ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរប្រមាណជាង ៨ម៉ឺននាក់ មិនឲ្យត្រឡប់ទៅក្រៅប្រទេសវិញដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 16
ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរប្រមាណជាង ៨ម៉ឺននាក់ មិនឲ្យត្រឡប់ទៅក្រៅប្រទេសវិញដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរប្រមាណជាង ៨ម៉ឺននាក់ មិនឲ្យត្រឡប់ទៅក្រៅប្រទេសវិញដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ពលករខ្មែរចំណាកស្រុកដែលត្រឡប់មកស្រុកខ្មែរវិញនាពេលកន្លងទៅនេះ មានប្រមាណជាង៨ម៉ឺននាក់ គឺមិនទាន់រកឃើញមានឆ្លងជំងឺ កូវីដ-១៩ នៅឡើយទេ ហើយក្នុងស្ថានភាពនេះដែរ ក្រសួងមហាផ្ទៃ ក៏បានហាមឃាត់ពលករទាំងនោះមិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកស្រី បានមានប្រសាសន៍ថា «សូមមេត្តាកុំអាលវិលត្រឡប់ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេសគោលដៅហ្នឹង បច្ចុប្បន្ននេះគឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត។ ចឹងប្រសិនបើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួបនឹងហានីភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹតបន្ដឹងដែរ អំពីការបិទព្រំដែនដែរ»។

ក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា នៅពេលពលករខ្មែរចូលដល់ព្រំដែនភ្លាមៗ ភាគីពាក់ព័ន្ធទាំងអស់បានចុះពិនិត្យ និងសួរប្រវត្តិពួកគាត់ ព្រមទាំងបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ។ លោកស្រី បានមានប្រសាសន៍ថា «បើសិនយើងរកឃើញថា មានពលករយើងណាម្នាក់មានកម្តៅ ខុសពីធម្មតា។ គឺពួកគាត់ស្ថិតនៅការតាមដានបន្ដអត់ទាន់បញ្ជូនគាត់ចេញមកទេ។ ចឹងនៅពេលនោះ មានជាបន្ដបន្ទាប់ ដែលយើងស្នើសុំមន្ទីរពេទ្យបង្អែកព្រំដែនត្រូវពិនិត្យបន្ថែម ដើម្បីយកសំណាកក្នុងការពិនិត្យចឹង យើងរកអត់ទាន់ឃើញ យើងគិតថាពួកគាត់មានក្ដៅដោយមូលហេតុផ្សេងៗ»។ លោកស្រី បន្ដថា «នៅក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលគឺមានជាង៤០០នាក់ (ពលករ) ដែលបានសង្ស័យ ហើយយកសំណាកទៅពិនិត្យ ប៉ុន្ដែមកដល់ពេលនេះការចេញលទ្ធផលជាបន្ដបន្ទាប់ ដូចជា មិនទាន់រកឃើញថាអ្នកដែលមានឆ្លងមេរោគ កូវីដ-១៩ នៅឡើយទេ»។

ឆ្លៀតឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង ក៏បានអំពាវនាវ និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួនជាដើម ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ លោកស្រី បានរំលឹកថា រហូតដល់ពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ងរណាមួយចំពោះការឆ្លងជំងឺកូវីដ-១៩ទៅពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅឡើយនោះទេ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ ពលករ ពលរដ្ឋ សិស្សនិស្សិតនៅក្រៅប្រទេសផងដែរ៕

អត្ថបទទាក់ទង