ខ្មែរប៉ុស្ដិ៍ Close

អាឡឺម៉ង់ ពិភាក្សាផ្តល់ប្រាក់រាប់ពាន់លានអឺរ៉ូ ដើម្បីសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Lufthansa ពីវីរុសកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 6

រដ្ឋាភិបាលអាឡឺម៉ង់ កំពុងពិភាក្សាផ្តល់ជំនួយរាប់ពាន់លានអឺរ៉ូ ហើយអាចទទួលបានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Lufthansa ដែលយន្តហោះស្ទើរ៩៥ភាគ បានចតចោល មិនធ្វើប្រតិបត្តិការហោះហើរ ដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩។

យោងតាមការផ្យាយរបស់ទីភ្នាក់ងារព័ត៌មាន REUTERS បានឲ្យដឹងថា ប្រាក់កម្ចី ក៏ដូចជាការវិនិយោគទិញភាគហ៊ុន គឺអាចធ្វើទៅបានខណៈក្រុមហ៊ុន Lufthansa ប្រកាន់ខ្ជាប់នូវសំណើររបស់រដ្ឋាភិបាល ប៉ុន្តែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្នសិន។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Lufthansa បាននិយាយថា «យើងកំពុងទាក់ទងជាមួយរដ្ឋាភិបាលសហព័ន្ធដើម្បីធានាសាច់ប្រាក់របស់យើង»

ប្រភពដឹងរឿងនេះច្បាស់បាននិយាយថា Lufthansa កំពុងធ្វើការជាមួយធនាគារ រួមទាំងធនាគារ Deutsche Bank, ជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ និងធនាគាររដ្ឋផងដែរ។

កាលពីសប្តាហ៍មុន Lufthansa បាននិយាយថា ខ្លួនមិនទាន់បានស្នើសុំជំនួយពីរដ្ឋនៅឡើយទេ ប៉ុន្តែកំពុងពិភាក្សាជាមួយវិស័យឯកជន និងជាមួយរដ្ឋាភិបាលអំពីថាតើជំនួយប្រភេទណា ដែលអាចធ្វើទៅបានប្រសិនបើចាំបាច់។

ក្រុមហ៊ុន Lufthansa ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍អាឡឺម៉ង់ផ្សេងទៀត អាចស្វែងរកប្រាក់កម្ចី៨០ភាគរយ ដែលធានាដោយធនាគាររដ្ឋ និង២០ភាគរយគាំទ្រដោយធនាគារពាណិជ្ជកម្ម។

អ្នកជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយថា «ការព្យាករណ៍របស់ Lufthansa គឺជាក្តីកង្វល់មួយដែលនឹងកើតមានខ្លាំងដូច្នេះលទ្ធភាពរបស់ Lufthansa ទទួលបានប្រាក់កម្ចីពីធនាគាររបស់ខ្លួន និងពីធនាគារដ្ឋ គឺខ្ពស់ណាស់»៕ Swift News

អត្ថបទទាក់ទង