ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ណែនាំ ៤ចំណុចដល់រដ្ឋបាលរាជធានី-ខេត្ត ចាប់ផ្តើមគ្រប់​គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
លោកឧបនាយករដ្ឋមន្ត្រី  ស ខេង ណែនាំ ៤ចំណុចដល់រដ្ឋបាលរាជធានី-ខេត្ត ចាប់ផ្តើមគ្រប់​គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ណែនាំ ៤ចំណុចដល់រដ្ឋបាលរាជធានី-ខេត្ត ចាប់ផ្តើមគ្រប់​គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់​រដ្ឋបាលរាជធានី ខេត្តអាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាល​ឱ្យ​មានប្រសិទ្ធិភាពខ្ពស់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា“ខ្ញុំសូមផ្តល់គោលការណ៍ណែនាំ​មួយចំនួនដែលត្រូវ​ផ្តោតការយកចិត្តទុកដាក់អនុវត្តន៍ ដើម្បីធានាឱ្យរដ្ឋបាលរាជធានី ខេត្តអាចចាប់ផ្តើម​គ្រប់​គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលដែលបានផ្ទេរឱ្យនេះ ប្រកបដោយការ​ទទួល​ខុសត្រូ​វខ្ពស់ ស្របតាមស្មារតីនៃអនុក្រឹត្យ”។

លោកឧបនាយករដ្ឋមន្ត្រី បានសេចក្តីណែនាំថា ទី១ ការផ្សព្វផ្សាយបន្តនៅថ្នាក់រាជធានី ខេត្ត ដោយរដ្ឋបាលរាជធានី ខេត្តនីមួយៗ​ត្រូវរៀប​ចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តសាមី​នីមួយៗ ឱ្យបានទូលំទូលាយជូនដល់ថ្នាក់ដឹកនាំនៃមន្ទីរជំនាញរាជធានី ខេត្ត។ ទន្ទឹមនេះ ក្នុងការរៀបចំពិធីផ្សព្វផ្សាយនេះត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល​ដើម្បី​ធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទី២ ការគ្រប់គ្រង​បុគ្គ​លិក​ដែលបានផ្ទេរទៅឱ្យ ជារួម បុគ្គលិកសុខាភិបាលប្រមាណជាង២ម៉ឺននាក់​ត្រូវបាន​ផ្ទេរ​ទៅឱ្យរដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។

ទោះបីបុគ្គលិកទាំង នេះ​នៅតែបន្តស្ថិតក្នុង​អង្គភាព​សុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះត្រូវបានផ្ទេរទៅស្ថិត ក្រោមការគ្រប់​គ្រង​ផ្ទាល់របស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ដែលត្រូវអនុវត្តន៍តាមគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក ស្របតាមលក្ខន្តិកៈដោយឡែកសម្រាប់​បុគ្គលិក​​រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការគ្រប់គ្រងបុគ្គលិក ជាពិសេសការតែងតាំង ការផ្លាស់​ប្តូរ​បុគ្គលិក គឺជាកិច្ចការរសើបអាស្រ័យហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាល​នៃរដ្ឋ​បាលរាជធានី ខេត្តត្រូវគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់បុគ្គលិកទាំងនេះ ប្រកបដោយ​តម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់។ ទី៣ ការគ្រប់ គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកាដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្តសម្រាប់ អនុវត្តន៍មុខងារផ្តល់សេវាសុខាភិបាល គឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌ។ អាស្រ័យ​ហេតុនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរដ្ឋបាល រាជធានី ខេត្តត្រូវមានការយល់ដឹងឱ្យ​បាន​ច្បាស់​អំពី​គោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាផ្ទេរ​មានភ្ជាប់លក្ខខណ្ឌនេះ។

ជារួម រដ្ឋបាលរាជធានី ខេត្តនីមួយៗមិនអាចយកថវិកាមានភ្ជាប់លក្ខខណ្ឌនេះ​ទៅ​ប្រើប្រាស់សម្រាប់អនុវត្តន៍មុខងារផ្សេងទៀតក្រៅពីមុខងារសុខាភិបាលដែលបានប្រគល់ឱ្យ​នេះបានឡើយ។ ផ្ទុយមកវិញ រដ្ឋបាលរាជធានី ខេត្តអាចសម្រេចយកថវិកាដែលកៀរគរ​បានពីប្រភពស្របច្បាប់នានា មកប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាល ដើម្បីធានាដល់ការលើកកម្ពស់ ទាំងគុណភាព និងបរិមាណនៃការផ្តល់សេវាសុខាភិបាល​ជូន​​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី៤ ការផ្ទេរទ្រព្យសម្បត្តិ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប.) ត្រូវបន្តសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសេវាសុខាភិបាលដែល​បាន​ប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្តឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម គ.ជ.អ.ប. សម្ដេចក្រឡាហោមបានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការ​បន្តអនុវត្តន៍ ឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿន នៃ​ការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាព​ចម្រើនរុងរឿង៕

អត្ថបទទាក់ទង