ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ជម្រុញឱ្យគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ចងក្រងជាសហគមន៍តែមួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 60
ក្រសួងការងារ ជម្រុញឱ្យគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ចងក្រងជាសហគមន៍តែមួយ ក្រសួងការងារ ជម្រុញឱ្យគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ចងក្រងជាសហគមន៍តែមួយ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ចងក្រងជាសហគមន៍តែមួយ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើននៃបរិបទឧស្សាហកម្ម ៤.០។

លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យសមាគមមានការឯកភាពគ្នា ដើម្បីអាចសហការគ្នាប្រមូលគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ មកជាក្រុមតែមួយ ដោយកៀគរលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ទាំងរដ្ឋ និងឯកជន ដែលលោកបានចូលនិវត្តន៍ ពោរពេញដោយបទពិសោធន៍ល្អៗ មកជួយតម្រែតម្រង់បន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ថ្លែងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការងារ លោក ពេជ សោភ័ន បញ្ជាក់ថា ការចងក្រងជាសហគមតែមួយនៅក្នុងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈនេះ ដើម្បីធ្វើទំនើបកម្ម តាមបែបប្រព័ន្ធឌីជីថល តាមរយៈការអប់រំ បណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ និងជាឧបករណ៍ក្នុងការប្រមែប្រមូលធនធានមនុស្សឱ្យមកជុំគ្នា។

លោកបានណែនាំឱ្យសមាគម បន្តពង្រឹងសមត្ថភាពបង្រៀន និងរៀនតាមប្រព័ន្ធឌីជីថលនេះឱ្យបានខ្លាំងក្លាបន្ថែមទៀត តាមការវិវឌ្ឍរបស់បច្ចេកវិទ្យាពិភពលោក ដើម្បីធានាបានការប្រកួតប្រជែងសមត្ថភាពទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

លោក ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថា ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) ចំនួន៩ បានព្រមព្រៀងគ្នាបង្កើតសមាគមនេះឡើង និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងគោលបំណងសម្របសម្រួលកិច្ចការបណ្តុះបណ្តាលរបស់គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា។ ហើយបើគិតមកដល់ពេលនេះ សមាគមទើបតែមានអាយុជាង ១ឆ្នាំ ប៉ុន្ដែសមាគមមានបំណងធ្វើការជាច្រើនអំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គម។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់ទុកថា វិទ្យាសា្ថនអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ពិតជាបានដើរតួនាទីសំខាន់ណាស់ និងជាដៃគូមិនអាចខ្វះបានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ដែលរហូតមកដល់ពេលនេះ មានធនធានមនុស្សជាច្រើន បានកើតចេញពីវិទ្យាស្ថានក្នុងប្រទេសកម្ពុជា ជាពិសេសបានបង្ហាញនូវលទ្ធផលជាក់ស្តែងទាំងបរិមាណ និងគុណភាព៕

អត្ថបទទាក់ទង