ខ្មែរប៉ុស្ដិ៍ Close

អាល្លឺម៉ង់ដាក់វិធានការតឹងតែងលើអ្នកវិនិយោគបរទេសលើវិស័យសុខាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
អាល្លឺម៉ង់ដាក់វិធានការតឹងតែងលើអ្នកវិនិយោគបរទេសលើវិស័យសុខាភិបាល អាល្លឺម៉ង់ដាក់វិធានការតឹងតែងលើអ្នកវិនិយោគបរទេសលើវិស័យសុខាភិបាល

ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់បានអោយដឹងពីថ្ងៃពុធម្សិលមិញថា អាល្លឺម៉ង់នឹងការពារក្រុមហ៊ុនសុខាភិបាលក្នុងស្រុកបានល្អជាងមុនពីអ្នកវិនិយោគដែលពុំមែនជាជនជាតិអឺរ៉ុប ខណៈពេលដែលការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩បានធ្វើអោយខ្សែចង្វាក់ផ្គត់ផ្គង់លើផ្នែកនេះមានបញ្ហា ។

ក្រសួងបានប្រកាសអោយដឹងពីការចេញ ក្រឹត្យមួយដែលនឹង «ជូនដំណឹងជាចាំបាច់» នៅពេលដែលមានអ្នកវិនិយោគណាមួយទទួលយកភាគហ៊ុនលើសពី 10% នៅតាមក្រុមហ៊ុនដូចជា “សហគ្រាសផលិតវ៉ាក់សាំង, ថ្នាំសង្កូវ, និងសម្ភារៈការពារ ឬឧបករណ៍ពេទ្យ” ជាដើម ។

លោករដ្ឋមន្ត្រីបានពន្យល់ថា «វិបត្តិកូរ៉ូណាវីរុសបានបង្ហាញពីសារសំខាន់នៃចំណេះដឹង និងផលិតកម្មវេជ្ជសាស្រ្តនៅប្រទេសអាឡឺម៉ង់ និងនៅអឺរ៉ុប» ។

អាល្លឺម៉ង់កំពុងរឹតបន្តឹងការការពារខ្លួនប្រឆាំងនឹងការទិញយកក្រុមហ៊ុនយុទ្ធសាស្ត្រដែលបានគ្រោងទុក ដោយខ្លាចក្រុមបរទេសដែលស្វែងរកកិច្ចព្រមព្រៀងល្អៗអាចទាញយកប្រយោជន៍ពីការរីករាលដាលនៃមេរោគ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចអឺរ៉ុបចុះខ្សោយ ។

កាលពីខែមីនា រដ្ឋាភិបាលអាល្លឺម៉ង់បានកេណ្ឌប្រមូលយុទ្ធសាស្ត្រនានាដើម្បីកុំអោយទីក្រុងវ៉ាស៊ីនតោនអាចទិញយកមន្ទីរពិសោធន៍រវេជ្ជសាស្ត្រ CureVac របស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងផលិតវ៉ាក់សាំង ។

នៅក្នុងសេចក្ដីព្រាងច្បាប់ដែលបានដាក់ចេញកាលពីខែមេសា រដ្ឋាភិបាលអាល្លឺម៉ង់បានស្នើអោយរឹតបន្តឹងលក្ខខណ្ឌបន្ថែមកុំអោយក្រុមហ៊ុនឯកជនអាចទិញលក់ទ្រព្យរវាងគ្នានិងគ្នាដោយពុំមានការយល់ព្រមពីរដ្ឋាភិបាល ។ ដែលសេចក្ដីព្រាងច្បាប់នេះនៅស្ថិតក្នុងការរង់ចាំភ្លើងខៀវពីសភានៅឡើយ ៕

អត្ថបទទាក់ទង