ខ្មែរប៉ុស្ដិ៍ Close

អត្ថាធិប្បាយ៖ ជំងឺកូវីដ-១៩ មិនទាន់បញ្ចប់ទេ សូមកុំសប្បាយភ្លេចខ្លួនឱ្យសោះ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 59
អត្ថាធិប្បាយ៖ ជំងឺកូវីដ-១៩ មិនទាន់បញ្ចប់ទេ សូមកុំសប្បាយភ្លេចខ្លួនឱ្យសោះ! អត្ថាធិប្បាយ៖ ជំងឺកូវីដ-១៩ មិនទាន់បញ្ចប់ទេ សូមកុំសប្បាយភ្លេចខ្លួនឱ្យសោះ!

ទោះបីជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងជម្ងឺ កូវីដ-១៩ នៅកម្ពុជាក៏ដោយ ក៏មិនបានមានន័យថា ប្រទេសយើងអាចត្រួតត្រាសភាពការណ៍នៃការឆ្លងជម្ងឺនេះបានដោយជោគជ័យទាំងស្រុងនៅឡើយទេពោលគឺលទ្ធភាពនៃការឆ្លងនៅតែអាចកើតមានដដែល។ អ្នកឆ្លងថ្មីក៏គ្មាន អ្នកស្លាប់ក៏គ្មាន មានតែអ្នកដែលបានព្យាបាលជាសះស្បើយ ហើយអ្នកជម្ងឺដែលនៅសេសសល់ក៏កាន់តែមានចំនួនថយចុះ។ នេះជាដំណឹងដ៏គួរឲ្យសប្បាយរីករាយ ពិតមែនហើយ ជាក្តីសប្បាយរីករាយរបស់គ្រួសារកម្ពុជាទាំងមូល ដែលបានយកជ័យជម្នះលើជម្ងឺ កូវីដ-១៩ ប៉ុន្តែនៅក្នុងភាពសប្បាយរីករាយនោះ យើងក៏មិនត្រូវភ្លេចខ្លួនចំពោះហានិភ័យដែលវាអាចនឹងកើតឡើងផងដែរ។

ច្បាស់ណាស់ ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកម្តងហើយម្តងទៀតថា ថ្វីត្បិតតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយកាន់តែច្រើន ប៉ុន្តែស្ថានភាពនៅផុយស្រួយណាស់ គឺបានន័យថា កម្ពុជាមិនទាន់ឆ្លងរួចផុតពីការគម្រាមកំហែងដ៏គ្រោះថ្នាក់នៃជម្ងឺ កូវីដ-១៩នៅឡើយនោះទេ ។ ដរាបណានៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាល និងមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារ មានន័យថា ប្រទេសកម្ពុជានៅតែប្រឈមនឹងការឆ្លងរាតត្បាតនៃជម្ងឺនេះដដែល ក្នុងករណីដែលយើងមានការធ្វេសប្រហែសតែមួយវិនាទី ជម្ងឺនេះនឹងជ្រៀតចូលក្នុងខ្លួនយើងបានភ្លាម ។ ពេលនេះ ខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ប្រទេសជាតិយើងទាំងមូលនឹងក្លាយទៅជាអ្នករងគ្រោះពោរពេញដោយវិប្បដិសារី ដែលបណ្តាលមកពីការធ្វេសប្រហែសរបស់យើងជាមិនខាន។

បើយើងក្រឡេកថយក្រោយបន្តិច នៅពេលដែលជម្ងឺកូវីដ-១៩ ចាប់ផ្តើមផ្ទុះឡើងពីដំបូង រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការដាក់ចេញនូវវិធានការ និងគោលនយោបាយសំខាន់ៗជាច្រើន មានលក្ខណៈជាការអន្តរាគមន៍បន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ផង និងដើម្បីទ្រទ្រង់រាល់វិស័យនានាដែលរងផលប៉ះពាល់ពីជម្ងឺដ៏កាចសាហាវនេះផង ទាំងទៅលើទិដ្ឋភាពសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅផ្ទាល់របស់ប្រជាជនកម្ពុជា។ វិធានការសំខាន់៣ ដែលរាជរដ្ឋាភិបាល បានប្រកាន់យកដោយភាពម៉ឺងម៉ាត់ដាច់ខាត និងម៉ត់ចត់បំផុតនោះគឺការទប់ស្កាត់មិនឲ្យមានការបន្តនាំជម្ងឺចូលមកកម្ពុជា ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និងការព្យាបាលអ្នកដែលបានឆ្លងជម្ងឺកូវីដ-១៩ ។ ប្រជាជនកម្ពុជាក៏មានការភ្ញាក់រឭកយល់ដឹងខ្ពស់ រួមគ្នាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ និងការណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានធ្វើឲ្យប្រទេសយើងជៀសរួចផុតចាកឆ្ងាយពីគ្រោះអន្តរាយដែលបង្កឡើងដោយសារជំងឺរាតត្បាតសាកលនេះ។

គេក៏មិនត្រូវភ្លេចដែរអំពីអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ុន សែន ដែលតែងតែដាស់តឿនក្រើនរំលឹកម្តងហើយម្តងទៀតដែលបានលើកឡើងថា ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយទៀតក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។

ជារួម ជំងឺកូវីដ-១៩នេះ គឺជាជំងឺរាតត្បាតសាកលដែលកាចសាហាវដែលបាននិងកំពុងសម្លាប់ជីវិតមនុស្សនៅលើពិភពលោកជារៀងរាល់ថ្ងៃ បង្ករវិនាសកម្មដល់មនុស្សជាតិសាកល ធ្វើឱ្យយើងប្រឈមនឹងការគ្រោះថ្នាក់បាត់បង់អាយុជីវិតគ្រប់វិនាទីឱ្យតែយើងមានការធ្វេសប្រហែសនោះ។ យើងមិនត្រូវមើលស្រាលនិងលេងសើចជាមួយនឹងជំងឺកូវីដ-១៩នោះឡើយ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោលនេះរហូតដល់វាសាបសូន្យពីលើភពផែនដីយើង ដោយយើងត្រូវចងចាំជានិច្ចថា ជំងឺកូវីដ-១៩ មិនទាន់បញ្ចប់ទេ សូមកុំសប្បាយភ្លេចខ្លួនឱ្យសោះ៕

ដោយ៖ មាន មេត្តា