ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ « អង្គការខុមហ្វ្រែលអស់លក្ខណ៍ហើយ! »

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 25
លិខិតមិត្តអ្នកអាន៖ « អង្គការខុមហ្វ្រែលអស់លក្ខណ៍ហើយ! » លិខិតមិត្តអ្នកអាន៖ « អង្គការខុមហ្វ្រែលអស់លក្ខណ៍ហើយ! »

ពិតដូចការទាយទុកមែន ! អង្គការ បម្រើបរទេសនិងបំផ្លាញជាតិឯងដូច ខុមហ្វ្រែល (Comfrel) មិនដែលហ៊ានចេញផ្សាយរបាយការណ៍ ស្ទង់មតិណាមួយដែល លទ្ធផលមិនស្របតាមគោលបំណងដែលចៅហ្វាយនាយរបស់ខ្លួនចង់បាននោះឡើយ។ នៅទីបំផុត អង្គការនេះ បានអះអាងថា ការស្ទង់មតិនោះគ្រាន់តែជាការបញ្ចេញមតិរបស់សាធារណជនប៉ុណ្ណោះ ដែលពួកគេមិនយកមកធ្វើជារបាយការណ៍ឡើយ។

សូមបញ្ជាក់ថា អង្គការ Comfrel បានបើកការស្ទង់មតិមួយតាមរយៈ បណ្តាញសង្គមរបស់ខ្លួនដើម្បីចង់ដឹងថា តើការចាប់ខ្លួនលោក រ៉ុង ឈុន ជាការរំលោទសិទ្ធិឬមិនមែន ជាការរំលោភសិទ្ធិមនុស្សទេ? រហូតមកដល់ថ្ងៃបិទការស្ទង់មតិនេះ លទ្ធផលបាន បង្ហាញថា ៧៩% នៃអ្នកចូលទៅឆ្លើយសំណួរបានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើ រ៉ុង ឈុន ជារឿងត្រឹមត្រូវដែលមិនមែនជារឿងរំលោភ សិទ្ធិមនុស្សឡើយ ខណៈដែលមានមតិត្រឹមតែ ២១% ប៉ុណ្ណោះដែលអះអាងថា ការចាប់ខ្លួននេះជាការរំលោភសិទ្ធិមនុស្ស។

គ្រាន់តែឃើញលទ្ធផលបែបនេះភ្លាម នរណាៗក៏អាចដឹងបានរួចជាស្រេចថា អង្គការនេះនឹងផ្អឹបលទ្ធផលនេះទុកមិនយកមកផ្សាយឡើយដោយសារតែជាលទ្ធផលដែលមិនបានបំពេញតាមបំណងចង់បានរបស់ខ្លួននិងចៅហ្វាយរបស់ខ្លួនឡើយ។ គេបានដឹងច្បាស់ថា គោលបំណងនៃការស្ទង់មតិនេះគឺ Comfrel ចង់បានលទ្ធផលអវិជ្ជមានអំពីករណីចាប់ខ្លួន រ៉ុង ឈុន ពោលគឺពួកគេចង់បានលទ្ធផលមួយដែលបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់មិនសប្បាយចិត្តចំពោះការចាប់ខ្លួននេះដោយចាត់ទុកការចាប់ខ្លួន រ៉ុង ឈុន គឺជាការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ ផ្ទុយពីនេះស្រឡះ ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ដែលបានចូលរួមក្នុងការធ្វើប្រជាមតិនេះបានបញ្ចេញទស្សនៈគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលទៅវិញ។

ល្បិចទុច្ចរិតរបស់អង្គការ Comfrel មិនខុសអ្វីពីវិទ្យុអាស៊ីសេរីឡើយ។ វិទ្យុនេះ ធ្លាប់បានធ្វើការស្ទង់មតិតាមបណ្តាញសង្គមរបស់ខ្លួនម្តងដែរ អំពីភាពស្របច្បាប់របស់រាជរដ្ឋាភិបាលនៅក្រោយការបោះឆ្នោតឆ្នាំ ២០១៨។ លទ្ធផលពេលនោះបាន បង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់អះអាងថា គឺជារដ្ឋាភិបាលស្របច្បាប់។ ដោយសារលទ្ធផលនេះមិនស្របតាមអ្វីដែលខ្លួនរំពឹងទុក វិទ្យុអាស៊ីសេរីក៏ផ្អឹបចោលទាំងស្រុងលទ្ធផលស្ទង់មតិនេះ។ នេះហើយចរិតពិតរបស់អង្គការសង្គមស៊ីវិល និងសារព័ត៌មានដែលអួតក្តែងៗថា «ឯករាជ្យ»។

