ខ្មែរប៉ុស្ដិ៍ Close

វីរុសកូវីដ-១៩ ទម្រង់ថ្មីទទួលបានឈ្មោះថ្មីតាមតួអក្សររបស់ក្រិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
វីរុសកូវីដ-១៩ ទម្រង់ថ្មីទទួលបានឈ្មោះថ្មីតាមតួអក្សររបស់ក្រិក វីរុសកូវីដ-១៩ ទម្រង់ថ្មីទទួលបានឈ្មោះថ្មីតាមតួអក្សររបស់ក្រិក

វីរុសកូវីដ-១៩ ទម្រង់ថ្មី ជាមួយនឹងឈ្មោះដែលពោរពេញទៅដោយអក្សរ និងលេខដ៏ស្មុគស្មាញ ត្រូវបានកំណត់ឈ្មោះឡើងវិញជាមួយនឹងការប្រើប្រាស់អក្សរក្រិក (Greek Alphabet) ដើម្បីផ្តល់ភាពងាយស្រួល ដល់ការពិភាក្សានិងការបញ្ចេញសំឡេង។

អង្គការសុខភាពពិភពលោក បានបង្ហាញឈ្មោះថ្មីនេះកាលពីថ្ងៃចន្ទ ចំពេលកើតមានការរិះគន់ថា «ឈ្មោះដែលអ្នកវិទ្យាសាស្ត្រផ្តល់ឱ្យវីរុសទម្រង់ថ្មីៗ ដូចជាវីរុសទម្រង់ថ្មីរបស់អាហ្រ្វិកខាងត្បូង ដែលមានឈ្មោះច្រើន ដូចជា B1351, 501Y.V2 និង 20H / 501Y.V2 គឺមានភាពស្មុគស្មាញខ្លាំងណាស់»។

ដូច្នេះ វីរុសទម្រង់ថ្មីចំនួន ៤ ដែលត្រូវបានទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ចាត់ថ្នាក់ជា «វីរុសទម្រង់ថ្មីដ៏គួរឱ្យព្រួយបារម្ភ» និងដែលត្រូវបានសាធារណជនស្គាល់ជាទូទៅថាជាវីរុសទម្រង់ថ្មីរបស់ចក្រភពអង់គ្លេស, អាហ្រ្វិកខាងត្បូង, ប្រេស៊ីល និងឥណ្ឌា នឹងទទួលបានឈ្មោះថ្មីរៀងគ្នា គឺ «Alpha, Beta, Gamma និង Delta» ហើយវីរុសទម្រង់ថ្មីៗដទៃទៀត នឹងត្រូវបានផ្តល់ឈ្មោះបន្តពីអក្សរទាំងនេះ។

ជម្រើសនៃការប្រើប្រាស់អក្សក្រិកនេះ បានកើតឡើង បន្ទាប់ពីមានការពិភាក្សាគ្នាអស់រយៈ ពេលជាច្រើនខែ។

បើផ្អែកតាមប្រវត្តិសាស្ត្រ ជារឿយៗឈ្មោះរបស់វីរុសត្រូវបានផ្សារភ្ជាប់ទៅនឹងទីតាំង ដែលវីរុសបានផ្ទុះឡើងជាលើកដំបូង តួយ៉ាងដូចជាវីរុស Ebola ដែលត្រូវបានគេដាក់ឈ្មោះតាម ទន្លេកុងហ្គោ (Congolese River)។

ប៉ុន្តែ បញ្ហានេះអាច បង្កផលប៉ះពាល់ដល់ទីតាំងនានាដែលអាចឈានទៅដល់ការរើសអើស និងការស្អប់ខ្ពើមទីតាំងនោះ ហើយជារឿយៗ ការផ្តល់ឈ្មោះបែបនេះមិនមានភាពត្រឹមត្រូវ នោះទេ ដែលជាក់ស្តែង គឺវីរុសរាតត្បាតអេស្ប៉ាញ (Spanish Flu) ដែលប្រភពដើមរបស់វីរុសនេះមិនត្រូវបានគេដឹងនោះទេ៕ Channel News Asia

អត្ថបទទាក់ទង