លិខិតមិត្តអ្នកអាន៖ «ការរារាំងឬដាក់សម្ពាធលើតុលាការជារឿងខុសច្បាប់»

ដោយ៖ លី វិទ្យា​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ | 0 |
លិខិតមិត្តអ្នកអាន៖ «ការរារាំងឬដាក់សម្ពាធលើតុលាការជារឿងខុសច្បាប់» លិខិតមិត្តអ្នកអាន៖ «ការរារាំងឬដាក់សម្ពាធលើតុលាការជារឿងខុសច្បាប់»

ខណៈដែលតុលាការសាលា ដំបូងខេត្តបាត់ដំបងបានកោះហៅអតីតតំណាងរាស្ត្រ និងអតីតមន្ត្រីមូលដ្ឋានមួយចំនួនរបស់អតីតគណបក្សប្រឆាំងឲ្យចូលខ្លួនមកបំភ្លឺពាក់ព័ន្ធនឹងការសង្ស័យថាបានបំពានសាលដីការតុលាការកំពូល ក៏មានការបំផុស ញុះញង់ ពីក្រៅប្រទេសឲ្យអតីតសកម្មជនមូលដ្ឋានរបស់ក្រុមប្រឆាំងមកប្រមូលផ្តុំគ្នានៅ ពីមុខតុលាការ។ គោលបំណងរបស់ពួកគេគឺចង់បង្កបង្កើតចលនាមហាជនប្រឆាំងនឹងតុលាការដើម្បីពួកគេរុញ បញ្ហាឲ្យមានភាពច្របូកច្របល់ និងអសណ្តាប់ធ្នាប់ក្នុងសង្គម ឬក៏អាចឈានដល់អំពើហិង្សាដែលពួក គេចង់បាន។

ការបំផុសបំផុលនិងអំពើញុះញង់ឲ្យមានចលនាប្រឆាំងនឹងតុលាការនេះបានធ្វើឡើងក្រោមរូបភាពអំពាវនាវឲ្យចូលរួមឃ្លាំមើលនៅពីមុខតុលាការដើម្បីលើកទឹកចិត្តដល់អ្នកដែលត្រូវ បានតុលាការកោះហៅទៅបំភ្លឺ។

ជាបឋម យើងគួរយល់ឲ្យច្បាស់អំពីអំណាចតុលាការ!

នៅគ្រប់ប្រទេសលើលោកនេះ អំណាចតុលាការគឺជាអំណាចឯករាជ្យ និងគ្មានអ្នកណាអាចប្រឆាំងឬបំពានបានឡើយ មិនថាអ្នកនោះជារាស្ត្រសាមញ្ញ ឬជាមន្ត្រីមានបុណ្យស័ក្តិឡើយ។ សាលដីកាតុលាការកំពូលគឺជាសេចក្តីសម្រេចចុងក្រោយ និងបិទផ្លូវតវ៉ា។ ដូច្នេះ ករណី រំលាយគណបក្សសង្គ្រោះជាតិ និងការហាមប្រាមមិនឲ្យមន្ត្រី ១១៨នាក់របស់អតីតគណបក្សនេះធ្វើនយោបាយរយៈពេល ៥ឆ្នាំ គឺជាការសម្រេចចុងក្រោយដែលគ្មានអ្នកណាអាចប្រឆាំង ឬបំពានបានឡើយ។

ចំណុចសំខាន់ទី១ដែលត្រូវចងចាំក្នុងសាលដីកាតុលាការកំពូលគឺ អតីតបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលពីខែវិច្ឆិកា ២០១៧ គឺជាគណបក្សខុសច្បាប់។ ដូច្នេះ រាល់សកម្មភាពណាដែលធ្វើឡើងក្នុងក្របខណ្ឌនៃគណបក្សនេះគឺជាអំពើខុសច្បាប់ ហើយប្រឆាំងនឹងសាលដីកាតុលាការកំពូល។ បងប្អូនដែលជាអតីតមន្ត្រី សកម្មជន ឬអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិក៍មិនអាចធ្វើសកម្មភាពណាមួយគាំទ្រដល់អតីតគណបក្សដែលត្រូវបានរំលាយចោលនោះឡើយ។ ផ្ទុយទៅវីញ បើហ៊ានធ្វើ ត្រូវបានចាត់ទុកថាជាអំពើប្រឆាំងនឹងសាលដីកាតុលាការកំពូល ហើយសមត្ថកិច្ចតុលាការនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងជនល្មើសដោយចៀសមិនផុត។

