ក្រសួងសុខាភិបាល ប្រកាសប្រាប់ពលរដ្ឋកុំចាញ់បោកការទិញថ្នាំ ឬឱសថ ដែលបំផុសថាព្យាបាលជំងឺ Covid-19 ឲ្យសោះ និងចាត់វិធានអ្នកលក់ថ្នាំបោកប្រាស់ទាំងនេះ
ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស កុំឲ្យបាញ់បោកនូវការឃោសនាបំភ្លើសការពិត អំពីការលក់ថ្នាំ ឬឱសថ ដែលបំផុសថាអាចព្យាបាលជំងឺ Covid-19 ខណៈដែលអង្គការសុខភាពពិភពលោក មិនទាន់បានប្រកាសឈ្មោះថ្នាំ ឬ ឱសថណាមួយដែលអាចព្យាបាលជំងឺនេះនៅឡើយទេ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនឆបោក និងអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់មួយនេះ ដោយមិនបណ្ដោយឲ្យជនទាំងនោះឆ្លៀតឱកាស ទៅបោកប្រាស់ប្រជាពលរដ្ឋពេលកំពុងជួបការភ័យខ្លាចនេះឡើយ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក មិនទាន់បានទទួលស្គាល់ឱសថណាមួយ ដើម្បីព្យាបាលជំងឺ Covid-19 នៅឡើយទេ។ កាលណាគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក គឺព័ត៌មានទាំងនោះមិនត្រឹមត្រូវនោះទេ»។
ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ មានទិញ និងការលួចលក់ឱសថដែលខុសពីការពិត ពីសំណាក់ជនឆបោក រហូតមានការបំផុសថា អាចព្យាបាលជំងឺ Covid-19។ សកម្មភាពទាំងអស់នេះ គឺកើតឡើងនៅតាមក្រសួង ស្ថាប័នមួយចំនួន។
សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សរុបចំនួន ៣៥នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ដែលបានព្យាបាលជាសះស្បើយ៕