ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ណែនាំដល់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តឲ្យជោគជ័យក្នុងឱកាសពលរដ្ឋឈប់សម្រាកសង៥ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
ក្រសួងទេសចរណ៍ ណែនាំដល់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តឲ្យជោគជ័យក្នុងឱកាសពលរដ្ឋឈប់សម្រាកសង៥ថ្ងៃ ក្រសួងទេសចរណ៍ ណែនាំដល់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តឲ្យជោគជ័យក្នុងឱកាសពលរដ្ឋឈប់សម្រាកសង៥ថ្ងៃ

ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសធានាបាននូវការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ នាឱកាសឈប់សម្រាកជំនួស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំចំនួន៥ចំណុច ដើម្បីឱ្យគ្រប់មន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត អនុវត្តន៍ឱ្យទទួលបានជោគជ័យ។

នៅក្នុងសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ ដែលផ្តោតលើ៥ចំណុចរួមមាន៖
ទី១៖ បន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង០៦ ឱ្យបានហ្មត់ចត់ដែលរួមមាន៖ វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មដឹកជញ្ជូនផ្លូវទឹក, វិធានសុវត្ថិភាព ទេសចរណ៍ សម្រាប់សេវា កម្មដឹកជញ្ជូនផ្លូវគោក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍។

ទី២៖ បន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយ វិធានសុវត្ថិភាពទេសចរណ៍ខាងលើ ដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្ម និងនៅតាមគោលដៅ ទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្ត។

ទី៣៖ ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ពង្រឹងគុណភាព សេវាកម្ម និងផលិតផលទេសចរណ៍ ដោយអនុលោមតាមវិធាន សុវត្ថិភាពទេសចរណ៍ និងគោលការណ៍ណែនាំពីក្រសួងសុខាភិបាល ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ព្រមជាមួយនឹងការលើកកម្ពស់អនាម័យម្ហូបអាហារបរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្មអោយបានសមរម្យ។
ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រងគោលដៅទេសចរណ៍ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងទីចំណតជូនភ្ញៀវទេសចរ ឱ្យបានល្អប្រសើរ។

ទី៥៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើការពិនិត្យ និងគ្រប់គ្រងកន្លែងដែលងាយគ្រោះថ្នាក់ នៅតាមកន្លែង កម្សាន្តនានា និងតាមតំបន់ឆ្នេរសមុទ្រ និងត្រូវរៀបចំក្រុមការងារ សម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍នីមួយៗឱ្យបានល្អ៕

សូមអានសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ខាងក្រោម៖

អត្ថបទទាក់ទង