ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាយើងត្រូវនិយាយពាក្យ «សន្តិភាព» រហូត?

ដោយ៖ Sreyleak ​​ | 15 ម៉ោងមុន ព័ត៌មានទូទៅ 163
ហេតុអ្វីបានជាយើងត្រូវនិយាយពាក្យ «សន្តិភាព» រហូត? ហេតុអ្វីបានជាយើងត្រូវនិយាយពាក្យ «សន្តិភាព» រហូត?

 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សារសន្តិភាពត្រូវនិយាយឱ្យជាប់ និយាយរហូតពួកប្រឆាំងនឹងសន្តិភាព ដេកក៏យល់សប្ដិឃើញសន្តិភាពដែរ ព្រោះថា សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាជាតិខ្មែរយើង ដែលនៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំនាក្រោយសម័យកាលអង្គរ កម្ពុជាយើងបានប្រទះជួបនឹងសង្គ្រាមជាច្រើនសតវត្សរ៍ ហើយកម្ពុជាទើបមានសន្តិភាពពេញលេញនៅប្រមាណជិត៣០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អំឡុងកម្ពុជាទើបមានសន្តិភាពពេញលេញក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ កម្ពុជាក៏មានចម្បាំងមួយចំនួនជាមួយប្រទេសជិតខាងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ផងដែរ ក្នុងនោះមានដូចជានៅឆ្នាំ២០០៨ និង ២០១១ ជាដើម ដែលធ្វើឱ្យប្រទេសយើងមានការខាតបង់យ៉ាងខ្លាំងពិសេសគឺប៉ះពាល់ដល់ ជីវភាពរស់នៅរបស់ប្រជាជន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា មិនចង់មានសង្គ្រាមជាមួយប្រទេសណានោះទេ ប៉ុន្តែបើគេបំពានដោយអាវុធ កម្ពុជា នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបតដោយមិនញញើតនោះឡើយ ប៉ុន្តែកម្ពុជាក៏មានវិធីសាស្រ្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីធានាបាននូវសុខសន្តិភាពផងដែរ៕