ខ្មែរប៉ុស្ដិ៍ Close

ចំណេះដឹងទូទៅ៖ ប្រវត្តិ «សេតវិមាន» ដែលជាទីលំនៅនិងកន្លែងបំពេញការងាររបស់ប្រធានាធិបតីអាមេរិក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ នគរគំនិត 19
ចំណេះដឹងទូទៅ៖ ប្រវត្តិ «សេតវិមាន» ដែលជាទីលំនៅនិងកន្លែងបំពេញការងាររបស់ប្រធានាធិបតីអាមេរិក ចំណេះដឹងទូទៅ៖ ប្រវត្តិ «សេតវិមាន» ដែលជាទីលំនៅនិងកន្លែងបំពេញការងាររបស់ប្រធានាធិបតីអាមេរិក

(បរទេស)៖ «សេតវិមាន White House» គឺជាទីលំនៅព្រមទាំងការិយាល័យផ្លូវការ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិត នៅផ្លូវ១៦០០ នៃដងវិថី Pennsylvania វ៉ាស៉ីនតោនឌីស៉ី និងមានទំហំផ្ទៃដីសរុបទាំងអស់ ស្មើរនឹង៧.២ហិចតា។

មានតែលោក George Washington (១៧៨៩-៩៧) ដែលជាប្រធានាធិបតីអាមេរិកទី១ប៉ុណ្ណោះ ដែលមិនបានស្នាក់នៅក្នុងសេតវិមាន ប៉ុន្តែលោកបានត្រួត ពិនិត្យសំណើរការសាងសង់វិមាននេះ។ នៅក្រោយឆ្នាំ១៨០០ សេតវិមានក៏បានក្លាយជាទីលំនៅផ្លូវការរបស់ប្រធានាធិបតីអាមេរិកគ្រប់រូប។ ពីដំបូងឡើយគេប្រុងហៅវាថា «President’s Palace» ប៉ុន្តែក្រោយមកត្រូវបានដាក់ឈ្មោះជាផ្លូវការថា «Executive Mansion» វិញ ព្រោះ ពាក្យ Palace អាចច្រឡំថាជា «រាជវាំង»។

ស្របពេលនោះក៏មានការប្រើប្រាស់ពាក្យ White House ជាទូទៅដែរ ព្រោះតែពណ៌របស់វា ប៉ុន្តែឈ្មោះនេះមិនទាន់ក្លាយជាឈ្មោះផ្លូវការទេ រហូតមកទល់ឆ្នាំ១៩០២ នៅពេលប្រធានាធិបតីលោក Theodore Roosevelt (១៩០១-០៩) សម្រេចឲ្យប្រើឈ្មោះ White House នេះវិញ។ សេតវិមានគឺជា អគាររដ្ឋាភិបាលចំណាស់ជាងគេបំផុត ប្រចាំនៅរដ្ឋធានីវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។

* ប្រវត្តិនៃអគារសេតវិមាន

ប្រវត្តិរបស់សេតវិមានបានចាប់ផ្តើមឡើងនៅឆ្នាំ១៧៩២ នៅពេលមានកម្មវិធីប្រកួតប្រជែងជាសាធារណៈ ដើម្បីជ្រើសរើសការរចនាសម្រាប់ «កន្លែងស្នាក់នៅរបស់ប្រធានាធិបតី» នៅក្នុងរដ្ឋធានីថ្មីរបស់សហរដ្ឋអាមេរិក គឺវ៉ាស៉ីនតោនឌីស៉ី។ លោក Thomas Jefferson (១៨០១-០៩) ដែលក្រោយ មកបានក្លាយជាប្រធានាធិបតីអាមេរិកទី៣ ក៏បានចូលរួមប្រកួតប្រជែងផងដែរ។

ប៉ុន្តែជាចុងក្រោយការរចនាម៉ូតរបស់ស្ថាបត្យករជនជាតិអាមេរិក ដើមកំណើតអៀរឡង់ លោក James Hoban ក៏បានទទួលជ័យជំនះ។ យោងតាមគម្រោងសាងសង់ អគារនោះត្រូវមាន៣ជាន់ និងបន្ទប់ច្រើនជាង១០០ ហើយត្រូវសាងសង់ឡើងដោយប្រើប្រភេទថ្មភក់។ ការបុកគ្រឹះថ្ម ត្រូវបានចាប់ផ្ដើមនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៧៩២។

