ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងសមត្ថភាពក្រុមជួយសង្គ្រោះ និងបំពាក់ឧបករណ៍សង្គ្រោះតម្លៃជិត ១លានដុល្លារអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 16
រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងសមត្ថភាពក្រុមជួយសង្គ្រោះ និងបំពាក់ឧបករណ៍សង្គ្រោះតម្លៃជិត ១លានដុល្លារអាមេរិក រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងសមត្ថភាពក្រុមជួយសង្គ្រោះ និងបំពាក់ឧបករណ៍សង្គ្រោះតម្លៃជិត ១លានដុល្លារអាមេរិក

ដោយមើលឃើញពីសមត្ថភាពរបស់ក្រុមអ្នកសង្គ្រោះឆ្លើយតបនឹងប្រតិបត្តិការសង្គ្រោះក្នុងហេតុការរលំអគារនាពេលកន្លងទៅនៅមានកម្រិតនៅឡើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះដោយបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមដល់ពួកគេ និងបំពាក់ឧបករណ៍បន្ថែមក្នុងតម្លៃជិត១លានដុល្លារអាមេរិក។ ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសង្គ្រោះជូនដល់ក្រុមការងារសង្គ្រោះរបស់កម្ពុជា និងប្រគល់ឧបករណ៍បច្ចេកទេសគាំទ្រដល់ការងារសង្គ្រោះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពឆ័ត្រយោងពិសេសលេខ៩១១។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ ក្នុងពិធីបើកការបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងផ្តល់ឧបករណ៍ សម្ភារៈបច្ចេកទេសគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងសង្គ្រោះនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីពាក់ព័ន្ធទាំងខាងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងយោធពលខេមរភូមិន្ទ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងប្រគល់ឧបករណ៍ សម្ភារៈទាំងនោះថា ការបើកវគ្គបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេសទាំងនេះ គឺជាការគិតគូរមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ។ លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញតម្រូវការខ្ពស់ចំពោះសមត្ថភាព និងជំនាញ ក៏ដូចជាឧបករណ៍ សម្ភារៈបច្ចេកទេស ដើម្បីបម្រើដល់ប្រតិបត្តិការសង្គ្រោះ លោក ក៏បានចាត់ចែងបញ្ជាឱ្យរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមការងារសង្គ្រោះឱ្យបានច្បាស់លាស់ និងហ្វឹកហ្វឺនបន្ថែមលើសមត្ថភាពរបស់ពួកគេ៕