ជារឿយៗ អង្គការ ឬបណ្តាញសារព័ត៌មានបម្រើបរទេសទាំងនេះតែងតែចេញ របាយការណ៍នេះ របាយការណ៍នោះដែលបង្ហាញថា រដ្ឋាភិបាលដឹកនាំមិនល្អ ពលរដ្ឋមិនសប្បាយចិត្ត ហើយក៏នាំគ្នាផ្សាយព្រោងព្រាត។ ប៉ុន្តែ គេមិនដែលដឹងថា តើអង្គការទាំងនោះបានប្រភពព័ត៌មានមកពីណានោះទេ? ជាទូទៅ ពួគគេច្រើនតែអះអាងជារួមៗថា បានធ្វើប្រជាមតិជាមួយប្រជាពលរដ្ឋ ឬកម្មករ កម្មការិនី ចំនួនប៉ុន្មាននាក់តាមដែលគេចង់ដាក់ ប៉ុន្តែពួកគេមិនដែលបង្ហាញភស្តុតាងជាក់ស្តែងអំពីអ្នកដែលពួកគេបានសាកសួរនោះឡើយ ពោលគឺតួរលេខដែលពួកគេយកមកប្រើគឺជាការបន្លំភ្នែកទាំងស្រុងពីព្រោះវាជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បាន។ បើមិនដូច្នេះទេ ពួកគេជ្រើសរើសមនុស្សដែលស្ថិតក្នុងក្រុមប្រឆាំងដូចគ្នាឲ្យមកឆ្លើយដើម្បីស្រង់យកចម្លើយដែលខ្លួនចង់បាន។

ជាក់ស្តែង ថ្មីៗនេះអង្គការលីកាដូ បានចេញរបាយការណ៍ស្តីពី បំណុលដោយសម្ភាសន៍តែកម្មករ កម្មការិនីប៉ុន្មានសិបនាក់ ហើយមិនដឹងថាជាអ្នកណាពិតប្រាកដផង ក៏យកលទ្ធផល នោះមកផ្សាយព្រោងព្រាតដើម្បីបំពុលសង្គម។ ហើយបណ្តាញផ្សាយព័ត៌មានដែលជាដៃជើងរបស់ខ្លួនក៏យករបាយការណ៍ នោះទៅបំពងសំឡេងយ៉ាងអឺងកង។ ប៉ុន្តែ ដល់ពេលអង្គការ Comfrel ស្ទង់មតិដែលមានមនុស្សដល់ទៅជាង ១៣.០០០ នាក់ចូលរួម បែរជាអះអាងថា គ្រាន់តែជាការបញ្ចេញមតិធម្មតាទៅវិញ???

ជាការពិតណាស់ ក្រុមនេះគឺជា ប្រភេទក្រុមមនុស្សសង្គមងងឹតដែលគេបង្កើតឡើងក្នុងគោលបំណងបំពុលសង្គមដើម្បីផ្តួលរំលំរដ្ឋាភិបាលតែប៉ុណ្ណោះ។ ក្រុមនេះយកតែរបាយការណ៍ពីប្រភពងងឹតមកបំភាន់ភ្នែកប្រជាពលរដ្ឋដើម្បីញុះញង់ឲ្យពលរដ្ឋខឹងសម្បាររដ្ឋាភិបាល។

