ខ្មែរប៉ុស្ដិ៍ Close

    ក្រុមអ្នកអភិរក្ស រកឃើញសំពោចក្រអូប នៅចម្ការពូជ​គ្រញូង ក្នុងខេត្តសៀមរាប

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 877
    ក្រុមអ្នកអភិរក្ស រកឃើញសំពោចក្រអូប នៅចម្ការពូជ​គ្រញូង ក្នុងខេត្តសៀមរាបក្រុមអ្នកអភិរក្ស រកឃើញសំពោចក្រអូប នៅចម្ការពូជ​គ្រញូង ក្នុងខេត្តសៀមរាប

    ក្រុមអ្នកអភិរក្សរបស់អង្គការគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ(Korea-Cambodia Natural Recreation Forest) ​បានចេញផ្សាយថា ក្រុមការងាររបស់ខ្លួនបានថតបាន សំពោចក្រអូប ឬ សំពោចត្នោត ជាច្រើន នៅក្នុងចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំដី១,៨៨៨ហិកតា ជាតំបន់លំហែកាយធម្មជាតិ ក្នុងខេត្តសៀមរាប ។

    សំពោចក្រអូប ជាសំពោចមានមាឌតូច មានពណ៌ប្រផេះ ឬត្នោត ច្រចៀក ជើង និង​ផ្នែកចុងនៃកន្ទុយពណ៌ខ្មៅ ថ្ងាសមានពណ៌ស ដោយមានឆ្នូតខ្មៅនៅចំកណ្តាល ផ្ទៃមុខពណ៌​ខ្មៅ ប៉ុន្តែមានឆ្នូតសនៅខាងក្រោមភ្នែក និងសងខាងចម្រុះ។ ចំណែកនៅលើខ្នងមានឆ្នូត​ខ្មៅ៣ និងនៅសងខាងខ្នងមានអុចៗខ្មៅ ហើយរោមនៅកមានច្រើនដែលបង្កើតជាគន្លាក់ៗ។ ជាធម្មតាសំពោចនេះមានក្លិនក្រអូប ប៉ុន្តែមានក្លិនឈួលខ្លាំងនៅពេលដែលវាមានការភ័យ​ខ្លាច​នឹងអ្វីមួយ។ វាមានឈ្មោះខ្មែរ សំពោចក្រអូប ឬសំពោចត្នោតឈ្មោះក្នុងតំបន់ Common Palm Civet និង ឈ្មោះវិទ្យាសាស្រ្ត Paradoxurushermaphrodites ។

    បើតាមការបញ្ជាក់របស់ក្រុមអ្នកអភិរក្សបានឱ្យដឹងថា សំពោចក្រអូប មានវត្តមាននៅ​ព្រៃ​គ្រប់​ប្រភេទ រួមទាំងវាលស្រែ ចម្ការដំណាំ និងក្បែរភូមិផងដែរ។ វាចូលចិត្តនៅកន្លែង​ងងឹតៗ តាមជង្រុក ទបង្ហូរទឹក ឬដំបូលផ្ទះនៅពេលថ្ងៃ និងនៅពេលយប់វាចេញរកចំណី​ដូចជាកណ្តុរ នៅតាមចម្ការស្វាយ កាហ្វេ ម្នាស់ជាដើម។ វាបន្តពូជពេញមួយឆ្នាំដោយមានកូន​នៅខែតុលា និងធ្នូ ក្នុងមួយលើកៗ វាអាចមានកូន២ ទៅ ៤ក្បាលនៅតាមរូងថ្ម ឬប្រហោង​ឈើ។ ចំពោះ​អាយុកាលរបស់វាប្រហែល១៤ឆ្នាំ។ សំពោចក្រអូប ស្ថិតក្នុងប្រភេទមានដោយ​បង្គួរ និង​បានចុះក្នុងបញ្ជីក្រហម IUCN (LC) ថាជាប្រភេទសត្វរងគ្រោះថ្នាក់តិចតួច។ នៅក្នុង​ប្រទេស​កម្ពុជា វាជាប្រភេទកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ការបាត់បង់ទីជម្រក និងទាក់​ចាប់ដើម្បីធ្វើពាណិជ្ជកម្ម ៕