នៅក្នុងឆ្នាំ១៨០០ រដ្ឋាភិបាលអាមេរិកទាំងមូល ត្រូវបានផ្លាស់ប្តូរចេញពីទីក្រុង Philadelphia ទៅកាន់ទីក្រុង Washington វិញ។ លោក John Adams (១៧៩៧-១៨០១) ដែលជាប្រធានាធិបតីអាមេរិកទី២ បានចូលទៅរស់នៅក្នុងទីតាំងសេតវិមានដែលកំពុងបន្តដំណើរការសាងសង់នៅឡើយ នាថ្ងៃទី១ ខែវិច្ចិកា។

* សេតវិមាននាអំឡុងសតវត្សរ៍ទី១៩

ក្នុងរយៈពេលដ៏ខ្លី សេតវិមាន បានក្លាយជាទីតាំងចំណុចកណ្តាលនៃរដ្ឋធានីថ្មី របស់សហរដ្ឋអាមេរិក។ បន្ទាប់ពីការឡើងកាន់មុខតំណែងនៅ ខែមីនា ឆ្នាំ១៨០១ លោក Jefferson បានក្លាយជាប្រធានាធិបតីទី២ ដែលស្នាក់នៅក្នុងសេតវិមាន។ លោកបានសម្រេចចិត្តបើកឲ្យមានការ ចូលទស្សនាពីសាធារណជន ជារៀងរាល់ព្រឹក ហើយបានបន្តជាប្រពៃណីជាប់រហូតមក។ យ៉ាងណាក្តី ដំណើការសាងសង់នៅតែបន្តពាក់ ព័ន្ធផ្នែកខាងក្នុងនៃអគារ ហើយក៏មានការកែលម្អរបន្ថែមដោយលោក Jefferson ផ្ទាល់ផងដែរ។

ក្នុងអំឡុងពេលសង្រ្គាមកើតឡើងក្នុងឆ្នាំ១៨១២ សេតវិមានត្រូវបានដុតបំផ្លាញដោយចក្រភពអង់គ្លេស ហើយប្រធានាធិបតីលោក James Madison (១៨០៩-១៧) និងក្រុមគ្រួសារត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីរដ្ឋធានីវ៉ាស៉ីនតោន។ ក្រោយមក សេតវិមានក៏ត្រូវបានជួសជុលស្ថាបនាឡើងវិញ និងពង្រីកបន្ថែម ប៉ុន្តែមិនទាន់អាចឲ្យចូលស្នាក់នៅបានឡើយ រហូតទាល់តែដល់ឆ្នាំ១៨១៧ អំឡុងរដ្ឋបាលប្រធានាធិបតី លោក James Monroe (១៨១៧-២៥)។

ក្នុងអំឡុងសតវត្សរ៍ទី១៩ សេតវិមានបានក្លាយជានិមិត្តរូប នៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ នៅក្នុងចិត្តប្រជាជនអាមេរិកភាគច្រើន សេតវិមានមិនមែនជាកន្លែងកាន់អំណាចរបស់ប្រធានាធិបតីទេ តែជាការិយាល័យនិងកន្លែងស្នាក់នៅបណ្តោះអាសន្ន ដែលប្រធានាធិបតី ពួកគេធ្វើការងារបម្រើប្រជាជន។

* សេតវិមាន ចាប់តាំងពីឆ្នាំ១៩០០មក

អំឡុងអាណត្តិរបស់ប្រធានាធិបតីលោក Theodore Roosevelt បន្ទប់នានានៅជាន់ទី២ នៃសេតវិមាននេះត្រូវបានផ្លាស់ប្តូរ ពីបន្ទប់ការិយាល័យទៅជាបន្ទប់ក្រុមគ្រួសារវិញ។ ចំណែកអគារ «West Wing» ក៏ត្រូវបានសាងសង់ឡើងបន្ថែមនៅក្នុងឆ្នាំ១៩០២ សម្រាប់ បុគ្គលិកសេតវិមានដែលកាន់តែច្រើនឡើង និងសម្រាប់ប្រធានាធិបតីផ្ទាល់។ បន្ទាប់នៅឆ្នាំ១៩៤២ អគារ «East Wing» ត្រូវបាន សាងសង់ឡើងមួយទៀត។

