ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ផែនការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចរបស់ក្រុមឧទ្ទាមត្រូវទទួលបរាជ័យសារជាថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 69
ទស្សនៈមិត្តអ្នកអាន៖ ផែនការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចរបស់ក្រុមឧទ្ទាមត្រូវទទួលបរាជ័យសារជាថ្មី ទស្សនៈមិត្តអ្នកអាន៖ ផែនការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចរបស់ក្រុមឧទ្ទាមត្រូវទទួលបរាជ័យសារជាថ្មី

ដើម្បីតែមហិច្ឆិតាអំណាចផ្ទាល់ខ្លួន មេឧទ្ទាមក្រៅច្បាប់ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស នៅតែបន្តនយោបាយសាច់កម្ម និងឈឺសាច់ដល់សកម្មជនរបស់ខ្លួនដែលនៅក្នុងស្រុកដដែល។ ទោះបីជាខ្លួនឯងមិនហ៊ានអើតក្បាលមកប្រឈមផ្លូវច្បាប់នៅក្នុងប្រទេសក្តី ជនល្មោភអំណាចម្នាក់នេះនៅតែចិញ្ចឹមចិត្តធ្វើយ៉ាងណាមិនឱ្យខ្មែរបានសុខឡើយដើម្បីគោលដៅអំណាចរបស់ខ្លួន។ ក្រោយពីអស់លទ្ធភាពក្នុងការស្នើសុំជំនួយពីចៅហ្វាយបរទេសឱ្យដាក់សំពាធតាមរយៈច្បាប់នេះ ឬច្បាប់នោះមកលើប្រជាជនខ្លួនឯងហើយមិនបានទទួលលទ្ធផលអ្វីនោះ មេឧទ្ទាមក្រៅច្បាប់បានប្តូរវិធីពីការសុំជំនួយសំពាធពីបរទេសមកជាវិធីញុះញង់ បំផុសបំផុលឱ្យប្រជាពលរដ្ឋងើបបះបោរលើបញ្ហាវិច្ឆេទកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតឡើងពីការបោះឆ្នោតវិញម្តង។

គោលដៅរបស់មេឧទ្ទាមនេះ គឺសំដៅសំលាប់ជីវិតប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទៅវិញទេ នៅពេលដែលស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសមិនដំណើរការគឺមិនមែនមានផលវិបាកតែប្រទេសជាតិនោះទេ។ ជាក់ស្តែង នៅក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ដែលគ្មានការចរាចរក្រដាសប្រាក់ គ្មានធនាគារ គ្មានស្ថាប័នមីក្រូហិរញ្ញវត្ថុ ពេលនោះគឺគ្មានទីផ្សារដោះដូរផលិតផល ប្រជាជនបានស្ថិតក្នុងភាពអត់ឃ្លានរស់យ៉ាងវេទនា ដូច្នេះហើយទើបមេឧទ្ទាមក្រៅច្បាប់ បានខិតខំញុះញង់ប្រជាពលរដ្ឋឱ្យធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច តាមគំនិតដ៏ឆ្កួតលីលារបស់ខ្លួនបែបនេះ។ ជាផលវិបាកមកវិញ ប្រជាពលរដ្ឋមួយចំនួនតូចជាពិសេសអតីតសកម្មជនបក្សប្រឆាំងនៅក្នុងប្រទេស ដែលបានចាញ់ឧបាយកលមេឧទ្ទាមត្រូវជាប់គុគ ជាប់ច្រវ៉ាក់ នៅពេលដែលពួកគេអនុវត្តតាមផែនការរបស់មេឧទ្ទាមគំរក់នេះ។

បច្ចុប្បន្ន ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលរួមនិងប្រទេសកម្ពុជាផង កំពុងទទួលរងនូវផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វិបត្តិនៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺពិតជាបានជះឥទ្ធិពលយ៉ាងអាក្រក់មកលើទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងពិតប្រាកដ។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយជាជំហ៊ានៗ ដោយបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ គ្រប់ជ្រុងជ្រោយ ដោយប្រយ័ត្នប្រយែងទៅតាមដំណាក់កាលច្បាស់លាស់បំផុត ដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ និងបានរៀបចំដាក់ចេញនូវផែនការជាកញ្ចប់ក្នុងការស្តារសេដ្ឋកិច្ចទាំងក្នុងពេលកំពុងជួបវិបត្តិកូវីដ-១៩ និងជាមួយទស្សនៈវិស័យក្រោយពេលអស់មានវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទូទៅក៏ត្រូវចូលរួមតស៊ូលំបាកទាំងអស់គ្នាជាមួយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះផងដែរទើបយើងអាចឆ្លងផុតនៅក្នុងដំណាក់កាលដ៏លំបាកនេះ។

ផ្ទុយទៅវិញ មេឧទ្ទាមក្រៅច្បាប់បែរជាបន្តឆ្លៀតឱកាសនេះប្រើប្រាស់នូវឧបាយកលខ្មៅកខ្វក់របស់ខ្លួនជាថ្មីម្តងទៀតក្នុងផែនការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងរឿងបំណុលឥណទានរបស់ប្រជាជនមួយចំនួនទៅវិញ។ ទង្វើនេះ គឺពិតជាចេតនាទុច្ចរិតដ៏អាក្រក់បំផុត ដើម្បីបង្ករឲ្យមានការដួលរលំលើវិស័យសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដែលគោលដៅនេះគឺ ដូចគ្នាទៅនឹងផែនការថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

ទោះជាយ៉ាងណា មហិច្ឆិតាផ្លាស់ប្តូរ និងផ្តួលរំលំរបស់មេឧទ្ទាមក្រៅច្បាប់ ដែលកំពុងរត់ចោលស្រុកនេះនឹងគ្មានទទួលបានលទ្ធផលនោះឡើយ ដោយហេតុថាប្រជាពលរដ្ឋកម្ពុជាកំពុងតែរស់នៅក្នុងសុខសន្តិភាព ទោះបីជាពេលនេះយើងកំពុងជួបនូវការលំបាកបន្តិចក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនចង់ជួបប្រទះនូវវិបត្តិសង្គម ឬសង្គ្រាម ឬការងើបបះបោរ ឬកុប្បកម្មតវ៉ាជ្រួលច្របល់ដូចករណីដែលកំពុងកើតមាននៅសហរដ្ឋអាមេរិករាល់ថ្ងៃនោះទេ។ យើងសុខចិត្តទ្រាំលំបាកមួយរយៈពេលខ្លី ប៉ុន្តែនៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩បានឆ្លងផុត យើងនឹងអាចកសាងសេដ្ឋកិច្ចជាតិយើងឱ្យមានដំណើរការវិវត្តកាន់តែរីកចំរើនជាងមុន។ ប្រជាពលរដ្ឋកម្ពុជាពិតជាបានដឹងយ៉ាងច្បាស់ថា មេឧទ្ទាមដែលកំពុងរត់គេចខ្លួន និងក្រុមអ្នកនយោបាយជ្រុលនិយមទាំងនោះគឺជាក្រុមដែលមានចិត្តជាទេវទត្តមាត់ជាទេវតា ជាក្រុមអ្នកនយោបាយដែលមានវប្បធម៌ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី តែងប្រើតែនយោបាយឈឺសាច់ សាបព្រួសទុក្ខទោសចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះសកម្មជនរបស់ខ្លួនជាបន្តបន្ទាប់គ្មានស្រាកស្រាន្តដើម្បីតែមហិច្ឆិតាអំណាចបុគ្គល និងក្រុមខ្លួនតែប៉ុណ្ណោះ។

ជារួម ផែនការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុចង់ឱ្យវិស័យធនាគារនៅកម្ពុជាដួលរលំទាំងអស់របស់មេឧទ្ទាមក្រៅច្បាប់ ដែលកំពុងរត់គេចខ្លួនឯក្រៅប្រទេសនោះ នឹងត្រូវទទួលបរាជ័យជាថ្មីទៀត ពីព្រោះផែនការនោះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបានដឹងមុនរួចជាស្រេចហើយ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានចាត់វិធានការច្បាប់ដោយមិនលើកលែងចំពោះជនណាដែលបំរើឱ្យយុទ្ធនាការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់មេឧទ្ទាមក្រៅច្បាប់ដែលចង់ឲ្យវិស័យធនាគារទាំងអស់នៅកម្ពុជាដួលរលំនេះផងដែរ៕

ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)

អត្ថបទទាក់ទង