ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាចនៃរបប “កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាចនៃរបប “កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយដែលបន្ទាប់មកបានក្លាយទៅជារបប “ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅថា “របបខ្មែរ ក្រហម”។ លោកបានលើកឡើងដូចនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់បន្តថា:
ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាក ចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ។
រីឯសិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាននៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៏មួយកំប្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ក្រោមការគ្រប់គ្រងនឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង ៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធិមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។ លោកបន្ថែមថា យើងចងចាំរបបដ៏ព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