ខ្មែរប៉ុស្ដិ៍ Close

ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទី៣របស់កម្ពុជា អនុភាព៦០មេហ្កាវ៉ាត់ ត្រូវបានដាក់ឲ្យដំណើរការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ បច្ចេកវិទ្យា 77
ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទី៣របស់កម្ពុជា អនុភាព៦០មេហ្កាវ៉ាត់ ត្រូវបានដាក់ឲ្យដំណើរការ ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទី៣របស់កម្ពុជា អនុភាព៦០មេហ្កាវ៉ាត់ ត្រូវបានដាក់ឲ្យដំណើរការ

(កំពង់ឆ្នាំង)៖ អគ្គិសនីកម្ពុជា ទើបបានដាក់ឲ្យដំណើរការ ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ ដែលជាថាមពលស្អាត មានទីតាំងនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព៦០មេហ្កាវ៉ាត់នេះ បានតភ្ជាប់ចូលបណ្តាញជាតិរួចរាល់ហើយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដែលគិតទាំងស្ថានីយទី៣ ធ្វើឲ្យប្រភពថាមពលស្អាតរបស់កម្ពុជា តចូលបណ្តាញជាតិ កើតឡើងជិត២០០មេហ្គាវ៉ាត់។

លោក កែវ រតនៈ បញ្ជាក់ថា សម្រាប់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពរហូតដល់៦០មេហ្គាវ៉ាត់ ទី៣នៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដោយក្រុមហ៊ុន Schneitec Renewable Co., Ltd ជាក្រុមហ៊ុនក្នុងស្រុក ដែលបានទទួលសម្បទានពីរាជរដ្ឋាភិបាល និងភ្ជាប់ជាមួយបណ្ដាញជាតិដោយអគ្គិសនីកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ក្នុងគោលដៅបង្កើនប្រភពផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការ និងដើម្បីជួយបង្កើនសមាមាត្ររបស់ថាមពលកកើតឡើងវិញ ទៅក្នុងបណ្ដាញជាតិ។

លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា «គម្រោងនេះក្រៅពីផ្តល់ថាមពលបានមកពន្លឺព្រះអាទិត្យ ជាថាមពលកកើតឡើងវិញ ហើយជាថាមពលស្អាតហើយនោះ ក៏ជាគម្រោងវិនិយោគឯកជន ដោយក្រុមហ៊ុនក្នុងស្រុក និងមានវិស្វករ កម្មករដែលសុទ្ធសឹងតែជាខ្មែរផងដែរ។ មួយវិញទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺនៅតែមានគោលដៅ ដើម្បីបង្កើនសមាមាត្រថាមពលកកើតឡើងវិញគ្រប់រូបភាព និងរាប់ទាំងថាមពលពន្លឺព្រះអាទិត្យនេះ ឲ្យកាន់តែច្រើន នៅក្នុងបណ្ដាញជាតិថែមទៀត»។

សូមបញ្ជាក់ផងដែរថា គិតរហូតមដល់ពេលនេះ កម្ពុជាមានស្ថានីយផលិតថាមពល ដើរដោយពន្លឺព្រះអាទិត្យចំនួន៣ទីតាំងរួចហើយ គឺទី១ មានអនុភាព១០មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង, ទី២៖ មានអនុភាព៨០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពងខេត្តកំពង់ស្ពឺ ជិតនឹងរាជធានីភ្នំពេញ, និងគម្រោងទី៣ ទើបដាក់ឲ្យដំណើរការមានអនុភាព៦០មេហ្គាវ៉ាត់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ៕

អត្ថបទទាក់ទង