ទស្សនៈមិត្តអ្នកអាន៖ តើតម្លៃពិតរបស់លោក រ៉ុង ឈុន គឺជាអ្វី?
ដោយតាំងខ្លួនឯងថាជាតំណាងសង្គមស៊ីវិលឯករាជ្យ លោក រ៉ុង ឈុន ម្តងហើយម្តងទៀតបានព្យាយាមធ្វើសកម្មភាពផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាលយ៉ាងងងើល។ មាត្រា២៤នៃច្បាប់នេះចែងថា «អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា»។ ផ្ទុយទៅវិញ ក្នុងនាមខ្លួនជាប្រធានអង្គការសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន បែរជាបានធ្វើសកម្មភាព និងប្រព្រឹត្តិផ្ទុយពីច្បាប់ដែលបានចែងទៅវិញ។ មិនតែប៉ុណ្ណោះ ក្នុងនាមខ្លួនជាសង្គមស៊ីវិល ឬជាសមាគមមិនមែនរដ្ឋាភិបាល លោក រ៉ុង ឈុន បែរជាបាននិងកំពុងធ្វើសកម្មភាព និងលូកដៃចូលយ៉ាងជ្រៅជាមួយអតីតគណបក្សនយោបាយដែលត្រូវបានតុលាការកំពូលរំលាយចោលនោះថែមទៀត។
ការដាក់លិខិតស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅនេះ របស់លោក រ៉ុង ឈុន និងសមាគម៣ផ្សេងទៀតដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនដោយលើកឡើងថា ប្រទេសកម្ពុជាកំពុងមានវិបត្តិនយោបាយ ក្នុងបំណងស្នើឱ្យមានការសម្របសម្រួលនយោបាយពីព្រះមហាក្សត្ររវាងភាគីគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សប្រឆាំងដែលត្រូវបានរំលាយបាត់ទៅហើយដោយតុលាការកំពូលនៅពេលនោះ គឺជារឿងដែលមិនសមស្របទាល់តែសោះ ព្រោះសំណើនេះបានបង្កប់នូវឧបាយកលដែលមានចរិតចាត់ទុកអង្គព្រះមហាក្សត្រជាចំណាប់ខ្មាំងខាងនយោបាយ និងជាការដាក់សម្ពាធចំពោះព្រះអង្គយ៉ាងពិតប្រាកដ ដោយហេតុថា ព្រះមហាក្សត្រព្រះអង្គទ្រង់គ្រងរាជ្យ តែទ្រង់មិនកាន់អំណាច និងពាក់ព័ន្ធក្នុងរឿងនយោបាយឡើយ។
ជាការពិត នៅកម្ពុជាពុំមានវិបត្តិនយោបាយដូចការចោទប្រកាន់របស់លោក រ៉ុង ឈុន និងក្រុមដែលមាននិន្នាការប្រឆាំងមួយចំនួនតូចនោះទេ។ ការលើកឡើងបែបនេះគឺជាការប្រមាថ និងបោកប្រាស់ចំពោះព្រះអង្គយ៉ាងធ្ងន់ធ្ងរ។ គឺមានតែអ្នកនយោបាយដែលកំពុងរត់ចោលស្រុកទេដែលកំពុងមានវិបត្តិនៅផ្ទៃក្នុងក្រុមរបស់ខ្លួន។ ចេតនានៃលិខិតស្នើសុំរបស់លោក រ៉ុង ឈុន គឺចង់ទម្លាក់បន្ទុកនៃបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសដែលជាទោសក្បត់ជាតិ របស់អតីតគណបក្សប្រឆាំងមកលើអង្គព្រះមហាក្សត្រឱ្យមកពាក់ព័ន្ធដើម្បីជួយប្រោះអតីតគណបក្សប្រឆាំងឱ្យរស់ឡើងវិញ។ ក្នុងន័យនេះ ប្រសិនបើព្រះមហាក្សត្រទ្រង់ទទួលយកសំណើនេះទៅដោះស្រាយ គឺពួកគេនឹងរុញព្រះមហាក្សត្រឱ្យរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ ប៉ុន្តែ ប្រសិនបើព្រះមហាក្សត្រទ្រង់មិនដោះស្រាយពួកគេនឹងចោទព្រះអង្គថាអសមត្ថភាពគ្រប់គ្រងនគរ ដូច្នេះ រឿងនេះគឺចេតនាអាក្រក់ដែលសមត្ថកិច្ចមិនគួរអត់ឱនឱ្យលោក រ៉ុង ឈុន និងបក្ខពួករួចខ្លួននោះឡើយ។
ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល លោក រ៉ុង ឈុន គឺត្រូវមានឯករាជ្យភាព ដោយមិនត្រូវពាក់ព័ន្ធជាមួយបញ្ហានយោបាយដូចការស្នើសុំរបស់ខ្លួនឱ្យមានការដោះលែងទណ្ឌិត ឬលើកលែងការចោទប្រកាន់របស់តុលាការកំពូលក្នុងការរំលាយអតីតគណបក្សប្រឆាំងឡើយ។ ជាការសង្កេតនូវសកម្មភាពរបស់លោក រ៉ុង ឈុន ទាំងអតីតភាព និងបច្ចុប្បន្នភាពគឺបានបង្ហាញកាន់តែច្បាស់ថា បុគ្គលរូបនេះគឺជាមន្ត្រីរបស់អតីតគណបក្សប្រឆាំងយ៉ាងពិតប្រាកដ ប៉ុន្តែ គាត់ធ្វើសកម្មភាពលាក់កំបាំងមុខជាអង្គការក្រៅរដ្ឋាភិបាលទៅវិញ។ គេនៅចាំបានថា លោក រ៉ុង ឈុន គឺជាសមាជិក គ.ជ.ប ដែលជ្រើសរើសចេញពីអតីតបក្សប្រឆាំង ហើយក្រោយពេលដែលតុលាការកំពូលសម្រេចរំលាយអតីតគណបក្សប្រឆាំងមក លោក រ៉ុង ឈុន ក៏បានលាលែងតំណែងផងដែរ ដែលចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថា លោក រ៉ុង ឈុន មិនមែនជាបុគ្គលឯករាជ្យនោះទេ។ ជាងនេះទៀត តាមប្រភពផ្ទៃក្នុងពីមន្ត្រី គ.ជ.ប បានឱ្យដឹងថា ក្រោយពីការលាលែងរបស់លោក រ៉ុង ឈុន នៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់គាត់ដែលបានប្រើប្រាស់នៅក្នុងការិយាល័យ គ.ជ.ប គឺមានផ្ទុកសុទ្ធតែឯកសារកិច្ចការរបស់អតីតគណបក្សប្រឆាំង ដែលបង្ហាញពីផែនការការងាររបស់គណបក្សនេះ។ ឯកសារថ្មីៗនេះទៀត គេឃើញវត្តមានរបស់លោក រ៉ុង ឈុន បានចូលរួមនៅក្នុងវេទិកាជាច្រើនរបស់មេឧទ្ទាមក្រៅច្បាប់នៅឯបរទេស ដែលចំណុចនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់ថា គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបម្រើឱ្យគណបក្សនយោបាយ ដែលផ្ទុយពីច្បាប់ទាំងស្រុង។
សូមរំឮកថា ការរំលាយអតីតបក្សប្រឆាំងដោយតុលាការកំពូល គឺដោយសារតែអតីតគណបក្សប្រឆាំងមានមេដឹកនាំ និងកូនចៅ ដែលដណ្តើមអំណាចគ្នានៅផ្ទៃក្នុងបក្ស ដែលរឿងនេះគឺជាចំណុចផ្តើមនៃការបែកធ្លាយនូវវីដេអូសារភាពអំពីផែនការដ៏អាក្រក់របស់លោក កឹម សុខា ក្នុងការរៀបចំផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។ ចំណាត់ការនេះគឺជាការអនុវត្តនូវវិធានការច្បាប់ចំពោះគណបក្សនយោបាយដែលបានឃុបឃិតជាមួយបរទេស ដែលផ្ទុយពីច្បាប់គណបក្សនយោបាយ ហើយអ្នកចូលរួមជឿតាមការញុះញង់ និងអូសទាញមនុស្សឱ្យមកតវ៉ាគឺជាចេតនាប្រឆាំងនឹងសាលដីការបស់តុលាការកំពូល អាចត្រូវមានទោស។ដូច្នេះ ការដាក់លិខិតស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្ររបស់លោក រ៉ុង ឈុន គឺគ្មានតម្លៃសម្រាប់ការពិចារណានោះទេ។
បច្ចុប្បន្ននៅកម្ពុជាគ្មានវិបត្តិនយោបាយដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ។ ប្រជាពលរដ្ឋ ទាំងនៅទីក្រុង និងជនបទ បាននិងកំពុងខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតទាំងការងារធ្វើកសិកម្មនិងការរកស៊ីជួញដូរគ្រប់ប្រភេទប្រកបដោយក្តីមោទនៈ និងរស់នៅក្នុងសុខសន្តិភាព។ ចំណែកមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅតែបន្តរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរុងរឿង។
ជារួម បើសកម្មភាពរបស់លោក រ៉ុង ឈុន និងសមាគមដែលជាបក្ខពួកមានលក្ខណៈជាកូនជឹងបម្រើឱ្យគណបក្សនយោបាយប្រឆាំងដែលត្រូវតុលាការកំពូលរំលាយបែបនេះ ហើយការដាក់លិខិតស្នើសុំរបស់ក្រុមខ្លួនបង្កប់នូវឧបាយកលដ៏ពិសពុលក្នុងការចាប់អង្គព្រះមហាក្ស ធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ក្រុមខ្លួនបែបនេះ តើតម្លៃពិតរបស់លោក រ៉ុង ឈុន គួរត្រូវបានសមត្ថកិច្ចចាត់វិធានការក្នុងបទប្រមាថអង្គព្រះមហាក្សត្រដែរឬទេ?
ដោយ៖ ពង្ស សុក្រឹត្យ