ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ពលរដ្ឋកម្ពុជាសង្ឃឹមថា អាមេរិកនឹងជួយកម្ពុជាបោះជំហានទៅមុខ ដោយគោរពស្មារតីឯករាជ្យភាព និងអធិបតេយ្យរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ពលរដ្ឋកម្ពុជាសង្ឃឹមថា អាមេរិកនឹងជួយកម្ពុជាបោះជំហានទៅមុខ ដោយគោរពស្មារតីឯករាជ្យភាព និងអធិបតេយ្យរបស់កម្ពុជា រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ពលរដ្ឋកម្ពុជាសង្ឃឹមថា អាមេរិកនឹងជួយកម្ពុជាបោះជំហានទៅមុខ ដោយគោរពស្មារតីឯករាជ្យភាព និងអធិបតេយ្យរបស់កម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃឃើល ប៉ុមភីអូ ថា ប្រជាពលរដ្ឋកម្ពុជាមានក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយប្រជាពលរដ្ឋកម្ពុជាបោះជំហានទៅមុខទៀត ដោយគិតគូរ និងគោរពចំពោះស្មារតីឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។

ការគូសរំលេចរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តបទៅនឹងការលិខិតអបអរសាទររបស់លោក លោក ម៉ៃឃើល ប៉ុមភីអូ ដែលបានចូលរួមអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍ទី៦៥ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា លោកពិតជាមានអារម្មណ៍រំភើបរីករាយចំពោះសារលិខិតដ៏កក់ក្តៅជាមិត្តភាពរបស់លោក ម៉ៃឃើល ប៉ុមភីអូ ហើយក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាល ដែលលោក បានបម្រើប្រកបដោយមោទនភាពនោះ លោកសូមសម្តែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានផ្ញើសារជូនពរសព្វសាធុការនេះ។
លោក ប្រាក់ សុខុន បានបន្ថែមថា ដូចក្នុងប្រទេសជាច្រើនក្នុងពិភពលោកដែរ ការប្រារព្ធទិវាឯករាជ្យជាតិប្រចាំឆ្នាំ គឺជាការសំដែងនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅយ៉ាងពិតប្រាកដរបស់ប្រជាជន ចំពោះសេរីភាព និងអធិបតេយ្យភាព។ ទន្ទឹមនេះដូចប្រជាជាតិអាមេរិកដ៏មហិមា ប្រជាជាតិកម្ពុជា ក៏មានមោទនភាពនឹងជ្រោងទង់ឯករាជ្យរបស់ខ្លួនផងដែរ។

«ក្នុងពេលជាច្រើនឆ្នាំទៀតតទៅអនាគត ប្រជាជនកម្ពុជា មានបំណងប្រាថ្នានឹងផ្តល់នូវអាទិភាពខ្ពស់បំផុត ក្នុងការពង្រឹងបន្តិចម្តងៗនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន សំដៅធានាឲ្យបាននូវសង្គមមួយដែលមានសន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និងយុត្តិធម៌»។ លោក ប្រាក់ សុខុន បានបង្ហាញក្នុងសារលិខិតផ្ញើជូនលោករដ្ឋមន្ត្រីការបរទេសអាមេរិក។

ក្នុងសារលិខិតនេះ លោក ប្រាក់ សុខុន បានគូសរំលេចពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជានូវឯករាជ្យភាព និងអធិបតេយ្យភាព។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា «សារលិខិតរបស់ ឯកឧត្តម ប៉ុមភីអូ ផ្តល់ឲ្យយើងទាំងអស់គ្នានូវក្តីសង្ឃឹមសាជាថ្មីថា សហរដ្ឋអាមេរិក នឹងជួយប្រជាជនកម្ពុជាក្នុងការបោះជំហានទៅមុខទៀត ដោយគិតគូរទៅដល់ និងគោរពចំពោះស្មារតីនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា»។
សូមបញ្ជាក់ថា សារលិខិតរបស់លោក ប្រាក់ សុខុន បានធ្វើឡើងភ្លាមៗតបទៅនឹងសារលិខិតរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានចូលរួមអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ក្នុងសារលិខិតនោះរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនអាមេរិក និងកម្ពុជាផងដែរ។ លោក ម៉ៃឃើល ប៉ុមភីអូ បានលើកឡើងថា តាមរយៈទំនាក់ទំនងនេះ បានផ្តល់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជនប្រទេសទាំងពីរ៕

អត្ថបទទាក់ទង