ខ្មែរប៉ុស្ដិ៍ Close

ដរាបណាពួកខ្ញុំនៅមានជីវិត ខ្ញុំនឹងការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ មិនឲ្យសម រង្ស៉ី បំផ្លាញបានឡើយ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 23

កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់មុំបី ប្រាសាទព្រះវិហារ បានប្រកាសយ៉ាងដាច់ណាត់ថា ដរាបណាពួកគាត់នៅមានជីវិត នៅមានដង្ហើម នឹងខិតខំប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលដែលកើតឡើងដោយស្របច្បាប់ មិនឲ្យក្រុមក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី មកបំផ្លាញបានជាដាច់ខាត។

ទាហានដែលមានចិត្តស្មោះស្ម័គ្រហ៊ានបូជាជីវិត ជូនជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏បានប្រកាសប្រឆាំង ជាមួយនឹងសម្ដីរបស់លោក សម រង្ស៉ី ដែលម្ដងជាពីរដង បានធ្វើការញុះញង់ឲ្យកងទ័ពបោះបោរ ហើយមានបំណងប្រើប្រាស់ទឹកលុយ ដើម្បីទិញទឹកចិត្តកងទ័ពឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលរឿងនេះកងទ័ពកម្ពុជាមិនធ្វើជាដាច់ខាត។

វរសេនីយ៍ឯក ណន ធិន មេបញ្ជាការវរសេនាតូចលេខ៣៩២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៩ ដែលតំណាងឲ្យកងទ័ពនៅតំបន់មុំបី បានប្រកាសយ៉ាងដូច្នេះថា «ខ្ញុំជាកងទ័ពសូមធ្វើការប្ដេជ្ញាចិត្តថា ប្រឆាំងដាច់ខាតរាល់ទណ្ឌិត សម រង្ស៉ី ដែលចង់ប្រើប្រាស់ទឹកលុយ ទាក់ទាញទឹកចិត្តកងទ័ព ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដើម្បីផ្ដួលរំលំព្រះមហាក្សត្រ ផ្ដួលរំលំរាជបល្ល័ង។ កងទ័ពនៅជួរមុខទាំងអស់ បានប្ដេជ្ញាចិត្តខ្ពស់ ហ៊ានបូជាជីវិតការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសការពារសម្ដេចតេជោនាយករដ្ឋមន្ដ្រី មិនឲ្យទណ្ឌិត សម រង្ស៉ី ប្រើប្រាស់មធ្យោបាយណាមួយ ធ្វើរដ្ឋប្រហារ ឬបាតុកម្មមកលើរាជរដ្ឋាភិបាលបានឡើយ។ សុខចិត្តប្ដូរជីវិតដើម្បីការពារស្មោះស្ម័គ្រជាមួយរាជរដ្ឋាភិបាល»។

«សរុបមកវិញ ដរាបណាពួកខ្ញុំនៅមានជីវិត គឺគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ងព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ មិនឲ្យខ្មាំងសត្រូវឈ្លានពានណា ឬក៏ក្រុមភេវរកម្មណាធ្វើតាមតែអំពើចិត្តបានឡើយ។ បើគាត់ (សម រង្ស៉ី) ហ៊ានធ្វើខ្ញុំនឹងកម្ទេចគាត់ដោយមិនញញើតដៃ។ នេះជាទឹកចិត្តរបស់កងទ័ព ហើយបានធ្វើការប្ដេជ្ញាខ្ពស់ចំពោះខ្លួនឯងផ្ទាល់ ជូនរាជរដ្ឋាភិបាល»

គួរជំរាបថា ការប្រកាសរបស់ក្រុមទាហាន ដែលកំពុងឈរជើងការពារព្រំដែន បានធ្វើឡើងដោយផ្ទាល់ជាមួយភ្នាក់ងារ បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលបានចុះទៅយកព័ត៌មាន អំពីដំណើររបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលបានដឹកនាំប្រតិភូខណ្ឌទាំង១៤ នាំយកអំណោយទៅចែកជូនកងទ័ពនៅតំបន់ព្រំដែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។

សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «…ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ….»

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕

 

អត្ថបទទាក់ទង