ចំណុចសំខាន់ទី២៖ ថ្មីៗនេះ រដ្ឋសភាក៍បានអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយបានបើកផ្លូវឲ្យអ្នកជាប់បំរាមតុលាការមិនឲ្យធ្វើ នយោបាយរយៈពេល ៥ឆ្នាំនោះ អាចស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបាន។ ដូច្នេះ ប្រសិនបើអ្នកជាប់បំរាមមានបំណងលើក បំរាមនោះចេញដើម្បីអាចធ្វើសកម្មភាពនយោបាយបានធម្មតាឡើងវិញ ពួកគេត្រូវស្នើសុំទៅក្រសួងមហាផ្ទៃ ឬទៅនាយករដ្ឋមន្ត្រី ឬស្នើត្រង់ទៅព្រះមហាក្សត្រក៏បានដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ហើយផ្ទុយទៅវីញ អ្នកដែលមិនបានស្នើសុំ គឺមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ ហើយបើហ៊ានធ្វើគឺ មានន័យស្មើនឹងប្រឆាំងជាមួយសាលដីការតុលាការដែលជាអំពើខុសច្បាប់។

ដោយឡែក សម្រាប់អ្នកដែលបាន រួចពីបំរាមតាមរយៈការ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរួចហើយនោះ ពួកគេអាចធ្វើសកម្មភាពនយោបាយបានធម្មតាដោយគ្មានការរារាំងឡើយ។ ប៉ុន្តែ គឺពួកគេក៏មិនអាចធ្វើសកម្មភាពក្នុងក្របខណ្ឌគណបក្សដែលតុលាការ បានរំលាយចោលនោះបានដែរ ពីព្រោះគណបក្សនោះត្រូវបានតុលាការចាត់ទុកថាខុសច្បាប់។

ក្នុងន័យនេះ អ្នកដែលត្រូវបានតុលាការខេត្តបាត់ដំបងកោះហៅឲ្យទៅបំភ្លឺនៅពេលនេះគឺប្រហែលមកពីតុលាការចាប់បាន ភស្តុតាង ឬសង្ស័យថា បានធ្វើសកម្មភាពប្រឆាំងនឹងសាលដីកាតុលាការំពូលដូចដែលបានលើកឡើងខាងដើម។

ដូច្នេះ ប្រសិនបើសាមីជនយល់ឃើញថា ខ្លួនមិនបានធ្វើអ្វីខុសពីសាលដីកាតុលាការទេ នោះគ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយពោលគឺមិនត្រូវខ្លាចស្រមោលខ្លួនឯងឡើយ។

ការឆ្លើយបំភ្លឺដោយស្មោះត្រង់ជាមួយតុលាការជាការគ្រប់គ្រាន់ដើម្បីការពារខ្លួនថា ពិតជាមិន បានធ្វើសកម្មភាពណាមួយប្រឆាំងនឹងសាលដីកាតុលាការឡើយ ដូចសុភាសិតបូរាណខ្មែរពោលថា «មាសសុទ្ធមិនខ្លាចភ្លើង»

ចំណែកអ្នកណាដែលបានប្រឆាំងនឹងសាលដីកាតុលាការកំពូលប្រាកដមែន ពួកគេនឹងត្រូវចាត់ការតាមនីតិវិធីច្បាប់។

រឿងសំខាន់មួយទៀតដែលត្រូវ ចងចាំដែរនោះគឺ ចំពោះករណីក្តីក្តាំនៅតុលាការ ការតតាំងគ្នាអាចធ្វើបានតែតាមរយៈផ្លូវច្បាប់តែ មួយគត់ពោលគឺ គេត្រូវរកមេធាវី ដែលពូកែដើម្បីតតាំងរឿងក្តីតាម រយៈការផ្តល់ភស្តុតាង ឬ
ទឡ្ហីករណ៍រឹងមាំដើម្បីការពារខ្លួន។

ជាធម្មតា ទោះនៅប្រទេសណាក៏ដូចគ្នាដែរ អ្នកចាញ់ក្តីមិនដែលសប្បាយចិត្តនឹងតុលាការឡើយ។ ពួកគេតែងចោទតុលាការថាបានសម្រេចក្តីដោយអយុត្តិធម៌ ហើយបដិសេធ ឬតវ៉ាចំពោះការ សម្រេចនោះ។ ប៉ុន្តែ នៅក្នុងការ តវ៉ា គេមិនអាចប្រមូលមនុស្សទៅ រារាំងឬដាក់សម្ពាធលើតុលាការ បានឡើយពីព្រោះនោះជាទង្វើខុសច្បាប់។

