ខ្មែរប៉ុស្ដិ៍ Close

អស់បារម្ភហើយសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដែលជួបបញ្ហាផ្សេងៗចង់ដាក់ពាក្យបណ្តឹង គឺមាននីតិវិធីណែនាំច្បាស់លាស់

ដោយ៖ Sreyleak ​​ | ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 202
អស់បារម្ភហើយសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដែលជួបបញ្ហាផ្សេងៗចង់ដាក់ពាក្យបណ្តឹង គឺមាននីតិវិធីណែនាំច្បាស់លាស់ អស់បារម្ភហើយសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដែលជួបបញ្ហាផ្សេងៗចង់ដាក់ពាក្យបណ្តឹង គឺមាននីតិវិធីណែនាំច្បាស់លាស់

អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្ដីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនបរទេស ដែលបានដាក់ចេញនូវគំរូឯកសារស្ដីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹងសម្រាប់ភ្ញៀវ ទេសចរ និងអ្នកវិនិយោគិនបរទេស ដែលក្នុងនោះរួមមាន ការងារទទួលពាក្យបណ្ដឹង ការងារដោះស្រាយពាក្យបណ្ដឹង សិទ្ធិក្នុងការចេញលិខិតបញ្ជាក់ទទួលស្គាល់ពាក្យបណ្ដឹងនិងលិខិតបដិសេធពាក្យបណ្ដឹង និងបែបបទសម្រាប់ភ្ញៀវទេសចរនិងអ្នកវិនិយោគិនបរទេស។

យោងតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងតំបន់និងពិភពលោក ការដាក់ចេញនូវនយោបាយបទចំហរជើងមេឃ គួបផ្សំជាមួយនយោបាយទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាលជាពិសេសការធានាសុវត្ថិភាពដល់ជនគ្រប់រូបដែលមានវត្តមាននៅកម្ពុជា បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាពនៅក្នុងតំបន់ដោយបានធ្វើឲ្យភ្ញៀវទេសចរបរទេសមានកំណើនជាលំដាប់ជារៀងរបស់ឆ្នាំ។

រយៈពេលកន្លងមក កងកម្លាំងនគរបាលជាតិ បានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម និងទទួលលទ្ធផលយ៉ាងល្អប្រសើរក្នុងកិច្ចការពារសុវត្ថិភាពជូនភ្ញៀវទេសចរនិងអ្នកវិនិយោគិនបរទេសដែលបានធ្វើឲ្យភ្ញៀវទេសចរជាច្រើនលើសលប់កោតសរសើរចំពោះការយកចិត្តទុកដាក់ទាំងនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មានភ្ញៀវទេសចរមួយចំនួនតូច បានទទួលរងគ្រោះដោយសារហេតុការណ៍ឬឧប្បតិ្តហេតុចៃដន្យផ្សេងៗដែលទាមទារឲ្យសមត្ថកិច្ចនគរបាលជួយដោះស្រាយនិងសង្គ្រោះបានទាន់ពេលវេលា។

ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការកំណត់ហេតុការណ៍ ឬឧប្បត្តិហេតុទាំងនោះ អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវគំរូឯកសារស្ដីពីបែបបទ នីតិវិធី នៃការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹងសម្រាប់ភ្ញៀវ ទេសចរ និងអ្នកវិនិយោគិនបរទេស សំដៅធានាដោះស្រាយបញ្ហាអសកម្មនានា ក៏ដូចជាការជួយសង្គ្រោះបានទាន់ពេលវេលា៕

 

អត្ថបទទាក់ទង