ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ៖ «វិធានការប្រឆាំងនឹងការក្លែងព័ត៌មាន ពុំមែនជាការរិតត្បិតសេរីភាពទេ»
(FN): ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសន្និដ្ឋានមិនត្រឹមត្រូវ និងបង្កឱ្យមានការភាន់ច្រទ្បំ របស់លោក David Kaye អ្នករាយការណ៍ពិសេសស្តីពីសេរីភាពនៃការបញ្ចេញមតិ (ហៅកាត់ថា អ្នករាយការណ៍ពិសេស) ពាក់ព័ន្ធនឹងការឆ្លើយតបចំពោះមេរោគកូវីដ-១៩ របស់កម្ពុជា ដែលបានដាក់បញ្ចូលនូវគោលការណ៍សិទ្ធិមនុស្ស។
តំណាងអចិន្រ្តៃយ៍កម្ពុជា បានចាត់ទុកថា អ្នករាយការណ៍ពិសេសហាក់មិនត្រឹមតែពុំបានថ្កោលទោសការក្លែងព័ត៌មាន និងព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបានលើកទឹកចិត្តឱ្យបន្តមាន «លំហូរព័ត៌មានដោយសេរី» ដែលរួមទាំងព័ត៌មានគ្រោះថ្នាក់ឬអន្តរាយទៀតផង។ វិធីសាស្រ្តបែបនេះ គឺងាកចេញពីគន្លងនៃវិធីសាស្រ្តរបស់ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានព្រមានអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់សារស្អប់ខ្ពើម។
ទង្វើទាំងអស់នេះគឺជាការវាយប្រហារទៅលើខ្លឹមសារនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។ ហេតុដូចនេះហើយ ក្រុមការងារអង្គការសហប្រជាជាតិ កំពុងបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីកសាយ នៃព័ត៌មានក្លែងក្លាយ។ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ កាលពីខែឧសភា ឆ្នាំ២០២០ បានអនុម័តដោយកុងសង់ស៊ីសនូវសេចក្តីសម្រេចចិត្តស្តីពីការឆ្លើយតបនឹងមេរោគកូវីដ-១៩ ដោយអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ ចាត់វិធានការប្រឆាំងនឹងការក្លែងព័ត៌មាន និងព័ត៌មានមិនពិត។
ការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះវិបត្តិសុខភាពនេះ មានគោលបំណងធានាថា ជីវិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសក្រុមងាយរងគ្រោះបំផុត នឹងមិនត្រូវបានបាត់បង់ដោយសារមេរោគកូវីដ-១៩ នោះទ្បើយ។ រាល់វិធានការដែលបានដាក់ចេញកន្លងមក បានគោរពតាមនីតិវិធីត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ ភាពសមាមាត្រ និងពុំមានការរើសអើង។ នេះបើតាមតំណាងអចិន្រ្តៃយ៍កម្ពុជា។
ប្រទេសកម្ពុជា តែងតែគោរពផ្តល់តម្លៃសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មានស្របច្បាប់ ហើយយល់ដឹងយ៉ាងច្បាស់ថា ពហុយោបល់ រួមទាំងទស្សនៈរិះគន់ គឺមានសារៈសំខាន់ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខណៈពេលមេរោគកូវីដ-១៩ កំពុងកើនទ្បើង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតបន្ថែមឱ្យ វិទ្យុសំទ្បេងសហរដ្ឋអាមេរិកជាខេមរភាសា ចាក់ផ្សាយតាមស្ថានីយ៍ក្នុងស្រុកចំនួន៣ ដែលកម្លាំងផ្សាយគ្របដណ្តប់យ៉ាងហោចណាស់ខេត្តចំនួន១៧ ក្នុងចំណោមខេត្ត-រាជធានីទាំង២៥ ស្មើនឹងយ៉ាងហោចណាស់ ៦០% នៃប្រជាជនសរុប។ នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ Facebook ចំនួនជាង១០ លាន គណនី ដែលស្មើនឹង ៦៥% នៃចំនួនប្រជាជនសរុប។
Facebook ជាវេទិកាសង្គមដ៏មានឥទ្ធិពលនិងប្រជាប្រិយខ្លាំង សម្រាប់ផ្សព្វផ្សាយព័ត៌មានភ្លាមៗ និងបញ្ចេញមតិជាសាធារណៈដោយសេរី។ អត្រាជ្រៀតចូលរបស់អ៊ីនធឺណែត មានចំនួន៦០% នៅទូទាំងប្រទេស ហើយមិនបានជួបប្រទះនឹងការកាត់ផ្តាច់ ឬការកម្រិតដែនកំណត់ ដូចដែលអ្នករាយការណ៍ពិសេសបានលើកឡើងដោយមិនត្រឹមត្រូវ នោះទ្បើយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានសង្កត់ធ្ងន់ថា បើនិយាយពីស្តង់ដារអន្តរជាតិវិញ អ្នករាយការណ៍ពិសេសពុំធ្លាប់ដែលបានសង្កត់ធ្ងន់ឱ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសិទ្ធិត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ។
ការខកខានមិនបានបញ្ជាក់ឱ្យបានច្បាស់ដោយចេតនាបែបនេះ ធ្វើឱ្យបុគ្គលបំពានច្បាប់កាន់តែគឃ្លើនក្នុងការកេងចំណេញពីស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ។ បើគេចាត់ទុកការអនុវត្តច្បាប់ជាការរឹតត្បិតសេរីភាព នោះគឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងគោលការណ៍អនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺការពារពលរដ្ឋគោរពច្បាប់ និងធានាឱ្យបាននូវសណ្តាប់ធ្នាប់សង្គម ការជឿជាក់ជាសាធារណៈ និងសុខភាពសារធារណៈ សម្រាប់មនុស្សគ្រប់ៗគ្នា។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់ជាថ្មីនូវការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ហើយទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលចូលរួមបន្ថែម មិនមែនកាត់បន្ថយប្រសិទ្ធភាពនៃការឆ្លើយតបចំពោះការរាតត្បាតជាសាកលនេះ។ វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេស មិនត្រូវអនុវត្តការងារលើសព្រំដែននៃអាណត្តិរបស់ខ្លួន ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំស្តីពី នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស៕