ខ្មែរប៉ុស្ដិ៍ Close

Henry Kissinger: ការយឺតយ៉ាវលើការដោះស្រាយវិបត្ដិ COVID-19 អាចធ្វើឲ្យអាមេរិកចុះខ្សោយ ហើយភ្លើងឆេះពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46

អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Henry Kissinger បានចេញសេចក្តីព្រមានដ៏ធ្ងន់ធ្ងរមួយថា ពិភពលោកនឹងមិនដូចមុនទេបន្ទាប់ពីជំងឺរាតត្បាតឆ្លងនិងការបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចអាចធ្វើឱ្យពិភពលោកមានភ្លើងឆេះ។

លោក Kissinger ដែលបម្រើការជាមួយប្រធានាធិបតី លោក Richard Nixon និងលោក Gerald Ford បានបញ្ចេញទស្សនៈក្នុងកាសែត Wall Street Journal កាលពីថ្ងៃសុក្រថា វីរុសកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ពិភពលោកដែលមិនធ្លាប់មានពីមុនមក ហើយអណ្តាតភ្លើងណាមួយផ្ទុះឡើង គឺវានឹងផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកជារៀងរហូត។

អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ បានបង្ហាញឲ្យឃើញពីការខ្វះខាតរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះស្រាយជំងឺឆ្លងនេះ។ គាត់បាននិយាយថា ការឆ្លងជំងឺនេះកើនឡើងទ្វេដងជារៀងរាល់ថ្ងៃ ដោយគ្មានការព្យាបាល គ្មានវ៉ាក់សាំង និងការធ្វើតេស្តិ៍មិនគ្រប់គ្រាន់ ដើម្បីកំណត់ពីទំហំនៃការឆ្លងទេ ខណៈចំនួនអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមានចំនួនលើសលប់ពេក។

គិតត្រឹមព្រឹកថ្ងៃចន្ទ នៅសហរដ្ឋអាមេរិកបានរកឃើញមានករណីឆ្លងចំនួន ៣៣៧.៦២០ ករណី និងមានអ្នកស្លាប់ ៩.៦៤៣ នាក់។ មនុស្ស ១៧.៥៣០ នាក់បានជាសះស្បើយពីជំងឺនេះ។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នៃសេតវិមានបានព្យាករណ៍ថា ជនជាតិអាមេរិក ចន្លោះពី ១០០.០០០ ទៅ ២៤០,០០០ នាក់ អាចនឹងស្លាប់ដោយសាររោគរាតត្បាតនេះបើទោះជាមានការបញ្ជាឲ្យបន្តស្នាក់នៅផ្ទះក៏ដោយ។

អតីតមន្ត្រីជើងចាស់ក្នុងវិស័យការទូតបាននិយាយថា មេដឹកនាំពិភពលោកបានដោះស្រាយវិបត្តិជាមូលដ្ឋានក្នុងប្រទេសជាតិខ្លួនឯងមួយ ប៉ុន្តែសហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើការយ៉ាងឆាប់រហ័ស ដើម្បីរកដំណោះស្រាយ ដើម្បីស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងការពារ «សណ្តាប់ធ្នាប់ពិភពលោក ដែលបន្តប្រកាន់ប្រព័ន្ធបែបសេរី»។

ការព្យាករណ៍ ភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលនឹងអាចផ្ទុះឡើង គឺនឹងអាចមានរយៈពេលយូរហើយប៉ះទៅមនុស្សជំនាន់ក្រោយ។ គ្មានប្រទេសណាមួយ សូម្បីសហរដ្ឋអាមេរិក អាចប្រឹងប្រែងយកឈ្នះវីរុសនេះក្នុងរយៈពេលឆាប់បានទេ។

លោក Kissinger បានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើការជាមួយពិភពលោកទាំងមូលដោយគូសបញ្ជាក់ថា «ភាពចាំបាច់ចំពោះមុខនៅពេលនេះ ត្រូវតែប្រមូលផ្តុំកិច្ចប្រឹងប្រែងរួម បង្កើតឡើងនូវចក្ខុវិស័យនិងកិច្ចសហប្រតិបត្តិការជាសកល»។

ក្នុងន័យនេះ លោក Kissinger បានស្នើឱ្យបោះជំហ៊ាន៣ដំណាក់កាល ដែលសហរដ្ឋអាមេរិកគួរតែធ្វើ។ ទី១ ខិតខំរកឲ្យឃើញនូវវ៉ាក់សាំងនិងវិធីព្យាបាល រួមទាំងបង្កើតឡើងនូវបច្ចេកវិទ្យាថ្មីសម្រាប់គ្រប់គ្រងការឆ្លងនេះ។

ជំហ៊ានទី២ គឺព្យាបាលមុខរបួសផ្នែកសេដ្ឋកិច្ចពិភពលោក ដែលបានរងផលប៉ះពាល់។ លោក Kissinger បាននិយាយថា វីរុសនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក្នុងល្បឿនលឿនមិនធ្លាប់មានពីមុនមកនៅទូទាំងពិភពលោក ហើយស្ថានភាពកាន់តែស្មុគស្មាញ «មិនដូចអ្វីដែលធ្លាប់ដឹងនៅក្នុងប្រវត្តិសាស្ត្រ» ហើយសហរដ្ឋអាមេរិកគួរតែមានផែនការការពារផលប៉ះពាល់ ពីភាពវឹកវរនាពេលខាងមុខ លើប្រជាជនដែលងាយរងគ្រោះបំផុតនៅលើពិភពលោក។

ជំហានទី៣ និងចុងក្រោយដែល លោក Kissinger បានកត់សម្គាល់គឺ រកវិធានការការពារសណ្តាប់ធ្នាប់ពិភពលោក ក្រោមគោលការណ៍ពិភពសេរីនិយម។ លោកបានសរសេរថា៖ «ប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកត្រូវតែការពារ និងទ្រទ្រង់គុណតម្លៃសេរីនិយម» ដោយបន្តផ្តល់នូវសន្តិសុខសណ្តាប់ធ្នាប់ សុខុមាលភាពសេដ្ឋកិច្ច និងយុត្តិធម៌ដែលជាតម្រូវការមូលដ្ឋានរបស់ប្រជាជន។ ការដកខ្លួន ឬការថមថយតុល្យភាពអំណាច នឹងធ្វើឱ្យទំនួលខុសត្រូវសង្គមបែកបាក់ទាំងក្នុងស្រុកប្រទេសអាមេរិក និងនៅឆាកអន្តរជាតិ៕ Swift News

អត្ថបទទាក់ទង