ខ្មែរប៉ុស្ដិ៍ Close

លោក នេត្រ ភក្រ្តា៖ កម្ពុជាជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស និងសត្វត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វជិតផុតពូជនៅលើផែនដី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 66
លោក នេត្រ ភក្រ្តា៖ កម្ពុជាជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស និងសត្វត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វជិតផុតពូជនៅលើផែនដី លោក នេត្រ ភក្រ្តា៖ កម្ពុជាជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស និងសត្វត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វជិតផុតពូជនៅលើផែនដី

(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលជាប្រភេទសត្វជិតផុតពូជនៅផែនដី។ «កម្ពុជាមានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរ សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល»។

ការឱ្យដឹងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានជាតិជិត២០ស្ថាប័នពិនិត្យលើការអនុវត្តគម្រោងការពារ និងអភិរក្សសត្វព្រៃ របស់អង្គការសមាគមសត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងទឹកដីខេត្តព្រះវិហារ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោកមានចំនួន ៣០០ក្បាល ស្មើនឹង៩៩% នៃសត្វត្រយងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម២០០ក្បាល។ ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត៦០០ក្បាល ស្មើនឹងប្រមាណ ៩៥% នៃសត្វត្រយងចង្កំកសនៅលើពិភពលោក។

លោកបានគូសបញ្ជាក់ថា «នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិ របស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំកស នេះដោយប្រុងប្រយ័ត្នបំផុត»។

បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជាចម្រើនក្នុងនោះអង្គការ សមាគមសង្គ្រោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះ តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាព សម្រាប់ការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ លោកបានថ្លែងថានេះ គឺជាការគាំទ្រ និងផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យប្រសើរឡើង នូវជីវភាពដូចដែលពួកគាត់ប្រាថ្នា និងជាមួយគ្នានេះ ការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃអាចសម្រេចបានជោគជ័យ។

យោងតាមឯកសារជំនួយស្មារតីរបស់អង្គការសមាគមអភិរក្សសត្វព្រៃដែលមានលោក កែន សេរីរដ្ឋា ប្រធាន បានបញ្ជាក់ថា គម្រោងស្រូវសត្វត្រយង បានអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន បានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នងតំបន់ការពារអស់រយៈពេល ១០ឆ្នាំមកហើយដើម្បីអភិរក្សកម្មវិធីលើកកម្ពស់ជីវភាព ដែលបានផ្សាភ្ជាប់ជាមួយការអភិរក្សដែលផលប្រយោជន៍ជាសាច់ប្រាក់បានដល់ប្រជាពលរដ្ឋមូលដ្ឋាន។ គម្រោងស្រូវសង្គ្រោះសត្វ ព្រៃនេះរួមមាន៖ ការមិនកាប់ទន្ទ្រាន និងពង្រីកដីខុសច្បប់ គោរពគោលការណ៍មិនបរបាញ់ មិនបរិភោគ និងជួញដូរសត្វព្រៃ និងអនុវត្តផលិតកម្មស្រូវតាមស្តង់ដារសរីរាង្គ។

បើតាមអង្គការ WCS កម្មវិធីស្រូវ សត្វត្រយងកំពុងរីកលូតលាស់ឆាប់រហ័ស ចាប់ផ្តើមពី ២ភូមិ រហូតដល់សព្វថ្ងៃកំពុងតែអនុវត្តក្នុង ១១ភូមិ នៅក្នុងតំបន់ការពារទេសភាពភគខាងជើងប្រទេសកម្ពុជា (ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកស្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរការ) ៥ ភូមិជមួយព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង ភាគខាងលិច ៣ភូមិ នៅក្នងតំបន់ដែនជម្រកសត្វព្រៃកែវសីមា និង ៣ភូមិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

អង្គការ WCS បានឱ្យដឹងថានៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កសិករដែលចូលរួមជាមួយគម្រោងមានការកើនឡើងពី ៣៥ គ្រួសារហូតដល់ ៧៥០គ្រួសារ បើតាមការរំពឹងទុកនៅក្នុងឆ្នាំ ២០២០ នេះ។ ការពង្រិកគម្រោងនេះត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង និងដៃគូសហការជា មួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងស ហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ បរិមាណផលិតស្រូវសត្វត្រយង ដែលបានទិញពីកសិករនៅក្នុងមូលដ្ឋានបានកើនឡើងពី ៣៩តោន រហូតដល់ ១២០០តោន នៅក្នុងឆ្នាំ២០១៩ ជាមួយការរំពឹងទុកសម្រាប់ឆ្នាំ ២០២០ គឺ២០០០តោន ប្រសិនបើមានភ្លៀងគ្រប់គ្រាន់។ គួរបញ្ជាក់ថា ផលិតផលស្រូវត្រយងបានទទួលវិញ្ញាបនបត្របញ្ជាក់ថាជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងទីក្រុង ហុងកុង ហើយនៅឆ្នាំ ២០២១ គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលី។

លោក នេត្រ ភក្ត្រា ថ្លែងថាក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយងដែលនេះ ដែលរៀបចំឡើងដើម្បីលើកទឹកដល់កសិករដើម្បីកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់នូវការបរបាញ់សត្វ និងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

លោកបានថ្លែងថានេះ គឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រលើការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងគ្នានេះ សមត្ថកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ តឹងរឹងបំផុតដើម្បីការពារ និងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដើម្បីជាផលប្រយោជន៍ សម្រាប់ជីវៈចម្រុះផង និងសម្រាប់ការទាក់ទាញភ្ញៀវទេសចរផង។

រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យ អេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង