ខ្មែរប៉ុស្ដិ៍ Close

លោក ដូណាល់ ត្រាំ «ចេញគោលការណ៍ធំៗបីចំណុច» ដើម្បីស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ ចំពោះមុខបញ្ហា COVID-19 (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3
លោក ដូណាល់ ត្រាំ «ចេញគោលការណ៍ធំៗបីចំណុច» ដើម្បីស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ ចំពោះមុខបញ្ហា COVID-19 (Video inside) លោក ដូណាល់ ត្រាំ «ចេញគោលការណ៍ធំៗបីចំណុច» ដើម្បីស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ ចំពោះមុខបញ្ហា COVID-19 (Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបង្ហាញគោលការណ៍ណែនាំបីដំណាក់កាល ទៅកាន់អភិបាលរដ្ឋនិមួយៗ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលបានរងផលប៉ះពាល់ដោយសារវិធានការបិទទ្វារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នោះងើបមុខមាត់ឡើងវិញ ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក នៅឯសេតវិមានស្តីអំពីជំងឺ COVID-19 ដែលបានសម្លាប់ពលរដ្ឋអាមេរិកប្រមាណជាង ៣៤,៦០០នាក់ ត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនោះ លោកប្រធានាធិនតី ដូណាល់ ត្រាំ បានអះអាងថា ចំណាត់ការបិទទ្វារយូរពេក អាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងសង្គមសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា «យើងនឹងមិនបើកទាំងអស់ក្នុងពេលតែមួយនោះទេ ប៉ុន្តែជាជំហានដោយប្រុងប្រយ័ត្ន»។

ទន្ទឹមគ្នានោះលោកក៏បានសង្កត់ធ្ងន់ទៀតថា «ការបិទទ្វារប្រទេសយូរពេក រួមផ្សំជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចផងនោះ វានឹងមានការខាតបង់យ៉ាងច្រើន និងធំធេងបំផុតចំពោះសុខភាពសាធារណៈ»។

គោលការណ៍ណែនាំថ្មីរបស់រដ្ឋាភិបាលសហព័ន្ធ បានណែនាំឲ្យរដ្ឋនិមួយៗរបស់ខ្លួនរក្សានិន្នាការធ្លាក់ចុះ នៃករណីឆ្លងជំងឺ COVID-19 រយៈពេលចំនួន ១៤ថ្ងៃជាប់ៗគ្នាសិន មុននឹងអាចចាប់ផ្តើមអនុវត្តដំណើរការបើកទ្វារឡើងវិញ ដែលមានបីដំណាក់កាលដូចខាងក្រោមនេះ៖

* ដំណាក់កាលទី១៖ គោលការណ៍បានណែនាំថា ការជួបជុំគ្នាដែលមានមនុស្សលើសពី ១០នាក់ឡើងទៅគួរតែត្រូវចៀសវាង ប្រសិនបើវិធានការរក្សាគម្លាតពីគ្នា មិនអាចអនុវត្តបានល្អទេនោះ។ ការធ្វើដំណើរទាំងឡាយណាដែលមិនមានភាពចាំបាច់ទេ គួរតែកាត់បន្ថយ ខណៈការធ្វើការតាមប្រព័ន្ធទូរគមនាគមន៍ គួរតែត្រូវបានលើកទឹកចិត្ត។ នៅក្នុងដំណាក់កាលទី១នេះ សាលារៀននៅតែបន្តបិទទ្វារ ប៉ុន្តែកន្លែងសាធារណៈធំៗ ដូចជារោងកុន ភោជនីយដ្ឋាន និងទីកន្លែងគោរពបូជាបែបសាសនាជាដើម អាចបើកដំណើរឡើងវិញបាន ជាមួយនិងការអនុវត្តវិធានការសុខភាពតឹងរ៉ឹង។

* ដំណាក់កាលទី២៖ គោលការណ៍បានណែនាំថា ការជួបជុំគ្នាដែលមានមនុស្សលើសពី ៥០នាក់ឡើងទៅគួរតែត្រូវចៀសវាង ប្រសិនបើវិធានការរក្សាគម្លាតពីគ្នាមិនអាចអនុវត្តបានល្អទេនោះ។ ចំណែកឯ ការធ្វើដំណើរដែលមិនចាំបាច់អាចបន្តឡើងវិញបាន ព្រមទាំងសាលារៀន និងក៏ត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញផងដែរ។
* ដំណាក់កាលទី៣៖ គោលការណ៍ចុងក្រោយនេះ គឺជាការលើកបទបញ្ជាដាក់កំហិតទាំងអស់ឡើងវិញ ដោយអនុញ្ញាតឲ្យជីវភាពប្រជាជន ត្រឡប់ទៅកាន់ភាពប្រក្រតីធម្មតាវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកបានឆ្លងផុតចំណុចកំពូល (Peak) នៃការឆ្លងរាលដាលជំងឺ COVID-19 រួចទៅហើយ ខណៈរដ្ឋមួយចំនួនកំពុងត្រៀមបើកទ្វារឡើងវិញ ក្នុងន័យចាប់ផ្តើមដំណើរការសេដ្ឋកិច្ច៕