លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវ ៦ចំណុច ដល់គ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធក្នុងឱកាសខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា
ក្នុងស្មារតីដើម្បីចូលរួមចំណែកគាំទ្រខួបលើទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២០ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវចំនួន៦ចំណុចដល់គ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ។
ចំណុចទាំង៦នោះរួមមានដូចជា៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្ដអនុវត្តសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែង ពិសេសកុមារមានពិការភាព កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមាររស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំងទាំងអស់។
ទី២- ក្រសួងស្ថាប័នទាំងអស់ត្រូវប្រឹងប្រែង រកលទ្ធផលក្នុងការធ្វើយ៉ាងណាឲ្យកុមារគ្រប់រូប គ្រប់ទីកន្លែងទាំងអស់ ជាពិសេសកុមាររស់នៅក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នាក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។
ទី៣- រាល់វិធានការដែលបានដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីបង្ការជំងឺកូវីដ-១៩នេះ ត្រូវគិតទៅដល់ឧត្តមប្រយោជន៍ របស់កុមារគ្រប់រូបជាចម្បងពិសេសកុមាររស់នៅក្នុងកន្លែងថែទាំងជំនួសនិងកុមារកំពុងរស់នៅក្នុងកន្លែងឃុំឃាំងទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវការរបស់កុមារដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីជំងឺកូវីដ-១៩ និងត្រូវបានអនុញ្ញាតឲ្យកុមារចូលរួមក្នុងសេចក្ដីសម្រេចចិត្តទាំងឡាយដែលប៉ះពាល់ដល់កុមារ។
ទី៤- ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវបន្ដចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពី អំពើលហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគម្រាមគំហែងគ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើឲ្យកុមារអាចយល់ដឹង ពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យអំពីការរំលោភបំពានតាមគ្រប់រូបភាព។
ទី៥- ក្រសួងស្ថាប័នត្រូវបន្ដអនុវត្តសញ្ញាស្នូលនៃ អង្គការអន្ដរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ លើកកម្ពស់ការយល់ដឹង បណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីការប្រើប្រាស់ពលកម្មកុមារគ្រប់សកម្មភាពសេដ្ឋកិច្ចនិងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀងគរធនធាន និងចលនាសាធារជនក្នុងការស្វែងរកដំណោះស្រាយសមស្របដើម្បីជួយសង្គ្រោះពលកម្មកុមារ។
ទី៦- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានាបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាពជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ៕