ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-អូស្ដ្រាលី បេជ្ញារួមគ្នាបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 57
កម្ពុជា-អូស្ដ្រាលី បេជ្ញារួមគ្នាបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្ពុជា-អូស្ដ្រាលី បេជ្ញារួមគ្នាបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កម្ពុជា-អូស្ដ្រាលី បានពិភាក្សាគ្នាអំពីការប្រតិបត្តិពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្ដីពីការពិភាក្សារការងារតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ភាគីទាំងពីរ បានថ្លែងអំណរគុណចំពោះការជួយយកអាសារគ្នាទៅវិញទៅមកដល់ប្រជាជន នៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាសាកល កូវីដ-១៩ ហើយបានពិភាក្សាគ្នាអំពីការប្រតិបត្តិពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

សេចក្ដីប្រកាសបន្ថែមថា លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសរបស់អូស្រ្តាលី នៅក្នុងវិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងជាមួយការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ព្រមទាំងបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងអាស៊ាននិងអូស្ត្រាលី លើការឆ្លើយតប និងការព្យាបាលជម្ងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី បានអះអាងជាថ្មី នូវគោលការណ៍រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្នុងការមិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅក្នុងទឹកដីរបស់កម្ពុជា។ លោកក៏បានគូសបញ្ជាក់ឡើងវិញពីជំហររបស់កម្ពុជា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់រួចហើយដល់បរទេសទាំងអស់អំពីការស្វាគមន៍គ្រប់ប្រទេសមកធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក នៅមូលដ្ឋានកងទ័ពជើងទឹករាម។

សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមទៀតថា ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់លោកស្រី ម៉ារីស ផេន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការនារី លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងគំរោងរៀបចំព្រឹត្តិការណ៍ជាច្រើន ប្រទេសកម្ពុជាមានគោលបំណងរៀបចំព្រឹត្តិការណ៍មួយ ស្តីពី ស្រ្តី នៅក្នុងសន្តិភាព និងសន្តិសុខ ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលអាចធ្វើទៅបានក្នុងការលើកកម្ពស់អំណាចរបស់ស្រ្តី។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន ទាក់ទងនឹងបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ផងដែរ៕

អត្ថបទទាក់ទង