ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ទោះ EU ​ព្យួរ EBA ២០% ឬ ១០០% ក៏មិន​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជារង្គោះរង្គើឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 2
ទស្សនៈមិត្តអ្នកអាន៖ ទោះ EU ​ព្យួរ EBA ២០% ឬ ១០០% ក៏មិន​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជារង្គោះរង្គើឡើយ ទស្សនៈមិត្តអ្នកអាន៖ ទោះ EU ​ព្យួរ EBA ២០% ឬ ១០០% ក៏មិន​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជារង្គោះរង្គើឡើយ

​​បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុម​មាន​និន្នាការ​ប្រឆាំង រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាលចាយលុយដុល្លារអាមេរិក​ បើក​ប្រាក់​ខែ​ពី​បរទេស​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ បាន​ខិត​ខំ​បំពង​សម្លេង​រឿង​ដែល​សហភាព​អឺរ៉ុប ឬ EU គ្រោង​ព្យួរ​ផ្នែក​ខ្លះ​​នៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA ​ចំនួន ២០% ពី​កម្ពុជា។ មែនទែន​ទៅ ការគ្រោង​​ព្យួរ​ EBA ឬសម្រេច​ថាព្យួរ​ក៏ដោយ​ចុះ ​ចំនួន​ ២០% នេះ ​គឺ​តិច​តួច​ណាស់ មិន​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រង្គោះរង្គើ​បានទេ ពីព្រោះកម្ពុជា​មិន​ផ្តោត​សំខាន់​​ទៅលើEBA តែមុខ​គត់​នោះ​ឡើយ។ និយាយ​​​ឲ្យ​ចំ គឺ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់​តែខាត​ប្រាក់​ពន្ធបង់​ឲ្យ EU រង្វង់ ១០០លាន​ដុល្លារ​ប៉ុណ្ណោះ លើទំនិញ​របស់​កម្ពុជា​ទាំងអស់​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប។

ទោះជាបាត់​ EBA ទាំង​ស្រុង​ក៏ដោយ​ចុះ ក៏មិន​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជាជួប​ហានិភ័យបាន​ដែរ ប៉ុន្តែ​វា​គ្រា​ន់​តែ​បន្ថយ​ល្បឿន​នៃកំណើន​​សេដ្ឋកិច្ច​កម្ពុជា​​​បន្តិចបន្តួច​ប៉ុណ្ណោះ។​ បញ្ហា EBA មិន​មែន​ជា​រឿង​ថ្មី​ ​ដែល​យើងត្រូវ​ព្រួយបារម្ភនោះ​ទេ ពីព្រោះថា នៅ​ថ្ងៃណា​មួយ​​គង់តែ EU ​លែង​ផ្តល់​ EBA ដល់​កម្ពុជា​​ គឺនៅ​ពេល​ដែលកម្ពុជា​មាន​កំណើន​​សេដ្ឋកិច្ច​ចេះ​តែកើន​ឡើង ហើយ​ឆ្លង​ផុ​ត​ពី​ប្រទេសក្រីក្រឈាន​ទៅ​ប្រទេស​កំពុ​ងអភិវឌ្ឍ។ ដូច្នេះ គេ​មិន​អា​ចយក​បញ្ហា EBA មក​ចោទ​ប្រកាន់​រដ្ឋាភិបាលកម្ពុជា​ថា ផ្តាច់​ការ​ បំបិទ​សិទ្ធិសេរីភាពសារព័ត៌មាន​ ឬរំលោភសិទ្ធិ​មនុស្ស​ រំលាយប្រជាធិបតេយ្យឡើយ។ EBA មិនមែន​ជា​ឧបករណ៍សម្រាប់​គាប​សង្កត់​ផ្នែកនយោបាយ​ទៅលើ​ប្រទេស​ណា​មួយ​បាន​ឡើយ វាគ្រាន់​តែជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ប៉ុណ្ណោះ​ ដែល​មិន​គួរ​ណា​ត្រូវ​បាន​ជនបរទេស និង​ខ្មែរក្បត់ជាតិ​​មួយ​តំបរស្វា ​​យក​វា​មក​ធ្វើ​ជា​ឈ្នាន់​នយោបាយ​កេងចំណេញ​ម្តងហើយ​ម្តង​ទៀត​នោះ​ឡើយ ហើយ​គេក៏​មិន​អាច​​យក​រឿង​ប្រ​ជាធិបតេយ្យ និង​បញ្ហាសិទ្ធិ​មនុស្ស មក​ធ្វើ​ជា​របៀប​វារៈនយោបាយ ​​ដាក់​សម្ពាធ​មក​​លើ​រាជរដ្ឋាភិបាល​កម្ពុជា​បានដែរ។​

​ជាការពិត​ ការ​ផ្តល់​ EBA របស់​សហភាព​អឺរ៉ុប​ចំពោះ​ប្រទេសកម្ពុជា អាច​និយាយ​បាន​ថា ជាផ្នែក​​មួយរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋកម្ពុជា តែកម្ពុជា​ក៏​មិន​រំពឹង​តែទៅ​លើ​​ EBA ​​ពី​​សហភាព​អឺរ៉ុបមួយ​មុខ​​ដែល​មិន​ស្ថិត​ស្ថេរនេះ​ដែរ ពោល​គឺ​រដ្ឋាភិបាលបានត្រៀមលក្ខណៈ​រួច​ជា​ស្រេច​តាំងពីអំឡុង​ឆ្នាំ​២០១៥​ ​មក​ម្ល៉េះ គឺនៅ​ពេល​ដែល​រាជរដ្ឋាភិបាល​សន្និដ្ឋាន​​​​ថា ​EBA នឹងបាត់ទាំងស្រុងពីកម្ពុជា​នៅអំឡុង​ឆ្នាំ២០២៤ ឬឆ្នាំ២០២៥ ខាងមុខ​នេះ។ ​​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​​បាន​ដាក់​ចេញ​វិធានការឆ្លើយ​តប​​ជាកញ្ចប់ ហើយ​បាន​អនុវត្តជា​បន្ត​បន្ទាប់​រហូត​មកដល់​ពេល​នេះ និ​ង​​ទៅអនាគតដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ទោះ​ជា​ពេល​នេះ កម្ពុជា​ ក៏ដូច​ជា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​កំពុង​ជួប​វិបត្តិ​សកលដែល​បង្កឡើង​ដោយ​ជំងឺឆ្លង​កូវីដ-១៩ ក៏សេនារីយ៉ូផែនការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​របស់កម្ពុជា​នៅ​តែ​បន្ត​អនុវត្តដោយគ្រាន់​ការកែប្រែ គ្រាន់​បង្អង់​បន្តិច​ក្នុងអំឡុង​គ្រាលំបាកនេះ​ប៉ុណ្ណោះ​។​

កម្ពុជា មិនមែនធ្វើពាណិជ្ជកម្មតែជាមួយសហភាពអឺរ៉ុបមួយនោះទេ គឺមា​នទីផ្សារធំៗជាច្រើនទៀតដូចជាប្រ​ទេស​​អង់គ្លេស​, ទីផ្សារប្រទេសចិន មហាអំណាចជំនួញ​​ និងពាណិជ្ជកម្ម​, ទីផ្សារប្រទេសកូរ៉េខាងត្បូង, ទីផ្សារនៅអាស៊ី ជាពិសេសនៅតំបន់អាស៊ានតែម្តង។ ​កម្ពុជា ក៏បានពង្រីកទីផ្សារធ្វើពាណិជ្ជកម្មទៅកាន់តំបន់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងតំបន់អាហ្វ្រិកជាដើម។ ដូច្នេះ យើងមិនគួរបារម្ភពេកទេ រឿង​ EBA របស់សហភាពអឺរ៉ុបនេះ ពោលគឺយើងត្រូវមើលព្រៃទាំងមូល កុំមើលតែ​ដើ​មឈើមួយដើមៗ។

​​សរុប​​មក​វិញ ​​ការគ្រោង​ព្យួរ ឬសម្រេចព្យួរ EBA ២០% ​របស់សហភាព​អឺរ៉ុប មិនមែន​ជាការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​​នោះ​ទេ ផ្ទុយ​​​ទៅវិញ វាជាឱកាស​សម្រាប់លោកនាយករដ្ឋន្ត្រី ហ៊ុន សែន ដែលកំពុង​ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ធ្វើការកំណែទម្រង់ផ្ទៃក្នុងខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព​ ដូច​ទិសស្លោក​​​ដែល​លោក​បាន​ដាក​ចេញគឺ «កំណែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។ ការធ្វើកំណែទម្រង់នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តតាំងពីអំឡុងសម័យសង្គ្រាមស៊ីវិលមកម៉្លេះ ទើបរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងជាតិផង និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ រហូតឈានដល់ការនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិដូចសព្វថ្ងៃនេះ។ ​កម្ពុជា មានសុខសន្តិភាពពេញលេញរយៈពេល ២០ឆ្នាំមកហើយ ជាកត្តាអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស ហើយក៏ជាឱកាសល្អសម្រាប់ដំណើរការកំណែទម្រង់ខាងក្នុងដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ៕

ដោយ​៖ សុខ សុវណ្ណ​

អត្ថបទទាក់ទង