ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ការចោទប្រកាន់ថា កម្ពុជាបិទសិទ្ធិធ្វើពិធីសាសនា គឺជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 54
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ការចោទប្រកាន់ថា កម្ពុជាបិទសិទ្ធិធ្វើពិធីសាសនា គឺជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ ការចោទប្រកាន់ថា កម្ពុជាបិទសិទ្ធិធ្វើពិធីសាសនា គឺជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកការផ្សាយរិះគន់ចោទថា កម្ពុជាបំបិទសិទ្ធិសេរីភាព ក្នុងការធ្វើពិធីសាសនា គឺជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ។

ការឆ្លើយតបរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះមកនេះ មានវិទ្យុបរទេសដែលនិយាយភាសាខ្មែរ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានលើកឡើងនូវបទអត្ថាធិប្បាយ ឬការវិភាគពាក់ព័ន្ធនឹងការចោទប្រកាន់ និងការវាយតម្លៃដល់អាជ្ញាធរកម្ពុជាថា ធ្វើការកៀបសង្កត់ និងបិទសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការជួបជុំប្រារព្ធពិធីសាសនាផ្សេងៗ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «យើងខ្ញុំមើលឃើញថា ការវិភាគវាយតម្លៃរបៀបនេះ គឺជាការវិភាគចេញពីទស្សនៈប្រកបដោយទុទិដ្ឋិនិយម ខ្មៅងងឹត និងធ្វើឲ្យមានភាពជ្រួលច្របល់ បំពុលបរិយាកាសសង្គម និងធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់សាធារណជន និងប្រជាពលរដ្ឋខ្មែរ»។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ចំពោះការចោទប្រកាន់ខាងលើនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានផ្អែកទៅលើទិដ្ឋភាពច្បាប់ និងមិនផ្អែកទៅលើស្ថានភាពជាក់ស្តែងនោះឡើយ ដោយមានហេតុផល៣យ៉ាងគឺ៖

ទី១៖ កើតចេញពីអ្នកសារព័ត៍មាន និងអ្នកវិភាគ ដែលពុំមានប្រភពព័ត៍មានច្បាស់លាស់ គឺគ្រាន់តែផ្សាយបន្តចំពោះព័ត៍មានអកុសលតៗគ្នា ដោយពុំបានធ្វើការស្រាវជ្រាវឲ្យបានច្បាស់អំពីប្រភពព័ត៍មានពិត។
ទី២៖ អ្នកព័ត៍មាន និងវិទ្យុបរទេសនិយាយភាសាខ្មែរមួយចំនួន ធ្វើការវិភាគដើម្បីបម្រើឲ្យនយោបាយប្រឆាំងនិងរដ្ឋាភិបាលកម្ពុជា។
និងទី៣៖ គឺអ្នកវិភាគដែលមានគំនុំជាមួយប្រទេសជាតិរបស់ខ្លួន អ្នកវិភាគមួយចំនួនទៀត គឺមានគំនុំជាមួយប្រទេសចាតិរបស់ខ្លួន ដោយសារពួកគេបានរត់គេចចេញពីសំណាញ់ច្បាប់ ហើយមានកំហឹងចំពោះរដ្ឋាភិបាល ហេតុនេះពួកគេ រិះរកវិធីបញ្ចេញនូវកំហឹងដោយធ្វើការវាយបកប្រឆាំងជាមួយរដ្ឋាភិបាលវិញ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបិទសិទ្ធិធ្វើពិធីសាសនានេះដែរ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាង ការរៀបចំពិធីសាសនាផ្សេងៗគ្មានច្បាប់ណាហាមឃាត់ទេ ក៏លោកបានបកស្រាយ៣ចំណុចត្រឡប់ទៅវិញដូចតទៅ៖

* ទី១៖ ក្នុងបរិបទដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ប្រឆាំងនឹងវីរុសកូវីដ-១៩ កម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះ ឬក៏ខិតខំបង្ការទប់ស្កាត់ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ វិធានការសុខាភិបាល គឺជាភាពចាំបាច់ត្រូវតែអនុវត្ត ដោយត្រូវអនុវត្តតាមគោលការណ៍គម្លាតសង្គម។ ដូច្នេះការជួបជុំក្នុងទ្រង់ទ្រាយធំ ត្រូវបានហាមឃាត់។

* ទី២៖ ជាធម្មតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ការរៀបចំពិធីបុណ្យ តែងតែធ្វើឡើងនៅតាមវត្តអារាម ឬក៏នៅក្នុងសាមីផ្ទះម្ចាស់បុណ្យ ហើយគេក៏មិនដែលរៀបចំនៅតាមទីផ្សារ ហាង និងតាមផ្លូវសាធារណៈដែរ ឬរៀបចំតាមកន្លែងនានា ដែលមិនមែនជាសាមីផ្ទះនៃម្ចាស់ដើមបុណ្យនោះឡើយ។

* ទី៣៖ ប្រសិនបើធ្វើពិធីនោះ ក៏ត្រូវមានការអនុញ្ញាតពីអាជ្ញាធរនៅមូលដ្ឋាន មានន័យថា បើសិនចង់ធ្វើនៅទីសាធារណៈ កន្លែងណាផ្សេងក្រៅពីវត្តអារាម ក្រៅពីផ្ទះនៃសាមីបុណ្យសពនេះ ជាចាំបាច់ត្រូវសុំច្បាប់ពីអាជ្ញាធរ ដោយនេះជាច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។ បន្ថែមលើនេះ ត្រូវសុំការអនុញ្ញាតពីម្ចាស់ទីតាំងគោលដៅទៀតផង បើទីនោះមានម្ចាស់គ្រប់គ្រង ឬជាកន្លែងកម្មសិទ្ធិឯកជន៕

អត្ថបទទាក់ទង