សត្វទោចថ្ពាល់លឿង១ក្បាលត្រូវបានដោះលែងចូលក្នុងជម្រកព្រៃធម្មជាតិវិញ (Video)
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីកាតិយាល័យរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលែងសត្វទោចថ្ពាល់លឿង១ក្បាល ចូលទៅក្នុងជម្រកព្រៃធម្មជាតិវិញ បន្ទាប់ពីទទួលការសង្រ្គោះបឋម និងថែទាំសុខភាពអស់រយៈពេល២ថ្ងៃ។
សូមរម្លឹកជូនថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានទទួលយកសត្វទោចថ្ពាលលឿងចំនួន១ក្បាល ពីប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរិ ដើម្បីថែទាំសុខភាព និងលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
សត្វទោចថ្ពាល់លឿង ជាថនិកសត្វស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ មានឈ្មោះជាភាសាអង់គ្លេស Yellow-cheeked Gibbon ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ហើយក៏ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិអភិរក្សធនធានធម្មជាតិ (IUCN) ព្រោះពួកវាជាពពួកសត្វកំពុងរងគ្រោះថ្នាក់ ហើយក៏កំពុងប្រឈមនឹងការលួចប្រមាញ់របស់មនុស្ស និងការបាត់បង់ទីជម្រក។ មន្រ្តីបរិស្ថានលើកទឹកចិត្តរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិ និងសត្វព្រៃឲ្យបានឋិតឋេរគង់វង្ស និងយូរអង្វែង សម្រាប់កូនចៅតជំនាន់៕