ខ្មែរប៉ុស្ដិ៍ Close

ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ទាត់ចោលទាំងស្រុងចំពោះការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងថា ខ្លួនបានអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅចូលរួមបោះឆ្នោត

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 39

(ភ្នំពេញ)៖ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវការប្រឌិតរបស់បណ្តាញព័ត៌មានក្រុមប្រឆាំងដែលបានផ្សព្វផ្សាយថា សមាគមវៀតណាមបានអំពាវនាវឱ្យប្រជាពលរដ្ឋវៀតណាម ទៅចូលរួមបោះឆ្នោតនៅកម្ពុជា។

ការចេញមុខទាត់ចោលយ៉ាងដាច់អហង្ការរបស់ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបែបនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook ក្លែងក្លាយមួយដោយដាក់ឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» រួមទាំងវេបសាយរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយ កាលពីម្សិលមិញនេះថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រធានសមាគមខ្មែរ-វៀតណាម បានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោកនៅក្នុងប្រទេសកម្ពុជា ហើយករណីនេះ ខាងសមាគមរបស់លោក បានធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ជាច្រើនដងរួចហើយដែរ។

លោក ស៊ឹម ជី បានបន្ថែមទៀតថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីទាត់ចោលនូវការប្រឌិតព័ត៌មាននេះ និងដាក់ពាក្យបណ្តឹងប្តឹងបន្តទៀត ទៅក្រសួងមហាផ្ទៃ​ ដើម្បីជំរាបឱ្យក្រសួងមានសមត្ថកិច្ច បានយល់អំពីបញ្ហានេះ ហើយសុំឱ្យមានវិធានការ។

យ៉ាងណាក៏ដោយ លោកមិនទាន់មានតម្រុយណា អំពីក្រុមដែលប្រឌិតព័ត៌មាននេះនៅឡើយទេ ខណៈដែលលោកក៏បានប្រាប់ទៅសារព័ត៌មានមួយចំនួនរួចហើយ នាពេលកន្លងមក ដោយបានបដិសេធនូវការផ្សព្វផ្សាយញុះញង់បែបនេះ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង