលមានលក់សាច់ទេពីព្រោះ ភ្ញៀវមកទិញកូនអស់ហើយ ១គ្រាប់បាន៤ ពាន់ ៥ពាន់ ១ម៉ឺនអញ្ចឹងណាបាទ ហើយកូនតូចៗហ្នឹង១គ្រាប់បាន២ពាន់រៀល បើគេយកច្រើនទៅនៅសល់ ១ពាន់រៀល ចំពោះមេបាដែលយើងបង្កាត់បានអញ្ចឹង១គូបាន៥ដុល្លារអញ្ចឹងទៅណាបង ពង្រីកតើបងខ្ញុំទិញដីគេបានជិតហ្នឹងទៀតហើយ កំពុងរៀបចំខែប្រាំងហ្នឹងឲ្យបាន២ស្រះបន្ថែមទៀត ។

    លោកក៏បានបញ្ជាក់ថា «បងប្អូនដែលមានប្រាក់ត្រឹម៥០០$ ក៏អាចចាប់ផ្ដើមចិញ្ចឹមបង្កងបានដែរ គឺគ្រាន់តែទិញពូជមកបង្កាត់បន្ទាប់មកយកកូនដែលបានបង្កាត់នោះលក់ដើម្បីបង្កើតចំណូល។ បើបងប្អូនមានស្រះទឹកស្រាប់គឺមិនបាច់ចំណាយដល់៥០០$ទេ គឺត្រឹមតែ២០ម៉ឺនរៀលក៏អាចចាប់ផ្ដើមបានដែរ។ បច្ចុប្បន្ននេះលោកក៏បានបង្រៀនសិស្សជាច្រើននាក់ផងដែរពីបច្ចេកទេសចិញ្ចឹមបង្កងនេះ បើប្រជាកសិករមានចំណាប់អារម្មណ៍អាចមករៀនពីបច្ចេកទេនេះពីគាត់បាន។