មធ្យោបាយធ្វើដំណើរទូទាំងប្រទេស កើនឡើង 37% ខណៈយានយន្តសរុបមានជាង 5 លានគ្រឿង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា ឆ្នាំ២០១៩ កន្លងទៅ មធ្យោបាយធ្វើដំណើរមានកំណើនចំនួន ៣៧% ដែលបច្ចុប្បន្នទូទាំងប្រទេសមានយានយន្តសរុប ៥ ៣៣៨ ៣៩៤គ្រឿង។ ក្នុងនោះម៉ូតូមានចំនួន ៤ ៥៥៥ ២២១គ្រឿង ស្មើនឹង ៨៣% និងរថយន្តគ្រប់ប្រភេទ មានចំនួន ៧៨៣ ១៧៣គ្រឿង ស្មើនឹង១៧% ដោយបានធ្វើឱ្យសកម្មភាពចរាចរណ៍នៅទូទាំងប្រទេសកាន់តែមានភាពមមាញឹក និងកាន់តែចង្អៀត។ លោកបានលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០។
លោកបន្តថា ស្ថានភាពបែបនេះ បានបង្កើតឲ្យមានបញ្ហាប្រឈមមួយចំនួនដូចជាការកកស្ទះនៅតាមដងផ្លូវ តាមទីក្រុង ទីប្រជុំជន និងគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ស្របពេលដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់ឆ្លើយតបតាមតម្រូវការ ក៏ដូចជាកង្វះចំណតយានយន្ត កង្វះការគ្រប់គ្រងចំណីផ្លូវ និងកង្វះការបំពាក់បរិក្ខាសុវត្ថិភាពផ្លូវជាដើម។
លោកបានលើកឡើងថា ទន្ទឹមគ្នានេះ លោកកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ បានកើនឡើងចំនួន ៨៥៤លើក ស្មើនឹង ២៦% អ្នកស្លាប់កើនឡើង២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១ ៣៧១នាក់ ស្មើនឹង ២៩% ។
តាមរបាយការណ៍បានបង្ហាញថា គ្រប់រាជធានី-ខេត្ត សុទ្ធតែមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងនោះភូមិសាស្រ្តមានកំណើនគ្រោះថ្នាក់ខ្ពស់ និងជនរងគ្រោះច្រើន គឺ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ដោយឡែកមានខេត្តចំនួន ០៥ ដែលបានកាត់បន្ថយចំនួនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន កណ្តាល កំពង់ធំ ក្រចេះ សៀមរាប និងមណ្ឌលគិរី៕