ករណីសកម្មជនអតីតបក្សប្រឆាំងដែលតុលាការខេត្តបាត់ដំបងកោះហៅនៅពេលនេះគឺជា ឧទាហរណ៍មួយ។ មានអ្នកញុះញង់ឲ្យប្រមូលផ្តុំគ្នាដើម្បីធ្វើ សកម្មភាពប្រឆាំងនឹងតុលាការ។ ខ្ញុំកត់សំគាល់ឃើញថាភាគច្រើន នៃអ្នកដែលបានញុះញង់ គឺជា មន្ត្រី អ្នកនយោបាយអតីតបក្សប្រឆាំងនៅក្រៅប្រទេសដោយពួកគេយល់ថា ខ្លួនមានសុវត្ថិភាព និងរស់នៅស្រួលឯបរទេសដែលអាជ្ញាធរខ្មែរមិនងាយអាចធ្វើអ្វីពួកគេបានឡើយបើទោះបីជាពួកគេប្រព្រឹត្តអំពើខុសច្បាប់យ៉ាងណាក្តី។ ពួកគេមិនហ៊ានចូលមកក្នុងប្រទេសដើម្បីធ្វើសកម្មភាពនយោបាយនោះទេពីព្រោះពួកគេដឹងច្បាស់ថា នោះជាអំពើខុសច្បាប់ ហើយបើហ៊ានធ្វើ នឹងត្រូវទទួលទោស។ ដូច្នេះពួកគេនៅសល់តែជម្រើសមួយគត់ នោះគឺពួកគេប្រើប្រាស់ពលរដ្ឋក្នុងស្រុកដែលជាអតីតមន្ត្រី សកម្មជន ឬអ្នកគាំទ្រឲ្យទទួលថ្មបាក់ជំនួស។ ហើយនៅពេលដែលបងប្អូនធ្វើសកម្មភាពខុសច្បាប់ហើយមានទោសទណ្ឌ គឺ មិនមែនអ្នកនៅក្រៅប្រទេសទាំងនោះមកទទួលទោសជំនួសបងប្អូនឡើយ។ អ្នកទាំងអស់នោះបានត្រឹមតែយកបងប្អូនធ្វើអាជីវកម្មនយោបាយតែប៉ុណ្ណោះដោយមិនខ្វល់ខ្វាយពីសុខទុក្ខ របស់បងប្អូនឡើយ។ បើបងប្អូនមានទុក្ខកាន់តែខ្លាំង ពួកគេកាន់ តែសប្បាយចិត្តពីព្រោះពួកគេអាចធ្វើអាជីវកម្មនយោបាយបានមួយគ្រា។
«របៀបធ្វើនយោបាយ រុញឲ្យខ្លោច រោចឲ្យឆៅ» ដោយយកឈាម និងទឹកភ្នែកពលរដ្ឋជាឈ្នាន់នៅតែពេញនិយមយ៉ាងខ្លាំងនៅក្នុងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា។ នយោបាយបែបនេះតែងតែបង្កភាពក្តៅក្រហាយដល់ប្រទេសជាតិនិងប្រជាជនខ្លួនឯងឥតស្រាកស្រាន។

ដូច្នេះ សូមបងប្អូនកុំចាញ់បោកអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទាំងនោះឲ្យសោះ។ ពួកគេដឹងតែពីរុញសភាពការណ៍ឲ្យឆេះសន្ធោសន្ធៅ។ ប៉ុន្តែ នៅពេលដែលបងប្អូនមានទុក្ខលំបាក ជាប់គុកដោយសារតែអំពើខុសច្បាប់ ពួកគេមិនអាចជួយដោះស្រាយបានឡើយ។ ផ្ទុយទៅវិញ ពួកគេចង់ទុកបញ្ហាតាមរយះការចិញ្ចឹមទំនាស់នេះឲ្យនៅកាន់តែយូរ គឺកាន់តែល្អ។

ករណីលោក កឹម សុខា និងអ្នកជាប់ពន្ធនាគារកន្លងទៅជាឧទាហរណ៍ជាក់ស្តែងស្រាប់ដែលបងប្អូនអាចដកពិសោធន៍ បាន នោះគឺនៅទីបំផុតបានត្រឹមសោកា ហើយថែមទាំងទទួល បានការប្រមាថថាជាប់គុកសិប្បនិម្មិត ឬជាប់គុកដោយបែបនេះគ្មានប្រយោជន៍ឡើយព្រោះមិនអាចធ្វើអ្វីបាន។ មេរៀននេះគួរតែបងប្អូនយល់ដឹងបានហើយ។

ខ្ញុំបានតាមដាននិងបានកត់សំគាល់ឃើញថា ទំនងជាបងប្អូនមិនចាញ់បោកអ្នកនយោបាយទាំងនោះហើយបានជាមិនឃើញមានមនុស្សច្រើនចេញមក ប្រមូលផ្តុំគ្នានៅមុខតុលាការដូចការអំពាវនាវនោះឡើយ។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។ សូមបងប្អូនចងចាំចុះថា ការរារាំង ឬដាក់សម្ពាធលើតុលាការគឺជារឿងខុសច្បាប់។ ដូច្នេះ ចូរ យើងកុំប្រព្រឹត្តអំពើខុសច្បាប់ដែលនឹងនាំទុក្ខទោសដល់ខ្លួនឯង។ ប្រទេសមានច្បាប់ និងស្ថិតក្រោមការគ្រប់គ្រងយ៉ាង រឹងមាំរបស់រដ្ឋាភិបាល។ គ្មានអំពើ ខុសច្បាប់ណាមួយអាចមកផ្តួលរដ្ឋាភិបាលបានឡើយហើយ អាជ្ញាធរក៏នឹងមិនអនុញ្ញាតឲ្យមានការប្រពឹត្តខុសច្បាប់បានដែរ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង