រដ្ឋមន្ត្រីការងារអាស៊ាន បើកកិច្ចប្រជុំពិសេសស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ”
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការងារអាស៊ានតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដែលមានរដ្ឋមន្ត្រីក្រសួងធនធានមនុស្សប្រទេសម៉ាទ្បេស៊ី ក្នុងអាណត្តិជាប្រធានបានដឹកនាំកិច្ចប្រជុំនេះ ព្រមជាមួយគ្នានោះដែរ នៅក្នុងវគ្គនៃកិច្ចប្រជុំបើកចំហ ក៏មានការចូលរួមពីលោក Guy Ryder អគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) ក៏បានចូលរួម ភាពជាដៃគូជាមួយអាស៊ានដើម្បីរួមគ្នាក្នុងការទប់ស្កាត់ នៃការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ។
ក្នុងកិច្ចប្រជុំពិសេសនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានចែករំលែកព័ត៌មានអំពីគោលនយោបាយ និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រដល់កម្មករនិយោជិត និយោជក និងជនងាយរង គ្រោះដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
ជាលទ្ធផល រដ្ឋមន្រ្តីការងារអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” ដែលមាន៩ ចំណុច ក្នុងនោះផ្តោតសំខាន់ទៅលើការផ្តល់កិច្ចគំាទ្រដល់ជីវភាព និងសុខភាពរបស់កម្មករនិយោជិត ពលករទេសន្តរប្រវេសន៍ និងអ្នកធ្វើការក្នុងវិស័យដែលរងហានិភ័យខ្ពស់, ការធានាថាកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ ឬព្យួរកិច្ចសន្យាការងារទទួលបានការផ្តល់អត្ថប្រយោជន៍សមស្របតាមច្បាប់ លិខិតបទដ្ឋាន និងលទ្ធភាពនៃប្រទេសជាសមាជិក, ការផ្តល់សេវាថែទំាសុខភាពដល់កម្មករនិយោជិតដែលឆ្លងជំងឺកូវីដ-១៩, ការពង្រឹងបន្ថែមប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយទីផ្សារការងារ បទដ្ឋានសុវត្ថិភាពនិងសុខភាពការងារ និងប្រព័ន្ធគំាពារសង្គម, និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាមធ្យោបាយក្នុងការទំនាក់ទំនង និងពិគ្រោះយោបល់ក្នុងអំទ្បុងពេលមានការរឹតត្បិតជាបណ្តោះអាសន្ន។
កិច្ចប្រជុំពិសេសនេះគឺជាការបង្ហាញពីភាពរឹងមាំនៃស្មារតីសាមគ្គីភាពអាស៊ាន ដូចដែលមានចែងក្នុងបាវចនាអាស៊ាន “សហគមន៍តែមួយ វាសនាតែមួយ” ក្នុងការឆ្លើយតបរួមគ្នារបស់អាស៊ានចំពោះផលប៉ះពាល់នៃជំងឺកូវីដ-១៩៕