ក្នុងឆ្នាំ១៩៤៨ អំឡុងអាណត្តិ ប្រធានាធិបតីលោក Harry Truman (១៩៤៥-៥៣) សេតវិមានត្រូវបានក្រុមអ្នកជំនាញរកឃើញថា ហាក់ សាងសង់ឡើងមិនបានល្អ។ ហេតុដូច្នោះ ក្នុងរយៈពេលបួនឆ្នាំបន្ទាប់មក ផ្នែកខាងក្នុងនៃអគារទាំងមូល ត្រូវបានកសាងឡើងវិញយ៉ាង ប្រុងប្រយ័ត្នជាទីបំផុត ខណៈផ្ទៃជញ្ជាំងផ្នែកខាងក្រៅនៃអគារ ត្រូវបានរក្សាទុកឲ្យនៅដូចដើម។ ការស្ថាបនាសាងសង់យ៉របន្ថែម ត្រូវបានសាងសង់ឡើងនៅឯជាន់ទី២ ភាគខាងត្បូងនៃអាគារ។

ការកែប្រែផ្លាស់ប្តូរចុងក្រោយបំផុតសម្រាប់សេតវិមាន គឺត្រូវបានធ្វើឡើងនៅទសវត្សរ៍ឆ្នាំ១៩៦០ ដោយលោកស្រី Jacqueline Kennedy ជាភរិយារបស់ប្រធានាធិបតីលោក John F. Kennedy (១៩៦១-៦៣)។ លោកស្រី បានតុបតែងលម្អសេតវិមានទាំងមូល ឲ្យប្រៀបដូចជា ទីតាំងមជ្ឈមណ្ឌលវប្បធម៌ជាតិ ហើយបានធ្វើឲ្យសាធារណជនចាប់អារម្មណ៍កាន់តែខ្លាំង តាមរយៈការធ្វើកម្មវិធី Tour នៅក្នុងសេតវិមាន ផ្ទាល់ ដែលត្រូវបានចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ នៅឆ្នាំ១៩៦២។

«សេតវិមាន» មានបន្ទប់សរុបទាំងអស់ប្រមាណជាង១៣០បន្ទប់។ ក្នុងនោះអគារធំ នៅតែមានបន្ទប់ស្នាក់នៅរបស់គ្រួសារប្រធានាធិបតី ដដែល រួមជាមួយបន្ទប់ទទួលភ្ញៀវជាច្រើនប្រភេទ ដែលសុទ្ធសឹងតែត្រូវបានតុបតែងក្នុង រចនាបថតាមបែបសតវត្សរ៍ទី១៨ និងទី១៩។ ផ្នែកមួយចំនួននៃអគារធំនេះ គឺបើកឲ្យសាធារណជនចូលទស្សនកិច្ច។

នៅចន្លោះអគារ West Wing និងអគារធំ (Main Building) រួមមាន បន្ទប់សន្និសីទសារព័ត៌មាន ហើយនៅចន្លោះអគារ East Wing និងអគារធំ គឺមានរោងភាពយន្ត។ ការិយាល័យសម្រាប់ប្រធានាធិបតីគឺ «Oval Office» ស្ថិតនៅក្នុងអគារ «West Wing» ព្រមជាមួយនិង បន្ទប់គណៈរដ្ឋមន្ត្រី និងបន្ទប់ការងារផ្សេងៗ រីឯអគារ «East Wing» គឺជាអគារសម្រាប់ការិយាល័យជាច្រើនផ្សេងៗទៀត។

បច្ចុប្បន្ន សេតវិមានបានក្លាយជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញចំនួនភ្ញៀវទេសចរ ជាង ១.៥លាននាក់ មកទស្សនាជារៀងរាល់ឆ្នាំ។ សេតវិមាន ស្ថិតក្នុងផ្នែកនៃប្រព័ន្ធឧទ្យានជាតិអាមេរិកនៅរដ្ឋធានីវ៉ាស៉ីនតោន ហើយត្រូវ បានទទួលស្គាល់ជាសារមន្ទីរនៅឆ្នាំ១៩៨៨៕

ប្រភពវែបសាយ Encyclopedia Britannica

អត្ថបទទាក់ទង