ខ្មែរប៉ុស្ដិ៍ Close

លោកអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីជំនាញ ដើម្បីបើកយុទ្ធនាជួយសម្រួលសេវាសាធារណៈជូនប្រជាពលរដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 36

កំពង់ចាម៖ នៅព្រឹកថ្ងៃថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក្ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៨ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹងមន្រ្តីជំនាញ ដើម្បីបើកយុទ្ធនាការចុះ លិខិតបញ្ជាក់ជាតិកំណើត សំបុត្រជាតិកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់មរណៈភាព សំបុត្រមរណៈភាព និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅវត្តចន្ទវត្តី ហៅវត្តខ្លាគ្រហឹម ស្ថិតនៅភូមិឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមរបាយការណ៍បានអោយដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូម៉ាល់ មានកាលលំបាកក្នុងការធ្វើដំណើរទៅធ្វើការងាររដ្ឋបាលពាក់ព័ន្ធនឹងការចុះអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រជាតិកំណើត សំបុត្រមរណភាព និងការងារផ្សេងៗទៀត ព្រោះដោយសារតែភូមិនៅឆ្ងាយផង ពិបាកក្នុងការធ្វើដំណើរ ជាតំបន់លិចទឹកនារដូវទឹកដំឡើង និងដោយសារកត្តាថវិកាផងដែរ។ ដោយឡែកនាពេលកន្លងមកមានក្រុមការងារដែលមកចុះបញ្ជីនៅតាមភូមិ មិនបានជួបប្រជាពលរដ្ឋដោយសារតែពួកគាត់ធ្វើការងារចំណាកស្រុកទៅតាមតំបន់ឆ្ងាយៗ ជាពិសេសពួកគាត់មិនទាន់យល់ពីគុណប្រយោជន៍នៃការចុះបញ្ជីស្នាក់នៅ សៀវភៅគ្រួសារសារ សំបុត្រអាពាហ៍ពិពាហ៍។ល។

មានប្រសាសន៍ក្នុងពិធីនោះដែរ លោក គួច ចំរើន បានលើកឡើងថា ការចុះយុទ្ធនាការចុះលិខិតបញ្ជាក់ជាតិកំណើត សំបុត្រជាតិកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់មរណៈភាព សំបុត្រមរណៈភាព អត្តសញ្ញាណបណ្ណ នេះគឺធ្វើឡើងស្របតាមការដាក់ចេញនូវយុទ្ធនាការចលនាប្រលងប្រណាំង «ឃុំសង្កាត់បម្រើសេវាល្អ» នេះ ដើម្បីអោយមេឃុំចៅសង្កាត់ ស្មៀន និងមន្រ្តីនគរបាលប៉ុស្តិ៍ ចុះបញ្ជីគ្រួសារ(ក៣) និងបញ្ជីស្នាក់នៅ(ក១) ស្របពេលពួកគាត់ចុះសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ដោយឥតគិតថ្លៃនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

លោក បានបន្តទៀតថា ការចុះបញ្ជីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើងក្នុងការប្រើប្រាស់ឯកសារនេះ ដើម្បីធ្វើការងារអ្វីមួយ ដូចជាការផ្ទេរទ្រព្យសម្បត្តិ ពីឪពុកម្តាយទៅកូន ការចុះឈ្មោះចូលរៀនរបស់កុមារ និងការងារជាច្រើនទៀតដែលជាតម្រូវការផ្សេងៗជាការចាំបាច់ដែលមិនអាចខ្វះខាតឯកសារណាមួយនោះឡើយ។

លោកបានបន្ថែមទៀតថា ការចុះយុទ្ធនាការលើកនេះ គឺជាការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឱម៉ាល់ មិនអោយ ជួបការលំបាកក្នុងការធ្វើដំណើរទៅចុះបញ្ជីរអត្រានុកូលដ្ឋានទៀតនោះទេ ។

លោក ក៏បានផ្តាំងផ្ញើជូនប្រជាពលរដ្ឋដែលបានចុះបញ្ជីជាតិកំណើតកូនម្តងរួចមកហើយ សូមកុំចុះនាពេលនេះម្តងទៀត រឺបងប្អូនប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណបណ្ណម្តងរួចមកហើយ មិនត្រូវធ្វើលើកនេះទៀតនោះទេ ព្រោះបណ្តាលអោយមានការភាន់ច្រលំ ស្ទួនឈ្មោះ ដែលធ្វើអោយមានការលំបាកដល់មន្រ្តីជំនាញរបស់យើង ដោយឡែកប្រសិនបើមានការបាត់ឯកសារ ណាមួយត្រូវ រាយការណ៍ជូន មេឃុំ រឺស្វែងរក ឯកសារទាំងនោះនៅរដ្ឋបាលសាលាស្រុកបាធាយ និងក្រសួងមហាផ្ទៃ។ ចប់ប្រសាសន៍ លោកក៏បានរៀបចំអាហារដើម្បីបង្កើនភាពស្និតស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ៕

 

អត្ថបទទាក់ទង