ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតំបន់ការពារធម្មជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតំបន់ការពារធម្មជាតិ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតំបន់ការពារធម្មជាតិ

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាអភិបាលរាជធានី-ខេត្ត ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី។ នៅក្នុងលិខិតមួយរបស់ក្រសួងមហាផ្ទៃផ្ញើមកអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត បានឱ្យដឹងថា ដើម្បីអនុវត្តវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព លោកឧបនាយកដ្ឋមន្ត្រី ស ខេង បានដាក់ចេញនូវការណែនាំដូចខាងក្រោម៖
– ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្តនានា ដើម្បីចាត់ចែងធ្វើការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដី ជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០% សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។

– ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ ទប់ស្កាត់កុំឲ្យ មាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។ រាល់ការ រុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យតឹងរឹង និងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់។

– ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការញុះញង់ អូស ទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន។

– ចំពោះទីតាំងដីធ្លីដែលមានទំនាស់ ត្រូវខិតខំសម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យបានច្បាស់លាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារ តវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។

– ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឲ្យបានត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។ ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលជាមន្ត្រី មានសមត្ថកិច្ចដែលបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារមិនស្របច្បាប់នានា ពាក់ព័ន្ធនឹងដីធ្លី

– ក្នុងការចាត់ចែងអនុវត្តការងារខាងលើនេះ រដ្ឋបាលខេត្តត្រូវរាយការណ៍ និងស្នើសុំយោបល់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងពាក់ព័ន្ធនីមួយៗ៕

អត្ថបទទាក់ទង