ខ្មែរប៉ុស្ដិ៍ Close

យានយន្ដកែច្នៃសម្រាប់ដឹកកសិផលរបស់ពលរដ្ឋនឹងមិនត្រូវបានផាកពិន័យឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 84
យានយន្ដកែច្នៃសម្រាប់ដឹកកសិផលរបស់ពលរដ្ឋនឹងមិនត្រូវបានផាកពិន័យឡើយ យានយន្ដកែច្នៃសម្រាប់ដឹកកសិផលរបស់ពលរដ្ឋនឹងមិនត្រូវបានផាកពិន័យឡើយ

បើតាមការអោយដឹងពីនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នេះ យានយន្ដកែច្នៃសម្រាប់ដឹកកសិផលរបស់ប្រជាពលរដ្ឋនឹងមិនត្រូវបានផាកពិន័យនោះឡើយ ។ ការលើកឡើងនេះ គឺនៅក្រោយកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដឹកនាំដោយអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីអគ្គស្នងការរង, ស្នងការរាជធានី-ខេត្ត, ស្នងការរងទទួលការងារចរាចរណ៍។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញការបំពាក់ផ្លាកលេខលើយានយន្ដកែច្នៃ ព្រោះនៅពេលនេះយានយន្ដកែច្នៃ មិនទាន់មានបំពាក់ផ្លាកលេខត្រឹមត្រូវនោះទេ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការបានបញ្ជាក់ហើយថា យើងមិនទាន់អនុវត្តរឹតបន្ដឹងទៅលើពួកគាត់ទេ យើងទុកពេលឲ្យក្រសួងសាធារណការ បន្ដការសិក្សា និងពិនិត្យលើការធ្វើផ្លាកលេខជូនពួកគាត់សិន។ ដូច្នេះយើងអនុគ្រោះប្រភេទ យានយន្ដកែច្នៃដឹកកសិផល របស់ប្រជាពលរដ្ឋ»

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០មក អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវយុទ្ធនាការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ របស់រាជរដ្ឋាភិបាល សម្ដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ។

ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់ សរុបចំនួន ១៣,៩៦៨ករណី។ ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង៧៧% និង រថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣%។

ក្រោយដាក់ចេញវិធានការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ ៥១.៣០% ប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។

ចំណុចកត់សម្គាល់នោះ គឺអ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន៕

អត្ថបទ៖ Fresh News