សាកលវិទ្យាល័យរដ្ឋ ថ្មីចែសនៅខេត្តក្រចេះ បង្ហាញរចនាប័ទ្មខ្មែរគួរឲ្យភ្ញាក់ផ្អើល
សាកលវិទ្យាល័យក្រចេះ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋទី១ នៅខេត្តក្រចេះ នឹងបើកសម្ពោធជាផ្លូវការថ្ងៃស្អែកនេះបានចំណាយប្រាក់សាងសង់រហូតដល់ ១២លានដុល្លារ ក្នុងនោះ ១០លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និង២លានដុល្លារទៀត ជាជំនួយឥតសំណងរបស់អង្គការមូលនិធិឧត្តមសិក្សាក្រចេះ ។
អ្វីដែលគួរឲ្យកត់សម្គាល់សំណង់អគារនៃសាកលវិទ្យាល័យត្រូវបានសាងឡើងតាមរចនាប័ទ្មស្ថាបត្យកម្មខ្មែរ បានបង្កើតអគារសិក្សាជាច្រើនរួមមាន៖ អគារបណ្ណាល័យ, អគារអភិសាលប្រជុំ, អគារសិក្សា, អគារពិសោធន៍, អគាររោងជាង, អគារអាហារដ្ឋាន, អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី, អគារវិទ្យាស្ថានមច្ឆ-វិទ្យា, អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា, ផ្ទះស្នាក់របស់សាកលវិទ្យាធិការ, និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ-ផ្សេងៗទៀត។
សាកលវិទ្យាល័យនេះ ដែលមានមហាវិទ្យាល័យ គឺផ្នែកវិទ្យាសាស្រ្តកសិកម្ម, វិទ្យាសាស្រ្តសត្វ និងបសុពេទ្យ, កសិ-ឧស្សាហកម្ម, វិស្វកម្ម, គ្រប់គ្រងអាជីវកម្ម។ មិនតែប៉ុណ្ណោះ សកលវិទ្យាល័យក្រចេះ មាន៣ វិទ្យាស្ថាន គឺវិទ្យាស្ថានមច្ឆវិទ្យា, បចេ្ចកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា, និងវិទ្យាស្ថានភាសា ដែលមានបង្រៀនភាសាអង់គ្លេស និងចិន។
សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់ជូនអាហារូបរកណ៍ ១០០% ចំនួន ៣០០ កន្លែង ដល់សិស្សានុសិស្ស ដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ អាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅក្នុងខេត្តនេះបាន៕
ប្រភព៖ Sabay