នរណាក៏ដឹងដែរថា អង្គការ Comfrel ដឹកនាំដោយ គល់ បញ្ញា គឺជាស្ថាប័នស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់ក្រុមប្រឆាំងដែលបង្កប់ខ្លួនក្នុងអង្គការសង្គមស៊ីវិល។ កន្លងទៅ អង្គការនេះតែងបង្ករព្យុះភ្លៀងរឿងបោះឆ្នោតនៅកម្ពុជាឥតឈប់ឈរដើម្បីបង្ខូចបង្កាច់លទ្ធផលបោះឆ្នោតនៅពេលដែលក្រុមប្រឆាំងចាញ់។ គេនៅចាំបានថា គឺ Comfrel នេះហើយដែលប្រឌិតរឿងទឹកខ្មៅជ្រលក់ម្រាមដៃលាងជ្រះហើយគឺ Comfrel ដដែលនេះហើយដែលបានបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោតនៅក្រោយពេលក្រុមប្រឆាំងចាញ់ឆ្នោតដើម្បីធ្វើវិទ្ធង្សនានយោបាយក្នុងប្រទេស។

ក្រោយពេលអាជ្ញាធរបកស្បែក មុខ មេដឹកនាំអង្គការនេះឈ្មោះ គល់ បញ្ញា ក៏រត់ទៅក្រៅប្រទេសហើយតាំងពីពេលនោះមក Comfrel ក៍លែងជាអង្គការដែលធ្វើការរឿងបោះឆ្នោតទៀតហើយ តែបានក្លាយជា ស្ថាប័នពហុជំនាញខាងប្រឆាំង និងញុះញង់គ្រប់បញ្ហា។

ជារួម ការមិនយកលទ្ធផលដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ទៅផ្សព្វផ្សាយ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញថាអង្គការនេះមិនបានគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយវាក៏កាន់តែធ្វើឲ្យមហាជនខ្មែរបានមើលឃើញកាន់តែច្បាស់អំពីចរិតពិសពុល របស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ ក៏ដូចជាអង្គការដែលជាគូកនមួយចំនួនទៀតដែលគ្រាន់តែយកឈ្មោះអង្គការសង្គមស៊ីវិល មកបិទបាំងដើម្បីបំរើមហិច្ឆតានយោបាយរបស់ក្រុមប្រឆាំង និងបម្រើឲ្យភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសដែលបានបង្កើតនិងចិញ្ជឹមពួកខ្លួនតែប៉ុណ្ណោះ។

ទោះបីជា Comfrel មិនផ្សាយរបាយការណ៍នោះក៏ដោយ ក៏ប៉ុន្តែមហាជនទូទៅបានដឹងនិងបានឃើញលទ្ធផលនេះរួចអស់ទៅហើយ។ ទង្វើរបស់ Comfrel បែបនេះ ក៏ជាទឡ្ហីករណ៍មួយទៀតដែល បញ្ជាក់ថា ចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលទៅលើបុគ្គលទុច្ចរិតមួយចំនួនដែលជ្រកក្រោមស្លាកសង្គមស៊ីវិលឬសារព័ត៌មាន គឺជារឿងត្រឹមត្រូវ ដូចជាករណី រ៉ុង ឈុន នេះជាដើម។ លទ្ធផលនៃការស្ទង់មតិនេះ ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងអោយពលរដ្ឋខ្មែរបានស្គាល់មុខមាត់និងក្រយ៉ៅពិតប្រាកដ របស់អង្គការសង្គមស៊ីវិល មួយចំនួនដែលតាំងខ្លួនថា «ឯករាជ្យ»។

ម៉្យាងវិញទៀត លទ្ធផលស្ទង់មតិនេះក៏ជាសារមួយយ៉ាងច្បាស់លាស់ថា ពីពេលនេះតទៅ ពលរដ្ឋខ្មែរកាន់តែមានជំនឿចិត្តទៅលើរដ្ឋាភិបាល និងចេះបែងចែករវាងអំពើល្អនិងអំពើអាក្រក់ដោយមិនចាញ់បោកគេងាយៗដូចមុនៗទៀតឡើយ។ សារចុងក្រោយដ៏ច្បាស់លាស់បំផុតមួយទៀតគឺ «អង្គការ Comfrel អស់លក្ខណ៍ត្រឹមមិនព្រមយកលទ្ធផលស្ទង់មតិនេះមកធ្វើជារបាយការណ៍របស់ខ្លួនឡើយ»

ដោយ : អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង