ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរជួសជុលផ្ទះនិងសាងសង់សំណង់តូចតាចចំនួន៤៧១គ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 202

ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។

ករណីអនុញ្ញាតសំណើខាងលើផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកបាគង២៩គ្រួសារ ស្រុកអង្គរធចំនួន១៩៨គ្រួសារ ស្រុកពួកចំនួន៩៧គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន៦១គ្រួសារ និងក្រុងសៀមរាបចំនួន៨៥គ្រួសារ។

ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ។ ២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។

ក្រុមការងារសហគមន៍តែងចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលលើករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទីអាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។

លើសពីនេះក្រុមការងារក៏បានចែកសាប៊ូលាងដៃនិងការងារមនុស្សធម៌ ដោយឧត្តមថវិកាជូនចំពោះគ្រួសារមួយចំនួនតូចដែលខ្វះខាត ចាស់ជរា ក្មេងកំព្រា គ្រោះថ្នាក់ធម្មជាតិ។ល។ និងនៅតែបន្តចុះពិនិត្យ ដោះស្រាយសំណើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា៕

អត្ថបទទាក់ទង