ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ កម្ពុជាមិនទាន់ទទួលបានព័ត៌មានផ្លូវការពីវៀតណាម បន្ទាប់ពីមានការផ្សាយថាជនជាតិវៀតណាមម្នាក់រកឃើញកូវីដ-១៩ ក្រោយធ្វើដំណើរចេញពីកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 41
អ្នកនាំពាក្យក្រសួងសុខាភិបាល៖ កម្ពុជាមិនទាន់ទទួលបានព័ត៌មានផ្លូវការពីវៀតណាម បន្ទាប់ពីមានការផ្សាយថាជនជាតិវៀតណាមម្នាក់រកឃើញកូវីដ-១៩ ក្រោយធ្វើដំណើរចេញពីកម្ពុជា អ្នកនាំពាក្យក្រសួងសុខាភិបាល៖ កម្ពុជាមិនទាន់ទទួលបានព័ត៌មានផ្លូវការពីវៀតណាម បន្ទាប់ពីមានការផ្សាយថាជនជាតិវៀតណាមម្នាក់រកឃើញកូវីដ-១៩ ក្រោយធ្វើដំណើរចេញពីកម្ពុជា

ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានចេញមកបញ្ជាក់ថា កម្ពុជាយើងមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមនៅឡើយ ករណីបណ្តាញព័ត៌មាននៅវៀតណាម និងព័ត៌មានក្នុងស្រុកយើងផ្សព្វផ្សាយថា មានជនជាតិវៀតណាមម្នាក់ត្រូវបានរកឃើញកូវីដ-១៩ ក្រោយធ្វើដំណើរចេញពីកម្ពុជា។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូន សាធារណជនទាំងអស់ឲ្យបានជ្រាបថា មកទល់ពេលនេះ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណី ដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ»។

លោកស្រី បានបញ្ជាក់ទៀតថា ម្យ៉ាងទៀតក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណី ដូចការចុះផ្សាយនោះដែរ។ តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា «គ្រប់ព័ត៌មាន ដែលទទួលបានយើងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនេះ។ អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះគឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម បើគិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថារកឃើញវិជ្ជមាននោះ»៕

អត្ថបទទាក់ទង