ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាពដ៏សំខាន់សម្រាប់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 24
លោក ទៀ បាញ់៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាពដ៏សំខាន់សម្រាប់កម្ពុជា លោក ទៀ បាញ់៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាពដ៏សំខាន់សម្រាប់កម្ពុជា

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា កម្រិតបរិញ្ញាបត្រ ជំនាន់ទី៣ ជំនាញបច្ចេកទេសយោធាកម្រិតមធ្យម ជំនាន់ទី៨ ជំនាញគីមីសាស្ត្រកម្រិតមធ្យម ជំនាន់ទី២ជំនាញបច្ចេកទេសយោធាកម្រិតបឋម ជំនាន់ទី១០ ទី១១ ជំនាញសេនាធិការបច្ចេកទេស ជំនាន់ទី១១ ជំនាញបើកបរជួសជុលរថយន្ត ជំនាន់ទី១៦ និងពិធីបើកវគ្គជំនាញ បច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រ ជំនាន់ទី៦ ជំនាញបច្ចេកទេសយោធាកម្រិតមធ្យមជំនាន់ទី១២ជំនាញគីមីសាស្ត្រកម្រិតមធ្យម ជំនាន់ទី៣, ជំនាញនាយទាហានសេនាធិការបច្ចេកទេសជំនាន់ទី១២ និងជំនាញបើកបរជួសជុលរថយន្តជំនាន់ទី១៧ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន (ទន្លេកាទីល ខេត្តកំពង់ស្ពឺ)។

ថ្លែងក្នុងពិធីបិទនិងបើកវគ្គ វិទ្យាស្ថានបច្ចេកទេសយោធាតាជោ ឱកាសនោះ លោក ទៀ បាញ់ បានអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ លោក បានអបអរសាទរ និងកោតសរសើរនូវសមិទ្ធផល និងស្នាដៃការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក របស់នាយទាហាន យោធាចារ្យ នៃវិទ្យាស្ថានបច្ចេកទេសយោធាសម្តេចតេជោ ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ពុះពារបំពេញភារកិច្ចរបស់ខ្លួន មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយការពារជាតិ និងការកែទម្រង់យ៉ាងស៊ីជំរៅរបស់ ខ.ភ.ម ដែលបានដាក់ចេញលើវិស័យហ្វឹកហ្វឺននិងបណ្តុះបណ្តាល។

លោក ទៀ បាញ់ បានបញ្ជាក់ថា ក្រសួងការពារជាតិ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងអភិវឌ្ឍធនធានមនុស្សដល់យោធិនគ្រប់រូប ឲ្យមានសមត្ថភាព ជំនាញបច្ចេកទេសលើគ្រប់វិស័យ ទាំងចំណេះដឹងចំណេះធ្វើឲ្យស្របតាមបច្ចេកវិទ្យាវិវត្តន៍រីកចម្រើនថ្មីៗនាពេលបច្ចុប្បន្ន និងទៅអនាគតតាមរយៈការបណ្តុះបណ្តាល ហ្វឹកហ្វឺននាយទាហាន នាយទាហានរង សិក្ខាកាមនៅក្នុងនិងក្រៅប្រទេស និងរៀបចំលំហាត់ហ្វឹហ្វឺនរួមគ្នាជាមួយប្រទេសជាមិត្ត សំដៅពង្រឹងវិន័យកងទ័ព កាយសម្បទារ អប់រំដល់នាយទាហានវ័យក្មេងឲ្យមានវិជ្ជាជីវៈ សីលធម៌ គុណធម៌ និងឆន្ទៈស្នេហាជាតិខ្ពស់ សម្រាប់បន្តវេននាពេលអនាគត។

ក្រសួងការពារជាតិ នៅតែចាត់ទុកថា ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន គឺជាអាទិភាពសំខាន់បំផុតសម្រាប់លើកកម្ពស់សមត្ថភាពធនធានមនុស្ស សម្រាប់វិស័យការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងចូលរួមយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្នុងកិច្ចការពារសុខ សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងលើកមុខមាត់ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

លោក ទៀ បាញ់ បានបន្តថា បច្ចុប្បន្នការរីកចម្រើនបច្ចេកវិទ្យាយោធា បានជំរុញល្បឿន និងជម្រៅស្វ័យប្រវត្តិកម្មយ៉ាងលឿន គួរឲ្យកក់សម្គាល់។ កត្តាទាំងនោះ ទើបរាជរដ្ឋាភិបាល នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាពដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។ ប្រការទាំងនេះ ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហានយោធាចារ្យសិក្ខាកាមនាពេលនេះគឺជាតម្រូវការចាំបាច់របស់ ខ.ភ.ម ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការនាយទាហានបន្តវេន ដែលជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដើម្បីបង្កលក្ខណៈឲ្យប្រជាជនរស់នៅដោយសុខសាន្តនិងសុវត្ថិភាពទាំងក្នុងពេលចំពោះមុខនិងសម្រាប់អនាគត៕

អត្ថបទទាក់ទង